បញ្ចុះបឋមសិ​លា​បើកការដ្ឋានសាង​សង់វិទ្យាស្ថានពហុជំ​នាញតេជោ​សែន​សម្រាប់ហ្វឹកហ្វឺនលើ​កកម្ពស់សមត្ថភាព​ជំនា​ញកងទ័ព

តាកែវ៖គម្រោងសាងសង់វិទ្យាស្ថានពហុជំនាញតេជោសែនដែលមានទីតាំងស្ថិតនៅឃុំត្រពាំងក្រញូងស្រុកត្រាំកក់ខេត្តតាកែវត្រូវបានចាប់ផ្ដើមបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា ការកសាងវិទ្យាស្ថានពហុជំនាញតេជោសែនគឺជាការផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាដើម្បីឆ្លើយតបសេចក្តីត្រូវការចាំបាច់ក្នុងការលើកកម្ពស់សមត្ថភាពជំនាញកងទ័ពឱ្យទំនើប រៀបរយ និងមានប្រសិទ្ធភាព ស្របតាមចក្ខុវិស័យនៃការបណ្តុះបណ្តាលក្នុងប្រទេស ដែលជាយុទ្ធសាស្ត្រអាទិភាព។

ឯកឧត្តម បានគូសបញ្ជាក់ថា ក្រោយពីការសាងសង់រួច វិទ្យាស្ថានពហុជំនាញតេជោសែន នឹងក្លាយជាសមិទ្ធផលលើកដំបូងនិងមានតម្លៃជាប្រវត្តិសាស្ត្រសម្រាប់កងទ័ពជើងគោកក្នុងការកសាងធនធានមនុស្សរបស់កងយោធពលខេមរភូមិន្ទ លើមុខជំនាញមួយចំនួន មានដូចជា៖ ជំនាញរថក្រោះ រថពាសដែក ជំនាញកាំភ្លើងធំ ជំនាញការពារអាកាស ជំនាញបញ្ជូនសារ និងជំនាញគីមីសាស្ត្រ។ឯកឧត្តម អគ្គមេបញ្ជាការ បានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលកំពុងដឹកនាំនាវាកម្ពុជាឆ្ពោះទៅមុខប្រកបដោយថាមពល ក្នុងនោះ វិស័យការពារជាតិបានខិតខំជំរុញការធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់ផ្នែក ពិសេស ការងារហ្វឹកហ្វឺនបណ្តុះបណ្តាលកងយោធពលខេមរភូមិន្ទ ដើម្បីក្លាយជាកម្លាំងទំនើបរៀបរយមានវិជ្ជាជីវៈឆ្លើយតបប្រកបដោយប្រសិទ្ធភាពគ្រប់ស្ថានការណ៍ក្នុងបរិបទនៃការអភិវឌ្ឍបច្ចេកវិទ្យាទំនើប៕ឌុំសាវ៉ុន


















Powered by Blogger.