នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយរវាងកម្ពុជា-ចិនក្រោយបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋរបស់លោកស៊ីជីនពីងប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិននៅលើទឹកដីកម្ពុជាពីថ្ងៃទី១៧ ដល់១៨ ខែមេសា ឆ្នាំ២០២៥បានឲ្យដឹងថាកម្ពុជានិងចិនបានបង្ហាញគំនិតផ្តួចផ្តើមអភិវឌ្ឍសកល គំនិតផ្តួចផ្តើមសន្តិសុខសកលនិង គំនិតផ្តួចផ្តើមអរិយធម៌សកល បន្ថែមពីលើគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវសម្រាប់អនុវត្តន៍ក្នុងទិសដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល និងក្នុងយុគសម័យថ្មី។ភាគីកម្ពុជាជឿជាក់ថាគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកលនឹងនាំមកនូវការការពារផលប្រយោជន៍រួមរបស់មនុស្សជាតិ ការលើកកម្ពស់បុព្វហេតុសន្តិភាព យុត្តិធម៌ និងវឌ្ឍនភាពរបស់ប្រជាជនទូទាំងសកលលោកហើយឆ្លុះបញ្ចាំងពីបំណងប្រាថ្នារួមសម្រាប់ពិភពលោកមួយល្អប្រសើរ។ភាគីទាំងពីរនឹងបន្តប្រឹងប្រែងជំរុញការអនុវត្តគំនិតផ្តួចផ្តើមទាំងនេះ និងរួមចំណែក ជាវិជ្ជមានក្នុងការរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់និងពិភពលោក។ចំពោះការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលគឺភាគីទាំងពីរបានប្តេជ្ញាប្រកាន់ខ្ជាប់ទស្សនៈអភិវឌ្ឍន៍ផ្តោតលើប្រជាជន ផ្តល់អាទិភាព ដល់ការអភិវឌ្ឍ និងជីវភាពរស់នៅរបស់ប្រជាជន។ចំពោះការអនុវត្តគំនិតផ្តួចផ្តើមសន្តិសុខសកល គឺភាគីទាំងពីរគាំទ្រចក្ខុវិស័យសន្តិសុខរួម គ្រប់ជ្រុងជ្រោយ ប្រកបដោយកិច្ចសហប្រតិបត្តិការ និងចីរភាពព្រមទាំង គោរពអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី គោលបំណងនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
ចំពោះការអនុវត្តគំនិតផ្តួចផ្តើមអរិយធម៌សកល គឺភាគីទាំងពីរនឹងបន្តការផ្លាស់ប្តូរវប្បធម៌ និងប្រជាជនក្នុងក្របខណ្ឌទ្វេភាគី និង ពហុភាគី ដើម្បីសម្រួលដល់ការផ្លាស់ប្តូរ និងការស្វែងយល់ពីគ្នាទៅវិញទៅមកក្នុងចំណោមអរិយធម៌នានា។
 |
|
ចំពោះការអនុវត្តគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវគឺភាគីទាំងពីរបាន ឯកភាពគ្នាលើកកម្ពស់ការបន្សំគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ និងយុទ្ធសាស្ត្របញ្ចកោណព្រមទាំងអនុវត្តចំណុចនៃផែនការកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផ្លូវ សូត្រ និងកិច្ចសហប្រតិបត្តិការផ្លូវសូត្រសមុទ្រសតវត្សទី២១ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។គំនិតផ្តួចផ្តើមខាងលើនេះ ធ្វើឡើងក្រោយពេលដែលសេដ្ឋកិច្ច នយោបាយ និងស្ថានភាពបរិស្ថានពិភពលោកមានការប្រែប្រួល ហើយ វិស័យវិទ្យាសាស្ត្របច្ចេកវិជ្ជាក៏មានការីកចំរើនខ្លាំង។នៅចំពោះមុខការប្រែប្រួលរបស់ពិភពលោក តាមពេលវេលា និងរបត់ប្រវត្តិសាស្ត្រ ភាគីទាំងពីរបានឯកភាពពន្លឿនការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី តាមរយៈបន្តជំរុញក្របខណ្ឌកិច្ចសហ ប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន ដែលមានវិស័យអាទិភាពចំនួន ០៦ និងពន្លឿនការកសាង “ច្រករបៀង ឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ» ព្រមទាំងពង្រឹងទំនុកចិត្តនយោបាយ កាន់តែខ្ពស់ពង្រីកកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមកប្រកបដោយគុណភាពខ្ពស់ ធានាសន្តិសុខកម្រិតខ្ពស់ ការផ្លាស់ប្តូរឱ្យបានញឹកញាប់រវាងប្រជាជននិងប្រជាជន និងពង្រឹងកិច្ចសម្រប សម្រួលជាយុទ្ធសាស្ត្រប្រកបដោយស្តង់ដាខ្ពស់។ប្រទេសទាំងពីរបានឯកភាពគ្នាកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ប្រកបដោយគុណ ភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ជាមួយនឹងការបន្តពង្រឹងទំនុកចិត្តគ្នាជាយុទ្ធសាស្ត្រ កិច្ចសហ ប្រតិបត្តិការផ្លែផ្កាជាក់ស្តែងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនកាន់តែញឹកញាប់ និងកិច្ចសហប្រតិបត្តិ ការពហុភាគីកាន់តែជិតស្និទ្ធ បង្កើតគំរូល្អថ្មីនៃទំនាក់ទំនងអន្តរជាតិ និងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។នៅក្នុងសេចក្តីថ្លែងការណ៍រួមនេះ ភាគីកម្ពុជានិងចិនក៏បានបញ្ជាក់ជាថ្មីថា កម្ពុជា និងចិន ជាមិត្តដែកថែប ដែលជឿទុកចិត្តគ្នាទៅវិញទៅមក និងគាំទ្រគ្នាគ្រប់កាលៈទេសៈ។ ទន្ទឹមនេះកម្ពុជានិងចិនប្តេជ្ញាបន្តរក្សាសមភាព ផលប្រយោជន៍ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ហើយគាំទ្រគ្នាទៅ វិញទៅមកយ៉ាងពេញទំហឹង ក្នុងការការពារអធិបតេយ្យសន្តិសុខនិងផលប្រយោជន៍អភិវឌ្ឍន៍របស់ជាតិ ព្រមទាំងរួមគ្នាការពារសច្ចធម៌និងយុត្តិធម៌អន្តរជាតិ។លោក ស៊ីក៏បានបង្ហាញជំនឿយ៉ាងមុតមាំថាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចបវរធិបតីកម្ពុជានឹងបន្តរក្សាបាននូវសុខសន្តិភាពស្ថិរភាពនិងបន្តអភិវឌ្ឍលើគ្រប់វិស័យថែមទៀត។ ក្នុងនាមជាមិត្តដែកថែបរបស់កម្ពុជា,លោក ស៊ី ជីនពីង បានលើកឡើងថា ចិននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាមួយកម្ពុជា ហើយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តគាំទ្រកម្ពុជាយ៉ាងមុតមាំនៅគ្រប់កាលៈទេសៈ ដើម្បីជួយកម្ពុជាសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់៕ប្រភពSTPM
Post a Comment