សម្តេចធិប​តី៖ការ​​បង្កើតការងារត្រូ​វឈរ​លើគុណភាព​ជាអាទិ​ភាពចំនួន៤

ការបង្កើតការងារមិនមែនបង្កើតតែបរិមាណនោះទេត្រូវគិតគូរដល់គុណភាពផងដែរដោយបង្កើតទាំងខាងក្នុងប្រទេសពិសេសមូលដ្ឋានដែលជិតបងប្អូនប្រជាពលរដ្ឋរស់នៅនិងក្រៅប្រទេសដោយត្រូវឈរលើគុណភាពតាមរយៈការបង្កើនប្រាក់បៀវត្ស, សុខភាព,ច្បាប់និងរបបសន្តិសុខសង្គម។

សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងក្នុងពិធីសំណេះសំណាលជាមួយសហជីព,សេដ្ឋកិច្ចក្រៅប្រព័ន្ធនិងសមាគមបុគ្គលិកសិក្សាខ្មែរដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នាព្រឹកថ្ងៃ​អាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥ ថា៖ការបង្កើតការងារ មិនមែនបង្កើតតែបរិមាណនោះទេ ត្រូវគិត​គូរ​ដល់គុណភាព​ផងដែរ ដោយបង្កើត​ទាំងខាងក្នុងប្រទេស,ពិសេសក្នុងមូលដ្ឋានដែលនៅជិតបងប្អូនប្រជាពល​រដ្ឋកំពុងរស់​នៅ,និងក្រៅប្រទេសដោយត្រូវ​ឈរលើគុណភាពជាអាទិភាពគឺ៖១/ បៀវត្សកាន់តែកើន,២/ ជំនាញ បច្ចេកទេស, ៣/ គោរពច្បាប់ការងារ, ៤/ គោលដៅសុវត្ថិភាព និងសុខភាព គិតទាំង​មាតា​បិតា និងកូន​ៗ តាមរយៈកម្មវិធីសង្គមផ្សេងៗ។បន្ថែមពីគុណតម្លៃនៃការបង្កើតការងារខាងលើ, សម្តេចបវរធិបតី​ បានគូសបញ្ជាក់ថា៖ ការអភិវឌ្ឍ និងការរីកចម្រើន​របស់សេដ្ឋកិច្ចកម្ពុជា, ការវិនិយោគ និង​វិស័យ​ការងារ ក៏ដូចជា​ រោងចក្រសហគ្រាស គឺមានការកើនឡើងជាលំដាប់ ទាំងទំហំ និងបរិមាណ​ ដែលជាការវិនិយោគផ្ទាល់ពី​វិនិយោគិន និងក្រុមហ៊ុនជាច្រើន មកពីបណ្តាប្រទេសជាច្រើន រួមមាន៖​ ចិន,​សហរដ្ឋ អាមេរិក​, ជប៉ុន, កូរ៉េ, សិង្ហបុរី​ ជាដើម ហើយអ្វីដែលរិតតែពិសេស គឺមោទនភាព ដែលកូនខ្មែរមានសមត្ថភាពផលិតផលិតផលដោយខ្លួនឯង នៅលើទឹកដីកម្ពុជា ព្រមទាំងមានការទទួលស្គាល់ជាអន្តរជាតិ លើផលិត​ផលដែលបានផលិត​ និង​ មានដាក់ស្លាក Made in Cambodia​ សម្រាប់ទាំងការនាំចេញ និងទាំងការលក់ក្នុងស្រុក។​ នេះជាមោទនភាពសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលអាចវិវត្តខ្លួន​ជាប់រហូត ហើយទទួលបានផលដែល​បានបង្ហាញច្បាស់ពីសមត្ថភាព និងការរីកចម្រើន។ បន្ថែមលើនេះ,​ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ចង់ឱ្យកូនខ្មែរកាន់តែរឹងមាំ និងមានភាពម្ចាស់ការលើខ្លួនឯង ដោយផ្ដោតលើការកសាងសមត្ថភាព ជំនាញ​ និងសុខភាព។ ក្រៅពីការបង្កើតការងារក្នុងស្រុក, រាជរដ្ឋាភិបាល ក៏បានស្វែងរកការងារជូនប្រជាពលរដ្ឋនៅក្រៅប្រទេសបន្ថែមទៀត​ ដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារ និងជីវភាពរបស់ប្រជាពលរដ្ឋ។មុននឹងបញ្ចប់, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមអំពីការដោះស្រាយវិវាទការងាររបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកន្លងមកដោយបានធ្វើឡើង​ ស្របតាមច្បាប់​ និងលិខិតបទដ្ឋានគតិយុត្តដែលបានកំណត់​ និងនៅជាធរមាន ។ ជាមួយគ្នានេះ,​​សូមសហជីពស្វែងយល់អំពីច្បាប់និងលិខិតបទដ្ឋានគតិយុត្តឱ្យបានច្បាស់ដើម្បីងាយស្រួលដោះស្រាយវិវាទការងារហើយសូមកុំឱ្យមានភាគីទីបីចូលរួមដែលអាចនឹងបណ្ដាលឱ្យបញ្ហានៅជាប់គាំងនិងសូមកុំយករឿងអ្វីផ្សេងទៅពាក់ព័ន្ធនឹងវិវាទដែលកំពុងដោះស្រាយ។ ជាក់ស្តែង, រាជរដ្ឋាភិបាល និងសហជីព មិនមែនជាសត្រូវនឹងគ្នាឡើយ ហើយការដោះស្រាយបញ្ហាគឺត្រូវដោះស្រាយតាមវិធីសាស្ត្រឈ្នះ ឈ្នះ ដើម្បីទទួលបានផលប្រយោជន៍ទាំងអស់គ្នា និងស្របតាមច្បាប់។ និយោជក និងកម្មករនិយោជិត ប្រៀបដូចជាប្ដី និង​ ប្រពន្ធ ចំណែកឯរាជរដ្ឋាភិបាល​ គឺជាអណាព្យាបាល។ ហេតុនេះ សូមជំរុញសុខដុមនីយកម្មក្នុងរោងចក្រសហគ្រាស ស្របតាមទិសស្លោក “ សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ដើម្បីថែរក្សាបរិស្ថានទាក់ទាញវិនិយោគិន ឱ្យមកវិនិយោគនៅកម្ពុជា​ និងទទួលបានផលប្រយោជន៍ទាំងអស់គ្នា។ ជាទីបញ្ចប់, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ថា៖គោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ​ គឺដើម្បីជួយដល់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានការរីកចម្រើន និងអាចជួយបងប្អូនបានទាន់ពេល, ចំគោលដៅ និង​​ជាពិសេសបងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ​ ផងដែរ៕ប្រភពSTPM

Powered by Blogger.