សម្ដេចមហាបវរធិបតី៖ការប្រារព្ធទិវាវប្បធម៌ជាតិគឺជាព្រឹត្តិការណ៍ពញ្ញាក់អារម្មណ៍និងបំផុសឱ្យកូនខ្មែររួមគ្នាការពារថែរក្សានិងលើកស្ទួយវប្បធម៌ប្រពៃណីជាតិ
សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងក្នុងឱកាសប្រារព្ធ«ទិវាវប្បធម៌ជាតិ៣មីនា លើកទី ២៧ ឆ្នាំ២០២៥» និង«ពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ទូទាំងប្រទេសលើកទី ៦» នាល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ថា ការប្រារព្ធទិវាវប្បធម៌ជាតិជារៀងរាល់ឆ្នាំ គឺជាព្រឹត្តិការណ៍ពញ្ញាក់អារម្មណ៍ និង បំផុសឱ្យកូនខ្មែររួមគ្នាការពារ ថែរក្សា និង លើកស្ទួយវប្បធម៌ ប្រពៃណីជាតិ ក្នុងស្មារតីរួម «ទាំងអស់គ្នា ដើម្បីវប្បធម៌ជាតិ វប្បធម៌ជាតិ ដើម្បីទាំងអស់គ្នា»។ហេតុនេះហើយទើបរាជរដ្ឋាភិបាលបន្តប្រារព្ធទិវាវប្បធម៌ជាតិ ក្រោមប្រធានបទតែមួយគឺ «យុវជន ដើម្បីវប្បធម៌ជាតិ» ក្នុងរយៈពេល ១០ឆ្នាំ នេះ ។សម្ដេចបវរធិបតី បានសង្កត់ធ្ងន់ថា ការប្រើប្រាស់បច្ចេកវិទ្យាដោយរួមទាំងបញ្ញាសិប្បនិម្មិត (AI) ផង កំពុងមានលក្ខណៈទូលំទូលាយក្នុងសង្គម ជាពិសេស តាមបណ្តាញសង្គម ដែលយើងសង្កេតឃើញភាគច្រើននៃការប្រើប្រាស់មានចរិតលក្ខណៈត្រឹមត្រូវគួរឱ្យគាំទ្រ។ប៉ុន្តែជាមួយគ្នានេះក៏មានបញ្ហាមួយចំនួនដែលកើតចេញពីការគិតគូរមិនបានគ្រប់ជ្រុងជ្រោយ។ហេតុនេះ សូមប្រកាន់ខ្ជាប់នូវអភិក្រម និងវប្បធម៌ថាមានរឿងអ្វីត្រូវនិយាយរកគ្នាប្រាស្រ័យទាក់ទងគ្នាក្នុងនាមជាខ្មែរស្រឡាញ់ខ្មែរ និងចៀសវាងការប្រើប្រាស់ពាក្យអសុរោះ ពាក្យហិង្សា ដែលប្រាសចាកពីសីលធម៌ និង វប្បធម៌ខ្មែរ។ មួយវិញទៀត រាល់ការធ្វើសកម្មភាពនិងនិយាយអ្វីមួយសូមគិតពីការប៉ះពាល់អារម្មណ៍អ្នកដទៃ និងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ក្នុងសង្គមរវាងមនុស្ស និងមនុស្ស ជាពិសេសគឺត្រូវគិតគូរអំពីសេចក្ដីថ្លៃថ្នូររបស់មនុស្សដូចគ្នា។
![]() |
Post a Comment