នាយ​ករដ្ឋមន្ត្រីថៃនិងអតីតនាយករដ្ឋមន្ត្រីថៃ​៤រូបបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយ​សម្តេចតេជោ​ហ៊ុន សែន

 ចំពោះមរណភាពរបស់ឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសបង្កើតសម្តេចតេជោដោយសម្តែងនូវក្តីសោកស្តាយស្រណោះអាឡោះអាល័យយ៉ាងក្រៃលែងចំពោះការបាត់បង់ឯកឧត្តមអ្នកឧកញ៉ាឧត្ដមមេត្រីវិសិដ្ឋហ៊ុនសានដែលត្រូវជាបងប្រុសបង្កើតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥, នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ លោកជំទាវ ភែថងថាន ស៊ីណាវ៉ាត់, តាមរយៈលោកជំទាវភារៈធារីស្តីទីនៃស្ថានឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា,បាននាំយកនូវកម្រងផ្ការបស់លោកជំទាវនាយករដ្ឋមន្ត្រី រំលែកទុក្ខក្រៀមក្រំជាមួយសម្តេចតេជោហ៊ុន សែន និងក្រុមគ្រួសារ និងបានចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមអ្នកឧកញ៉ាឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលបានទទួលមរណភាពនៅថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពស២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ២និង២៧ នាទីទៀបភ្លឺ ដោយរោគាពាធ ក្នុងជន្មាយុ ៧៨ ឆ្នាំ។

ជាមួយគ្នានេះដែរ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ នេះ, ឯកឧត្តម ស៊ុនឆៃវង្សសាវ៉ាតអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃបានអញ្ជើញមកគោរពវិញ្ញាណក្ខន្ធនិងបានចែករំលែកមរណទុក្ខដោយផ្ទាល់ជាមួយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននៅភូមិគ្រឹះនៃសពឯកឧត្តមអ្នកឧកញ៉ាឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ឯកឧត្តមស៊ុនឆៃវង្សសាវ៉ាតក៏បាននាំមកនូវកម្រងផ្កាចូលរួមមរណទុក្ខពីអតីតនាយករដ្ឋមន្ត្រីថៃចំនួន៣រូបទៀតគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនផងដែររួមមានឯកឧត្តម ថាក់ស៊ី ន ស៊ីណាវ៉ាត្រ និងលោកជំទាវ យីងឡាក់ ស៊ីណាវ៉ាត្រ និងឯកឧត្តម សេដ្ឋា ថាវីស៊ីនអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃដែលបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជាដែលបានបាត់បង់នូវបងប្រុសបង្កើតជាទីស្រឡាញ់របស់ខ្លួន។សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងអំណរគុណចំពោះលោកជំទាវ ភែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃដែលបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ។ ជាមួយគ្នានេះ សម្តេចក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម ស៊ុមឆៃវង្សសាវ៉ាតអតីតនាយករដ្ឋមន្ត្រីថៃដែលបានអញ្ជើញមកចូលរួមគោរពវិញ្ញាណក្ខន្ធសពបងប្រុសសម្តេចដោយផ្ទាល់ និងតាមរយៈឯកឧត្តម ស៊ុមឆៃ វង្សសាវ៉ាត សូមថ្លែងអំណរគុណដល់អតីតនាយករដ្ឋមន្ត្រីទាំង ៣ គឺឯកឧត្តម ថាក់ស៊ី ន ស៊ីណាវ៉ាត្រ និងលោកជំទាវ យីងឡាក់ ស៊ីណាវ៉ាត្រ និងឯកឧត្តមសេដ្ឋាថាវីស៊ីនដែលបានចូលរួមចែករំលែកទុក្ខជាមួយសម្តេចតេជោផងដែរ៕AKP


Powered by Blogger.