ប្រមុខរដ្ឋស្តីទីពេ​ញចិត្តចំពោះទំហំពាណិជ្ជកម្មរវា​ងកម្ពុជានិងថៃក្នុងឆ្នាំ២០​២៤កន្លងទៅនេះ

នៅវិមានព្រឹទ្ធសភានាព្រឹកថ្ងៃទី១១ខែមីនាឆ្នាំ២០២៥សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម ធុល ត្រៃសូរ៉ាត់ (Tull Traisorat) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួប និងប្រគល់សារតាំង នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានសម្ដែងនូវការស្វាគមន៍ ចំពោះដំណើរបំពេញបេសកកម្មការទូត របស់ ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ។សម្ដេចតេជោសង្ឃឹមថាតាមរយៈឯកអគ្គរាជទូតនឹងធ្វើឲ្យទំនាក់ទំនងកម្ពុជានិងថៃកាន់តែល្អប្រសើរបន្ថែមទៀតដែលមកដល់ពេលនេះទំនាក់ទំនងរវាងកម្ពុជា និងថៃ គឺជាភាពដៃគូយុទ្ធសាស្ត្រជាមួយគ្នាដូច្នេះតាមរយៈឯកអគ្គរាជទូតថ្មីនៅពេលនេះនឹងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរបន្ថែមទៀតលើគ្រប់វិស័យ។ឯកឧត្តម Tull Traisorat ឯកអគ្គរាជទូតថៃ បានសំដែង នូវការអរគុណចំពោះ សម្ដេចតេជោ ដែលបានអនុញ្ញាត និងទទួលសារតាំង ពីឯកឧត្តមក្នុងឋានៈសម្ដេចជាប្រមុខរដ្ឋស្ដីទី។នាឱកាសនេះឯកឧត្តមក៏បាននាំយកនូវការសួរសុខទុក្ខអំពីព្រះមហាក្សត្រថៃចំពោះសម្ដេចតេជោផងដែរ។ ក្នុងឆ្នាំ២០២៥ នេះជាខួប៧៥ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្ដេចតេជោ បានរំលឹកអំពីការរៀបចំសកម្មភាពនានារវាងភាគីកម្ពុជា និងភាគីថៃ ក្នុងគោលដៅដើម្បីអបអរសាទរខួបទំនាក់ទំនងនេះ ជាពិសេសសម្ដេចតេជោក៏បានរំលឹកអំពីព្រឹត្តិការណ៍នៃការរៀបចំបាល់ទាត់មិត្តភាពដែលធ្វើឡើងកាលពីថ្ងៃទី៨ ខែមីនា កន្លងទៅថ្មីៗនេះ ដែលបង្ហាញពីស្មារតីនៃសាមគ្គីភាពការពង្រឹងទំនាក់ទំនងបន្ថែមទៀតរវាងប្រទេសទាំង២ក្នុងក្របខ័ណ្ឌគ្រប់វិស័យ។ជាមួយគ្នានោះដែរ សម្ដេចតេជោ ក៏បានលើកឡើងអំពីទំហំពាណិជ្ជកម្មផងដែរដោយពេញចិត្តចំពោះទំហំពាណិជ្ជកម្ម រវាងកម្ពុជា និងថៃ ដែលក្នុងឆ្នាំ២០២៤ កន្លងទៅនេះ បានកើនឡើងរហូត១០ពាន់លានដុល្លារ ធៀបឆ្នាំ២០២៣ ដែលយើងមាន៨ពាន់លានដុល្លារ ដែលការកើនឡើងនេះបង្ហាញអំពី ទំនាក់ទំនងពាណិជ្ជកម្មការវិនិយោគទន្ទឹមនឹងការដើរទៅជាមួយគ្នានៃទំនាក់ទំនងនយោបាយរវាងភាគីទាំងពីរក៏កាន់តែល្អប្រសើរដែរតាមរយៈការផ្លាស់ប្ដូរថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរជាបន្តបន្ទាប់ ដែលកន្លងទៅនេះ សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីក៏ធ្លាប់បានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសថៃហើយពេលខាងមុខនេះនាយករដ្ឋមន្ត្រីថៃនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរក្នុងឱកាសខួប៧៥ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ជាមួយគ្នានោះសម្ដេចតេជោក៏បានសម្ដែងនូវភាពរីករាយចំពោះកំណើនទេសចរណ៍រវាងប្រទេសទាំងពីរដែលក្នុងនោះកំណើនភ្ញៀវទេសចរណ៍ថៃមកកាន់ប្រទេសកម្ពុជាមានការកើនឡើងដែលឆ្នាំ២០២៤មានរហូតដល់២លាននាក់ ដែលឈរនៅលំដាប់ទី១ ក្នុងចំណោមទេសចរណ៍បរទេស ហើយទេសចរណ៍កម្ពុជាទៅប្រទេសថៃវិញគឺ ប្រមាណ៥៥ម៉ឺននាក់ ក្នុងឆ្នាំ២០២៤ដែលនេះបង្ហាញអំពីទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរផងដែរ។ឆ្លៀតនៅក្នុងឱកាសនេះសម្ដេចតេជោប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជាក៏បានផ្ដាំសួរសុខទុក្ខថ្វាយចំពោះព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃផងដែរតាមរយៈឯកឧត្តមអគ្គរាជទូតថៃនៅពេលនេះ។ឯកឧត្តមឯកអគ្គរាជទូតថៃបានបានប្តេជ្ញាក្នុងការបំពេញបេសកកម្មនៅកម្ពុជា ដោយយកចិត្តទុកដាក់ ធ្វើយ៉ាងណាក្នុងការពង្រឹង ពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរនិងប្រទេសថៃឲ្យកាន់តែល្អប្រសើរបន្ថែមទៀតជាពិសេសការគៀងគរអ្នកវិនិយោគរបស់ថៃមកកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត។ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរ ឯកឧត្តម Tull Traisorat ឯកគ្គរាជទូតព្រះរាជាណាចក្រថៃប្រចាំនៅកម្ពុជា សូមឱ្យបំពេញការងារជាបេសកកម្មការទូតនៅកម្ពុជាប្រកបដោយភាពជោគជ័យ៕ប្រភពSHS


Powered by Blogger.