នៅក្នុងព្រះរាជសាររបស់ព្រះមហាក្សត្រនរោត្តមសីហមុនីក្នុងឱកាសថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» បានលើកឡើងពីសារៈសំខាន់និងគុណតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌កម្ពុជាសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងលើកកម្ពស់មនសិការស្នេហាជាតិ។ក្នុងព្រះរាជសារបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាស្របតាមទិសស្លោក «កម្ពុជា: ព្រះរាជាណាចក្រនៃវប្បធម៌»បានកំណត់យកថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំសម្រាប់ប្រារព្ធទិវាវប្បធម៌ជាតិ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»ជាទិវាមួយដែលមានសារៈសំខាន់ក្នុងការបង្កើនការយល់ដឹងអំពីគុណតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ដ៏សម្បូរបែបបានបន្សល់ទុកពីបុព្វបុរសដែលជាគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។ព្រះរាជសារបន្ថែមថាការប្រារព្ធទិវាវប្បធម៌ជាតិ ក៏បានលើកកម្ពស់មនសិការស្នេហាជាតិប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន និងបានបំផុសប្រជាពលរដ្ឋ ជាពិសេសបង្ហាញពីគុណវុឌ្ឍ និងតួនាទីស្នូលដ៏សំខាន់របស់យុវជនដែលជាកម្លាំងចលករក្នុងការអភិរក្ស ថែរក្សា ការពារ លើកស្ទួយ និងអភិវឌ្ឍមរតកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីដែលជាអត្តសញ្ញាណនិងដួងព្រលឹងជាតិរួមទាំងវប្បធម៌ចម្រុះរបស់សហគមន៍ជនជាតិដើមភាគតិចឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត។
 |
|
កាលពីម្សិលមិញសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសរសេរនៅលើបណ្ដាញសង្គមថាការរៀបចំទិវាវប្បធម៌ជាតិធ្វើឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងរម្លឹកដល់គុណូបការៈដ៏ធំធេងរបស់បុព្វបុរសខ្មែរដែលបានបន្សល់នូវសម្បត្តិវប្បធម៌ដ៏សម្បូណ៌បែបសម្រាប់កូនចៅជំនាន់ក្រោយ និងជាទិវាបង្កើតនូវសេចក្តីស្រឡាញ់ ព្រមទាំងស្មារតីចូលរួមថែរក្សា ការពារសម្បត្តិវប្បធម៌ឱ្យស្ថិតស្ថេរគង់វង្ស។សម្តេចបញ្ជាក់ថាកិច្ចការពារបេតិកភណ្ឌវប្បធម៌គឺជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប។សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចេញសារាចរណែនាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវ ផ្សព្វផ្សាយអំពីទិវាវប្បធម៌ជាតិ ហើយត្រូវណែនាំអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារអាជ្ញាធរជាតិសំបូរព្រៃគុហ៍និងគ្រប់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីខេត្តឱ្យផ្សព្វផ្សាយសមិទ្ធផលការងារសំខាន់ៗពាក់ព័ន្ធនឹងការអភិរក្សការលើកស្ទួយនិងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់បេតិកភណ្ឌពិភពលោក និងរមណីយដ្ឋានវប្បធម៌នានា រួមទាំងកម្មវិធីផ្សេងៗទៀត ដើម្បីអបអរសាទរទិវាវប្បធម៌ជាតិ។ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏ត្រូវសហការជាមួយបណ្តាក្រសួង ស្ថាប័ន អង្គភាព រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការ សមាគម សហគមន៍ និងវិស័យឯកជនដែលកំពុងប្រតិបត្តិការនៅក្នុងវិស័យវប្បធម៌ ដើម្បីរួមគ្នាផ្សព្វផ្សាយវប្បធម៌ជាតិឱ្យបានទូលំទូលាយនៅក្នុងរយៈពេលនេះផងដែរ។សម្តេចបន្តណែនាំក្រសួងព័ត៌មាន ត្រូវជំរុញបណ្តាញសារព័ត៌មានគ្រប់ប្រភេទរបស់រដ្ឋនិងឯកជនទាំងអស់ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវខ្លឹមសារសកម្មភាពពាក់ព័ន្ធនឹងការអបអរសាទរទិវាវប្បធម៌ជាតិ។ចំពោះក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវសហការផ្សព្វផ្សាយវប្បធម៌ជាតិ និងខ្លឹមសារទិវាវប្បធម៌ជាតិដល់សិស្ស និស្សិត ព្រមទាំងបំផុសឱ្យមានសកម្មភាពបង្ហាញនិងប្រតិបត្តិប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ជាតិនៅតាមគ្រឹះស្ថានសិក្សាអប់រំរដ្ឋនិងឯកជន។សម្តេចបន្តថា ក្រសួងទេសចរណ៍ ត្រូវផ្សព្វផ្សាយវប្បធម៌ជាតិ និងខ្លឹមសារទិវាវប្បធម៌ជាតិ ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ តាមរយៈទីភ្នាក់ងារទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានគ្រប់ប្រភេទ។សម្តេចបន្ថែមថាសម្រាប់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ត្រូវណែនាំគ្រប់ស្ថានឯកអគ្គរាជទូត ស្ថានអគ្គកុងស៊ុល ស្ថានកុងស៊ុលកិត្តិយសកម្ពុជាប្រចាំនៅបរទេស និងសហគមន៍ខ្មែរ នៅបរទេសឱ្យចូលរួមរៀបចំកម្មវិធីនិងសកម្មភាពនានា ដើម្បីប្រារព្ធទិវាវប្បធម៌ជាតិទាំងនៅទីតាំងផ្ទាល់នៅតាមបណ្តាញសង្គម និងតាមមធ្យោបាយផ្សេងៗទៀត។ក្រសួងធម្មការនិងសាសនា ត្រូវបំផុសចលនាព្រះសង្ឃនិងគ្រប់សាសនិកឱ្យរៀបចំកម្មវិធីនិងសកម្មភាពនានាដើម្បីផ្សព្វផ្សាយវប្បធម៌ជាតិនិងខ្លឹមសារទិវាវប្បធម៌ជាតិនៅតាមទីអារាមវិហារសាសនាមណ្ឌលវិបស្សនានិងទីសក្ការៈផ្សេងៗ។ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិត្រូវណែនាំអង្គភាពមូលដ្ឋានដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៧ ឱ្យមានប្រសិទ្ធភាពនិងដោយស្មារតីទទួលខុសត្រូវខ្ពស់។សម្រាប់រដ្ឋបាលរាជធានី ខេត្ត ត្រូវគាំទ្រដល់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីរៀបចំកម្មវិធីនិងសកម្មភាពផ្សព្វផ្សាយវប្បធម៌ក្នុងដែនដីរបស់ខ្លួនដោយផ្តោតលើការអប់រំមហាជន។ជាពិសេសយុវជនឱ្យមានស្មារតីកាន់តែមុតមាំក្នុងការចូលរួមថែរក្សា ការពារ លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ ព្រមទាំងរៀបចំចងបជាពាក្យស្លោកតាមទីសាធារណៈ និងការបិទគំនូរផ្សាយវប្បធម៌នៅតាមទីតាំងសំខាន់ៗក្នុងដែនរដ្ឋបាលរាជធានី ខេត្ត។សម្តេចហ៊ុន ម៉ាណែត បន្តណែនាំគ្រប់ក្រសួង ស្ថាប័ន អង្គភាព រដ្ឋបាលថ្នាក់ក្រោមជាតិ សាលារៀន រោងចក្រ សហគ្រាស គេហដ្ឋាន និងសហគមន៍ខ្មែរនៅបរទេសត្រូវចូលរួមប្រារព្ធនិងអបអរសាទរទិវាវប្បធម៌ជាតិតាមការលើកទង់ជាតិ ទង់ជ្វាលា បដាពាក្យស្លោក គំនូរផ្សាយសិល្បៈវប្បធម៌ និងសកម្មភាពសមរម្យនានានៅទីតាំងរបស់ខ្លួន ក៏ដូចជាតាមបណ្តាញសង្គម។នាយករដ្ឋមន្ត្រីបញ្ជាក់ថា អ្នកចូលរួមកម្មវិធីនិងសកម្មភាពផ្សព្វផ្សាយដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ទិវាវប្បធម៌ជាតិ ត្រូវស្លៀកពាក់សមរម្យតាមបែបប្រពៃណីជាតិ៕Khmer Times
Post a Comment