កម្ពុជានឹងស្វាគមន៍​មិត្តទាំងអស់ដែល​មកហ្វឹកហ្វឺនរួមគ្នានៅមូលដ្ឋានរា​មនេះដោយគ្មានអ្វីលា​ក់លៀម

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាមនិងមជ្ឈមណ្ឌលភស្តុភារនិងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិនផែរាម ស្ថិតនៅភូមិអុងសង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសថាចាប់ផ្តើមពីថ្ងៃនេះទៅកម្ពុជា នឹងស្វាគមន៍នូវភាគីមិត្តទាំងអស់ដែលចង់មកហ្វឹកហ្វឺនរួមគ្នានៅមូលដ្ឋានរាមនេះដោយគ្មានអ្វីលាក់លៀមនោះទេ។ការថ្លែងប្រកាសរបស់សម្តេចធិបតី ខាងលើនេះដើម្បីឆ្លើយតបនឹងការចោទប្រកាន់ពីសំណាក់បណ្តាប្រទេសមួយចំនួន ដោយចោទកម្ពុជាថា បានយកមូលដ្ឋានទ័ពរាម ធ្វើជាមូលដ្ឋានទ័ពចិនផ្តាច់មុខ ខណៈដែលសម្តេចធិបតី បានបញ្ជាក់ជាថ្មី រដ្ឋធនុញ្ញរបស់កម្ពុជា បានចែងយ៉ាងច្បាស់ថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទស ក្នុងប្រទេសខ្លួនឡើយ ។

សម្តេចធិបតី​ បានថ្លែងថា ទាក់ទងនឹងការធ្វើទំនើបកម្មនៅ មូលដ្ឋានទ័ពជើងទឹករាម រាប់សិបឆ្នាំមកហើយ តែងតែមានការសង្ស័យ និងលើកជាប្រចាំ អំពីការអភិវឌ្ឍ​ធ្វើឱ្យបាត់អធិបតេយ្យភាពរបស់កម្ពុជា ។សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា រាល់ការជួបជាមួយភាគីមិត្ត សម្តេចតែងប្រាប់ថា គ្មានពីណាការពារអធិបតេយ្យភាពកម្ពុជា ជាងកម្ពុជាខ្លួនឯងនោះទេ ។ក្នុងនោះសម្តេចធិបតី គូសបញ្ជាក់ថា ការធ្វើទំនើបកម្ម​កងទ័ព ការបង្កើនសមត្ថភាពប្រយុទ្ធ ការពារទឹកដី ប្រឆាំងគ្រប់រូបភាពសង្គ្រាម មិនថា សង្គ្រាមរវាងកងទ័ពនិងកងទ័ព ឬសង្គ្រាមប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនទាមទារឱ្យកងទ័ពកម្ពុជាកាន់តែមានមូលដ្ឋានច្បាស់លាស់ ខណៈដែលការខិតខំកន្លងទៅរបស់កម្ពុជា នៅក្នុងការពង្រឹងជាប្រចាំ កងទ័ពជើងទឹក មានចាប់តាំងសម័យសង្គ្រាម ដោយបានធ្វើប្រតិបត្តិការទាំងទឹកសាបនិងទឹកប្រៃដើម្បីបង្កើនសមត្ថភាពនៅក្នុងការការពារ និងការប្រមូលព័ត៌មានក្នុងដែនសមុទ្ររបស់ខ្លួន ។

សម្តេចធិបតី​​ សង្កត់ធ្ងន់ថា ការបង្កើនសមត្ថភាពខាងលើនេះ ធ្វើឡើងក្នុងការទប់ស្កាត់នូវការជ្រៀតចូលនៃឧក្រិដ្ឋកម្មឆ្លងដែន ដូចជាគ្រឿងញៀនអាវុធនិងមនុស្សដែលសុទ្ធតែប្រើប្រាស់ឧបករណ៍ទំនើបរបស់អន្តរជាតិ ទាមទារឱ្យកម្ពុជា មានសមត្ថភាព ចេញល្បាតរយៈចម្ងាយឆ្ងាយ ដើម្បីការពារដែនសមុទ្ររបស់ខ្លួន ។សម្តេចធិបតី មានប្រសាសន៍ថា "ឥឡូវកុំពិបាក កាលពី៣-៤ឆ្នាំមុន ដែលយើងបិទមូលដ្ឋានរាម ដើម្បីធ្វើការងារកសាង ទំនើបកម្មនេះ ចាប់ពីឆ្នាំ២០២២មក គេសួរថាបិទធ្វើអី ចង់លាក់បន្ទាយរាមធ្វើអ្វី? តើធ្វើនេះ ដើម្បីអ្វី ម្តេចក៏ចូលមិនបាន ខ្ញុំថា គេកំពុងតែលើកដាក់ គេកំពុងតែសាងសង់ ចូលទៅក្រែងដែកមួយដុំធ្លាក់លើវាបញ្ហា មិនថាភាគីណាទេ គឺយើងពេលនោះ គឺយើងសុំការយោគយល់ ហើយធ្វើ ហើយខ្ញុំប្រាប់ថា តាបើកហើយយើងនឹងស្វាគមន៍ទាំងអស់ ថ្ងៃនេះ នឹងចាប់ផ្តើមពីថ្ងៃនេះទៅ កម្ពុជា នឹងស្វាគមន៍ នូវភាគីមិត្តទាំងអស់ ដែលមកហ្វឹកហ្វឺនរួមគ្នានៅមូលដ្ឋានរាមនេះ យើងគ្មានអ្វីលាក់លៀមទេ"។សូមជម្រាបជូនថាការកសាងឡើងនូវមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា ចិន-ផែរាម ជាការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ នឹងធ្វើទំនើបកម្មពង្រឹងសមត្ថភាពកងទ័ពជើងទឹកកម្ពុជា ដែលធានាដល់កិច្ចការពារជាតិប្រកបដោយប្រសិទ្ធភាព ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាមកម្ពុជានឹងមានសមត្ថភាពកើនឡើងមួយកម្រិតទៀត ក្នុងការគ្រប់គ្រងសភាពការណ៍ក្នុងដែនសមុទ្រកម្ពុជា ដើម្បីបង្ការការពារទប់ស្កាត់និងឆ្លើយតបទៅនឹងឧបទ្ទវហេតុនានាបានទាន់ពេលវេលានិងមានប្រសិទ្ធភាពនិងមានឱកាសកាន់តែទូលំទូលាយនៅក្នុងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខលំហសមុទ្រជាមួយដៃគូអន្តរជាតិ និងក្នុងក្របខណ្ឌតំបន់ស្របតាមគោលនយោបាយជាតិនិងយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខលំហសមុទ្ររបស់កម្ពុជា៕ប្រភពSTPM 
Powered by Blogger.