សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាថ្លែងក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជាលើកទី៩ ឆ្នាំ២០២៥ នារសៀលថ្ងៃទី២៤ ខែមីនាឆ្នាំ២០២៥នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៌អន្តរជាតិជ្រោយចង្វារបានបញ្ជាក់ថាសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដែលកម្ពុជា ទទួលបាន គឺជាសម្បត្តិដែលត្រូវថែទាំ ឱ្យបានគង់វង្ស ។
 |
|
ក្នុងឱកាសនោះ សម្តេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់និងផ្តល់សេរីភាពលើជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅដែលឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនាកម្មសាសនិក នៃគ្រប់និកាយសាសនា និងប្រឆាំងនូវរាល់ទង្វើរើសអើង សំដៅទប់ស្កាត់ការយកសាសនាធ្វើអាជីវកម្មដែលអាចបង្កវិបត្តិសាសនានៅកម្ពុជា។បន្ថែមលើនេះ សម្តេចធិបតី បានបញ្ជាក់ថា តាមរយៈការរៀបចំព្រឹត្តិការណ៍ធំៗចំនួន២ នៅកម្ពុជា រួមមានកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ «ឥស្លាមនិងពុទ្ធសាសនា» ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ លើទឹកដីកម្ពុជា និងជាលើកទី១ លើសកលលោក និងការរៀបចំសន្និបាត លើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក បានបង្ហាញពីសាមគ្គីភាព និងសុខដុមនីយកម្មជាតិសាសន៍ និងសាសនា នៅព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន បានខិតខំកសាងនិងថែរក្សា យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដោយហេតុថា កត្តាទាំងនេះ គឺជាធាតុផ្សំមិនអាចខ្វះបាន នៃសន្តិភាព និងស្ថេរភាពយូរអង្វែងរបស់កម្ពុជា ។ក្នុងនោះសម្តេចធិបតី មានប្រសាសន៍ថា«ខ្ញុំសូមគូសបញ្ជាក់ថាការប្រេះស្រាំរើសអើងជាតិសាសន៍និងអាចបង្កើតនូវជម្លោះជាតិសាសន៍ហើយអាចបាត់បង់នូវមួយផ្នែកនៃសុខសន្តិភាពនិងស្ថេរភាពសង្គមដូច្នេះកម្ពុជាដែលទទួលបាននូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនា គឺជាសម្បត្តិដែលត្រូវថែទាំ ឱ្យបានគង់វង្ស»។បន្ថែមលើនេះ សម្តេចធិបតី គូសបញ្ជាក់ថា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ បច្ចុប្បន្នរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុងបំពេញបេសសកម្ម ដ៏ឧត្តងឧត្តមរបស់ខ្លួន ប្រកបដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីពន្លឿនកិច្ចអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងបន្តជំរុញការអនុវត្ត ការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ ឆ្ពោះទៅសម្រេចបាន ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។សូមជម្រាបជូនថារាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ផ្តល់នូវសិទ្ធិសេរីភាពក្នុងការប្រណិប័តជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅដោយឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនីយកម្មរវាងសាសនិកគ្រប់និកាយសាសនានិងប្រឆាំងរាល់ទង្វើរើសអើងនានា សំដៅទប់ស្កាត់ការយកសាសនាទៅធ្វើអាជីវកម្មដែលអាចបង្កវិបត្តិសាសនា។ការប្រតិបត្តិសាសនាប្រកបដោយភាពសុខដុមរមនាទាំងជាតិសាសន៍ និងសាសនាក៏ជាផ្នែកមួយចំណែកនៃសុខសន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិនៅក្នុងសង្គមសន្តិភាពផងដែរ ។ជាចុងក្រោយ សូមព្រះអល់ឡោះ ផ្តល់នូវរ៉ស់ម៉ាត់ ហ្ពឺរ៉កាត់ និងស្លើម៉ាត់ ជូនដល់បងប្អូនម៉ូស្លីមទាំងអស់ ទាំងនៅកម្ពុជា និងទូទាំងពិភពលោក និងសូមជូនពរបងប្អូនម៉ូស្លីមទាំងអស់ ក្នុងការបន្តកាតព្វកិច្ចបួសខែរ៉ាម៉ាឌន ដោយជោគជ័យ ក្នុង ១សប្តាហ៍ចុងក្រោយនេះ៕ប្រភពSTPM
Post a Comment