សម្តេចបវរធិ​បតី៖ដឹក​នាំដោយបក្សប្រជា​ជនកម្ពុជាមិនរត់ចោ​លប្រជាជន​ពេលមានទុក្ខលំបា​កសង្រ្គាមឬជំងឺ​រាតត្បា​តដូចកូវីដ​១៩ឡើយ

ប្រសាសន៍សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជារាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានៅជាមួយប្រជាជនជានិច្ច មិនរត់ចោលប្រជាជនពេលមានទុក្ខលំបាកមិនថាពេលមានសង្រ្គាមឬជំងឺរាតត្បាតដូចកូវីដ១៩ឡើយ។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ស្ថិតនៅភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះសម្ដេចធិបតីបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋបន្តជឿទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជន។សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា«ពិតណាស់ យើងមានវិធានការគ្រប់គ្រាន់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទោះបីជាសង្រ្គាម មិនថា សង្រ្គាមជាមួយកូវីដមិនថាសង្រ្គាមពាណិជ្ជកម្មមិនថាឥទ្ធិពលពីសង្រ្គាមនៅតំបន់ផ្សេងៗទៀត រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅជាមួយប្រជាជនជានិច្ច ហើយខិតខំរកវិធីសាស្ត្រដើម្បីជួយជីវិត ជួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សូមជឿទុកចិត្តចុះ យើងអត់ដែលរត់ចោលទេ ហើយយើងក៏មិនដែលយកលេស ហេតុផលអីក៏ដោយ មានមូលហេតុដែលយើងត្រូវបញ្ជូនសារឱ្យពន្យល់ បងប្អូនខ្លះគាត់ឆ្ងល់ថា ហេតុអ្វី រដ្ឋាភិបាលចន្លោះនេះ ចន្លោះនោះ ក្រសួងស្ថាប័នត្រូវចេញទី១ពន្យល់ឱ្យមហាជនបានយល់ បងប្អូនខ្លះថា អាហ្នឹងជាការដោះសារ អត់ទេ»។គួរឲ្យដឹងដែរថា ផ្លូវជាតិទាំង៣ខ្សែខាងលើត្រូវបានអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន(CRBC)និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអានដោយបានគ្រោងប្រើប្រាស់រយៈពេលសាងសង់ចំនួន៤០ខែដូចគ្នានៅក្នុងផែនការ។ប៉ុន្តែតាមការអនុវត្តគម្រោងជាក់ស្តែងគឺបានបញ្ចប់នៅដើមឆ្នាំ២០២៥នេះមុនផែនការកំណត់។ គម្រោងនេះ បានចំណាយថវិកាសរុបប្រមាណ ១៨៨លានដុល្លារអាម៉េរិក ក្នុងនោះ ផ្លូវជាតិលេខ៣១ ប្រមាណ ៦០លានដុល្លារអាម៉េរិក, ផ្លូវជាតិលេខ៣៣ ប្រមាណ ៦១លានដុល្លារអាម៉េរិក និងផ្លូវជាតិលេខ៤១ ប្រមាណ៦៧លានដុល្លារអាម៉េរិកដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនរួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។ផ្លូវទាំង៣ខ្សែនេះតភ្ជាប់ប្រទាក់ក្រឡារវាងខេត្តចំនួន៥នាទិសនិរតីនៃប្រទេសកម្ពុជា មានខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពត និងខេត្តកែបដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើនក្នុងការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចក្នុងតំបន់ដោយធ្វើឱ្យប្រសើរឡើងនូវលំហូរចរាចរណ៍ ក៏ដូចជាប្រព័ន្ធឡូជីស្ទីក និងការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ព្រមទាំងការដឹកជញ្ជូននិងការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជាភ្ជាប់ទៅតំបន់ជាប់ព្រំដែន៕ប្រភពSTPM

Powered by Blogger.