ពន្ធនាំចូលសហរដ្ឋអាមេរិកកម្ពុជាបាននិងកំពុងតាមដានបញ្ហានេះជាប្រចាំដើម្បីដាក់ចេញវិធានការចាំបាច់ក្នុងការគ្រប់គ្រងសភាពការណ៍
នៅក្នុងជំនួបសម្ដែង ការគួរសមជាមួយ លោក Kenichiro Kashiwase ប្រធានបេសកកម្មនៃមូលនិធិរូបិយវត្ថុអន្ដរជាតិ(IMF)លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ បានបញ្ជាក់ជារួម នូវស្ថានភាពសេដ្ឋកិច្ចកម្ពុជាដែលរក្សាបាននៅភាពធន់ល្អនៅចំពោះមុខស្ថានភាពមិនប្រាកដប្រជាខ្ពស់នៃកត្តាខាងក្រៅក្ដីក្នុងនោះវិស័យខ្លះមានភាពប្រសើរជាងការរំពឹងទុក ខណៈវិស័យផ្សេងមួយចំនួនទៀត អាច ប្រឈមនឹងការថមថយជាងការប៉ាន់ស្មានកាលពីដើមឆ្នាំ។នេះបើតាមការចុះផ្សាយAKP។លោកអគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជាការផ្លាស់ប្តូរភ្លាមៗតាមរយៈគោលនយោបាយគាំពារនិយមនិងសង្គ្រាមពាណិជ្ជកម្មដែលបានលេចកើនឡើងកាន់តែខ្លាំង និងឥតព្រាងទុក ជាពិសេសគោលនយោបាយ បដិការពន្ធនាំចូល (Reciprocal Tariffs) របស់សហរដ្ឋអាមេរិក, បញ្ហានេះ រាជរដ្ឋាភិបាលបាននិងកំពុងតាមដានបញ្ហានេះជាប្រចាំ ហើយបានរៀបចំភ្លាមៗនូវក្រុមការងារដើម្បីវាយតម្លៃអំពីកម្មវិបាកនៃគោលនយោបាយបដិការពន្ធនាំចូលរបស់សហរដ្ឋអាមេរិក ដើម្បី ដាក់ចេញវិធានការចាំបាច់ក្នុងការគ្រប់គ្រងសភាពការណ៍ធានាស្ថិរភាពពាណិជ្ជកម្ម ជាមួយដៃគូអន្តរជាតិ ក៏ដូចជាដើម្បីលើកកម្ពស់ ភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងរយៈពេលខ្លីនិងមធ្យមខាងមុខ។
![]() |
ចំណែកលើទិដ្ឋភាពហិរញ្ញវត្ថុសាធារណៈសម្រាប់រយៈពេលមធ្យម, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានបង្ហាញពីការគិតគូរ របស់រាជរដ្ឋាភិបាល ក្នុងការបន្តពង្រឹងការប្រមូលចំណូល, បង្កើនប្រសិទ្ធភាពចំណាយព្រមទាំងកសាងទ្រនាប់ថវិកាឡើងវិញជាដើម ។ ជាក់ស្តែង,រាជរដ្ឋាភិបាលទើបបានដាក់ចេញឱ្យអនុវត្តនូវ «យុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា»កាលពីដើមឆ្នាំ២០២៥និងកំពុងត្រៀមដាក់ចេញនូវគោលនយោបាយផ្សេងៗទៀតដូចជា «កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្មនិងពង្រឹងភាពធន់ ដើម្បីកំណើនសេដ្ឋកិច្ចនៅក្នុងបរិការណ៍សកលដែលមានភាពមិនប្រាកដប្រជាខ្ពស់ឆ្នាំ២០២៤-២០២៨»និង«ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ២០២៦-២០២៨»ផងដែរ។លោក Kenichiro Kashiwase បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាលើភាពបុរេសកម្ម និងម្ចាស់ការក្នុងការគ្រប់ គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងផ្លែផ្កាកំណើនដែលកម្ពុជាទទួលបាននាពេលកន្លងមក និងការឈានទៅសម្រេច គោលដៅរយៈពេលវែងខាងមុខ។ ជាមួយគ្នានេះ, ក្រុមការងារ IMF ក៏នឹងបន្តតាមដាន និងវាយតម្លៃស្ថានភាពនិងកម្មវិបាកនៃគោលនយោបាយរបស់សហរដ្ឋអាមេរិកមកលើសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាត្រៀមផ្តល់អនុសាសន៍ និងកិច្ចសហការជាមួយរាជរដ្ឋា- ភិបាលកម្ពុជាដើម្បីធានាចីរភាព និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ។ IMF ក៏ប្តេជ្ញាបន្តផ្តល់នូវជំនួយបច្ចេកទេសលើចំណុចអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលទ្ធភាពនៃការអនុវត្ត Policy Coordination Instruments(PCI) ដែលជាគំនិតផ្តួចផ្តើមរបស់ IMF ក្នុងការជួយសម្រួលនិងពង្រឹងកិច្ចសន្ទនាជាមួយប្រទេសដៃគូក្នុងការងារកែទម្រង់នានា និងកៀរគរប្រភពហិរញ្ញប្បទាន៕
Post a Comment