តំបន់ទេសច​រណ៍លើភ្នំខ្នងផ្សារគ្រោងនឹង​តម្លើងអង់តែនទូរស័ព្ទ​និងអភិវឌ្ឍហេដ្ឋារចនា​សម្ព័ន្ធ

បន្ថែមពីលើការដកបង្គោលព្រំដីបញ្ចប់គម្រោងអភិវឌ្ឍន៍ទេសចរណ៍លើតំបន់ភ្នំខ្នងផ្សារដែលជាអនុសាសន៍ដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្រុមការងារអន្តរក្រសួង ដែលមានក្រសួងបរិស្ថាន,ក្រសួងទេសចរណ៍និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមជាមួយនឹងអាជ្ញាធរខេត្តកំពង់ស្ពឺក៏បានពិភាក្សា និងពិនិត្យលទ្ធភាពទីតាំង ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងបន្ថែមទៀត នូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្របតាមអនុសាសន៍របស់ សម្តេចបវរធិបតីដែលមានដូចជា៖ទីតាំងសម្រាកតាមផ្លូវថ្មើរជើង, ការរៀបចំធុងសំរាម, ផ្លូវឡើងភ្នំសម្រាប់យានជំនិះ, អង់តែនសេវាទូរស័ព្ទ, ទីតាំងចំណត, បន្ទប់ទឹក, ទីតាំងសម្រាប់លក់អាហារ និងភេសជ្ជៈ ព្រមទាំងកញ្ចប់សេវាកម្មទេសចរណ៍ជូនដល់សហគមន៍តាំងបំពង់ផងដែរ។នេះបើយោងតាមប្រភពព័ត៌មានពីបណ្តាញសង្គមតេលេក្រោមផ្លូវការរបស់សម្តេចបវរធិបតី នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ។

គូសរំលេចផងដែរថាសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានកំណត់គោលការណ៍ចម្បងគឺ"ការធ្វើឱ្យប្រសើរឡើងក្នុងតំបន់ភ្នំខ្នងផ្សារនេះគឺត្រូវគិតគូរពីសោភ័ណភាពនិងរក្សាភាពដើមនៃធម្មជាតិក្នុងតំបន់"ដោយគម្រោងរៀបចំបន្ថែមទាំងអស់គឺឈរលើគោលការណ៍នេះជាគ្រឹះដ៏រឹងមាំ ដើម្បីជួយពង្រឹងដល់សហគមន៍ និងផ្តល់ភាពងាយស្រួល សំដៅទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិឱ្យបានកាន់តែច្រើន ដោយអាចក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់ពង្រឹងសេដ្ឋកិច្ចប្រជាសហគមន៍ឱ្យកាន់តែធូរធាផងដែរ៕ប្រភពSTPM



Powered by Blogger.