ប្រធានការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុស្រុកកងមាសរបូតតំណែងព្រោះតែ៣៦០ដុល្លារជាថ្មូរនឹងការកែតម្រូវសំបុត្រកំណើត
រដ្ឋបាលខេត្តកំពង់ចាមនៅថ្ងៃទី២៦មីនាឆ្នាំ២០២៥នេះបានសម្រេចបញ្ចប់មុខតំណែងលោក ហែម គឹមសាធពីប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុឲ្យមកនៅជាមន្រ្តីសាលាស្រុកធម្មតាពោលមិនមានដាក់ទោសអ្វីផ្សេងទៀតឡើយ។ការសម្រេចបញ្ចប់តំណែងលោក ហែម គឹមសានធ្វើឡើងបន្ទាប់ពីលោកបានយកប្រាក់ចំនួន៣៦០ដុល្លារពីប្រជាពលរដ្ឋដែលទៅកែតម្រូវសំបុត្រកំណើតនៅសាលាស្រុក។តាមលិខិតរបស់រដ្ឋបាលខេត្តកំពង់ចាមបន្ទាប់ពីអាជ្ញាធរទទួលបានពាក្យបណ្តឹងតាមបណ្តាញសង្គមហ្វេសប៊ុកពីគណនីឈ្មោះChhengSoklyដែលចុះផ្សាយពីឈ្មោះ ហែមគឹមសាធទទួលប្រាក់ចំនួន៣៦០ដុល្លារជាថ្មូរនឹងការកែតម្រូវសំបុត្រកំណើតរបស់ពលរដ្ឋឈ្មោះ ឆេង សុខលី រស់នៅភូមិអូរពពេល ឃុំខ្ចៅ ស្រុកកងមាសខេត្តកំពង់ចាមមករដ្ឋបាលខេត្តបានចាត់ឲ្យក្រុមការងារចុះសិក្សាស្រាវជ្រាវនិងបានរកឃើញថាគឺពិតជាមានរឿងខាងលើប្រាកដមែន។នេះបើតាមចេញផ្សាយRFI។
![]() |
រូបភាពភ្នំពេញប៉ុស្តិ៍ |
ភ្លាមៗក្រោយរកឃើញករណីបែបនេះរដ្ឋបាលខេត្តកំពង់ចាមបានសម្រេចរៀបចំបែបបទបញ្ចប់មុខតំណែងលោកហែមគឹមសាធពីប្រធានការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុឲ្យមកនៅត្រឹមជាមន្ត្រីសាលាស្រុកកងមាសធម្មតា។តែទន្ទឹមគ្នានេះ រដ្ឋបាលស្រុកកងមាសក៏ត្រូវតាមដាននិងត្រួតពិនិត្យជាប់ជាប្រចាំលើការបំពេញតួនាទីភារកិច្ចរបស់លោក ហែម គឹមសាធ ហើយក្នុងករណីដែលមានការប្រព្រឹត្តកំហុសឆ្គងបន្តទៀត គឺត្រូវមានវិធានការតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល។ ជុំវិញករណីខាងលើនេះអង្គភាពប្រឆាំងអំពើពុករលួយតាមរយៈអ្នកនាំពាក្យលោក ស៊យ ចាន់វិចិត្រ បញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៧ មីនានេះថាមន្រ្តីរដ្ឋបាលស្រុកកងមាសឈ្មោះ ហែម គឹមសាធ បានទទួលរងទណ្ឌកម្មខាងវិន័យរួចរាល់ហើយ ដោយមានការផ្លាស់ប្តូរតំណែងភារកិច្ច។ប៉ុន្តែលោកស៊យ ចាន់វិចិត្រ មិនអាចបញ្ជាក់ពីវិធានការរបស់អង្គភាពប្រឆាំងអំពើពុករលួយបន្តទៀតបែបណានោះទេនិងថាវាជាកិច្ចការផ្ទៃក្នុងដែលត្រូវរក្សាការសម្ងាត់របស់អង្គភាព។គួររម្លឹកថាគិតចាប់តាំងពីដើមឆ្នាំ២០២៥ មក អង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនមន្រ្តីកងរាជអាវុធហត្ថខេត្តតាកែវចំនួន២នាក់ពាក់ព័ន្ធនឹងបទល្មើសស៊ីសំណូកក្នុងការទទួលប្រាក់ជាថ្នូរនឹងការមិនបង្ក្រាបលើបទល្មើសគ្រឿងញៀននិងល្បែងស៊ីសង។ ចំណែកកាលពីចុងឆ្នាំ២០២៤ACUបានបំបែកសំណុំរឿងពុករលួយប្រចាំឆ្នាំមួយទាក់ទងនឹងការសូកប៉ាន់រត់ការចង់បានតំណែង តាមរយៈលោក លី សាម៉េតក្នុងនោះ មានឈ្មោះ កន សុខកាយ អតីតអភិបាលស្រុកល្វាឯម ខេត្តកណ្តាល ដែលបានចំណាយប្រាក់៣០ម៉ឺនដុល្លារ និងអភិបាលរងខេត្តពោធិ៍សាត់ ឈ្មោះ ឡាយ វិសិដ្ឋ ដែលបានបង់ប្រាក់ ៥៧ម៉ឺនដុល្លារទៅឱ្យលោកឡាច សំរោង និងលោក លី សាម៉េត ដើម្បីបានតំណែងណាមួយ។គួរបញ្ជាក់ថាអំពើពុករលួយនៅកម្ពុជាបន្តជាបញ្ហាស្មុគ្រស្មាញមួយដែលតម្រូវឲ្យមានការធ្វើកំណែទម្រង់ជាចាំបាច់។ របាយការណ៍ឆ្នាំ២០២៤របស់អង្គការតម្លាភាពកម្ពុជាបង្ហាញថា កម្ពុជាបន្តស្ថិតនៅលេខរៀងទី១៥៣ក្នុងចំណោម១៨០ប្រទេស ក្នុងនាមជារដ្ឋដែលមានអំពើពុករលួយគួរឲ្យកត់សម្គាល់៕
Post a Comment