ការហៅទូរស័ព្ទនេះធ្វើឡើងតាមសំណើរបស់រុស្ស៊ីដោយបញ្ជាក់ឡើងវិញនូវទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរគឺក្នុងឱកាសខួបលើកទី៣នៃការផ្ទុះឡើងនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន។
ទីភ្នាក់ងារសារព័ត៌មានXinhua បានរាយការណ៍ថានៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី២៤ខែកុម្ភៈ អគ្គលេខាធិការ និងជាប្រធានាធិបតីចិន Xi Jinping បានបញ្ជាក់ថា រុស្ស៊ី និងចិនគឺជា "មិត្តពិត"និង"គាំទ្រគ្នាទៅវិញទៅមក" ។លោក Xi បានសង្កត់ធ្ងន់ថា "ប្រវត្តិសាស្ត្រនិងការពិតបង្ហាញថា ប្រទេសចិននិងរុស្ស៊ី គឺជាអ្នកជិតខាងដ៏ល្អដែលមិនអាចកាត់ផ្តាច់ពីគ្នាបាន ហើយជាមិត្តពិតដែលចែករំលែកភាពរុងរឿងនិងទុក្ខលំបាក គាំទ្រគ្នាទៅវិញទៅមកនិងសម្រេចបាននូវការអភិវឌ្ឍន៍រួមគ្នា"។វាគឺជាការហៅទូរស័ព្ទលើកទី២ដែលមេដឹកនាំទាំង២បានធ្វើនៅឆ្នាំនេះ បន្ទាប់ពីពួកគេបានពិភាក្សាអំពីរបៀបកសាងទំនាក់ទំនងជាមួយប្រធានាធិបតីអាមេរិកDonaldTrumpរួមជាមួយនឹងការរំពឹងទុកនៃការឈានដល់កិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនក្នុងខែមករា។
 |
|
លោកTrumpកំពុងជំរុញឱ្យមានកិច្ចព្រមព្រៀងឆាប់រហ័សមួយដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនដោយធ្វើឱ្យសម្ព័ន្ធមិត្តអឺរ៉ុបរបស់ទីក្រុងវ៉ាស៊ីនតោន មានការងឿងឆ្ងល់ដោយធ្វើឱ្យពួកគេនិងអ៊ុយក្រែនចេញពីការចរចាដំបូងជាមួយរុស្ស៊ី។សញ្ញានៃភាពរអាក់រអួលក្នុងទំនាក់ទំនងរុស្ស៊ី-អាមេរិក ក៏បានលើកឡើងពីការរំពឹងទុកថាក្រុងវ៉ាស៊ីនតោនកំពុងស្វែងរកការជំរុញឱ្យមានទំនាក់ទំនងរវាងលោកXi និងលោក Putin ជាពិសេសនិងរុស្ស៊ី និងចិនជាទូទៅ។ទោះជាយ៉ាងណាក៏ដោយ ការរំពឹងទុកនេះត្រូវបានគ្របដណ្ដប់នៅពេលដែលមេដឹកនាំរុស្ស៊ី និងចិនទាំង២បានសង្កត់ធ្ងន់លើនិរន្តរភាព យូរអង្វែង និងលក្ខណៈ "គ្មានដែនកំណត់"នៃទំនាក់ទំនងទ្វេភាគី។Xinhuaបានដកស្រង់សម្តីលោក Xi បាននិយាយដូច្នេះថា "ទំនាក់ទំនងចិន-រុស្ស៊ីមានសន្ទុះខាងក្នុងដ៏រឹងមាំ និងតម្លៃយុទ្ធសាស្ត្រតែមួយគត់ហើយមិនមានគោលបំណង ឬឥទ្ធិពលពីភាគីទី៣ណាមួយឡើយ"។មេដឹកនាំចិនក៏បានបញ្ជាក់ដែរថា យុទ្ធសាស្ត្រអភិវឌ្ឍន៍និងគោលនយោបាយការបរទេសរបស់ចិន និងរុស្ស៊ីគឺ «រយៈពេលវែង»។យោងតាមវិមានក្រឹមឡាំង នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី ២៤ ខែកុម្ភៈប្រធានាធិបតីPutinបានជូនដំណឹងដល់លោកXiអំពីទំនាក់ទំនងនាពេលថ្មីៗនេះរវាងរុស្ស៊ីនិងអាមេរិក។សេចក្តីថ្លែងការណ៍បាននិយាយថា "ភាគីចិនបានសម្តែងការគាំទ្រសម្រាប់ការចាប់ផ្តើមកិច្ចសន្ទនារវាងរុស្ស៊ី និងសហរដ្ឋអាមេរិកក៏ដូចជាការត្រៀមខ្លួនដើម្បីជួយក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះអ៊ុយក្រែន"។យោងតាមវិមានក្រឹមឡាំង លោកXiបានសម្តែងនូវ "សេចក្តីរីករាយជាខ្លាំង" ដែលឃើញរុស្ស៊ីនិងភាគីពាក់ព័ន្ធខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយជម្លោះនៅអ៊ុយក្រែន។កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ការវិនិយោគ វប្បធម៌អប់រំនិងកីឡាក៏ត្រូវបានពិភាក្សាផងដែរក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ។ មេដឹកនាំទាំងពីរបានបញ្ជាក់ថាពួកគេនឹងធ្វើទស្សនកិច្ចនិងជួបគ្នានៅទីក្រុងម៉ូស្គូនិងប៉េកាំងក្នុងប៉ុន្មានខែខាងមុខ៕ពុតសាម៉ាត់
Post a Comment