សម្តេចបវរធិ​បតី៖​រាជរដ្ឋាភិបាលធ្វើអ្វីៗទាំងអ​ស់ក្នុងវិស័យកា​រងារ​គឺដើម្បីអត្ថប្រយោជន៍​ដល់បងប្អូនកម្មករ

ជួបសំណេះសំណាលជាមួយសហជីពសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងសមាគមបុគ្គលិកសិក្សាដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩នៃទិវាពលកម្មអន្តរជាតិ១ឧសភាឆ្នាំ២០២៥ក្រោមប្រធានបទ«រួមគ្នាដើម្បីការងារសមរម្យនិងកំណើនប្រកបដោយចីរភាពនិងភាពធន់»និងការប្រគល់ពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»ការរៀបចំពិធីសំណេះសំណាលក្នុងទិវាពលកម្មអន្តរជាតិ១ឧសភា លើកទី១៣៩ ដ៏ឱឡារិក នាថ្ងៃនេះ គឺបង្ហាញអំពីការយកចិត្តទុកដាក់និង បន្តយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សេចក្តីថ្លៃថ្នូរ ការទទួលស្គាល់ និង ការថ្លែងអំណរគុណដល់ និយោជិត បុគ្គលិក បងប្អូនកម្មករ កម្មការិនីទាំងអស់គ្រប់វិស័យពាក់ព័ន្ធនឹងវិស័យការងារ។រាជរដ្ឋាភិបាលតែងតែបានយកចិត្តទុកដាក់និងគិតគូរក្នុងការបន្តលើកកម្ពស់ការការពារសិទ្ធិ សេរីភាពអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិតនិងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈរួមនិងការផ្តល់អត្ថប្រយោជន៍នានានិងកិច្ចគាំពារសង្គមជូនបងប្អូនកម្មករនិយោជិតគ្រប់រូប។សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថាយើងធ្វើអ្វីៗទាំងអស់ក្នុងវិស័យការងារគឺដើម្បីអត្ថប្រយោជន៍ដល់បងប្អូនកម្មករ កម្មការិនី ទាំងផ្នែកសិទ្ធ ទាំងអត្ថប្រយោជន៍ផ្សេងៗការចរចាតម្លើងបៀវត្សការរៀបចំប.ស.ស.ការរៀបចំសុវត្ថិភាពនៃការដឹកជញ្ជូនការរៀបចំទារកដ្ឋានជាដើម។ល។គឺមិនមែនសំដៅឱ្យទៅអ្នកណាផ្សេងក្រៅពីបងប្អូនដែលជាកម្មករ កម្មការិនី និងកូនចៅនោះទេនេះគឺជាគោលការណ៍ហើយថាការបង្កើតការងារគឺមិនមែនបង្កើតតែបរិមាណនោះទេតែត្រូវគិតពីគុណភាពផងដែរ។ជាពិសេសការគោរពច្បាប់ការងារដោយមិនបណ្តោយឱ្យថៅកែជិះជាន់ដោយគ្មានច្បាប់ការពារនោះទេ។ការថ្លែងបញ្ជាក់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសហជីពសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងសមាគមបុគ្គលិកសិក្សាដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ។

សម្តេចធិបតីបានបន្តថាដើម្បីការពារសិទ្ធិសម្រាប់បងប្អូនកម្មករ កម្មការិនី ច្បាប់បានអនុញ្ញាតឱ្យបង្កើតសហជីពនិងសមាគមនិងបានផ្តល់សិទ្ធិជូនដើម្បីធ្វើការងារជំនាញជួយដល់កម្មករកម្មការិនី។នេះគឺជានិយមន័យនៃការរៀបចំ ការគិតគូរាប់តាំងពីការធ្វើដំណើររបស់បងប្អូនកម្មករ កម្មការិនី រួមទាំងអ្នកបើកបរថែមទៀតផងដោយយើងបានរកដំណោះស្រាយដើម្បីកុំឱ្យបងប្អូនជាអ្នកបើកបរបាត់អាជីពពួកគាត់ក៏ជាអ្នកដែលយើងត្រូវគិតគូផងដែរ។ក្នុងនាមរាជរដ្ឋាភិបាលនិងក្នុងនាមខ្លួនសម្តេចផ្ទាល់ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានសម្តែងនូវអំណរគុណចំពោះក្រសួង ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គ្រប់រាជធានី ខេត្ត ក៏ដូចជាស្ថានតំណាងកម្ពុជានៅក្រៅប្រទេស និងគ្រប់យន្តការទាំងអស់ ដែលបានចូលរួមសហការបំពេញភារកិច្ចពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីទាញយក និងការពារអត្ថប្រយោជន៍ជូនបងប្អូនកម្មករ កម្មការិនី។ក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាគឺជាកាលានុវត្តភាព សម្រាប់ទាក់ទាញវិនិយោគផ្ទាល់ពីបរទេស និងក្នុងប្រទេស ដែលតាមរបាយការណ៍ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគសរុប ចំនួន១៧២គម្រោងដែលមានទុនវិនិយោគសរុបប្រមាណ២,៥ពាន់លានដុល្លារអាមេរិកនិងអាចបង្កើតការងារចំនួន១២ម៉ឺនកន្លែងនៅក្នុងគម្រោងពង្រីកផលិតកម្មចំនួន៦គម្រោងហើយបើគិតត្រឹមតែមីនាឆ្នាំ២០២៥នេះចំនួនរោងចក្រ សហគ្រាស ដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកើនដល់ ៤៥.២៥៥ រោងចក្រ សហគ្រាស ធៀបនឹងឆ្នាំ២០២៤ មានចំនួន ៤៤.៧៩៨ រោងចក្រ សហគ្រាស ហើយចំនួនកម្មករ និយោជិតបានកើនឡើងពីចំនួន ១,៨១លាននាក់ដល់ចំនួន ១,៨៥ លាននាក់៕ប្រភពSTPM

Powered by Blogger.