នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានណែនាំដល់អ្នកផលិតមាតិកាផ្សព្វផ្សាយតាមបណ្តាញសង្គមនិងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ឱ្យបញ្ឈប់ជាបន្ទាន់ការយកវិធីសាស្ត្រលេងសើច(Prank)មកផលិតមាតិការបស់ខ្លួនដើម្បីលក់ផលិតផលដាច់ឬទាក់ទាញការចាប់អារម្មណ៍ ដែលបង្កផលប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់អ្នកដទៃ។នេះបើតាមចេញផ្សាយAKP។
 |
សហការី |
លោក រដ្ឋមន្ត្រីបានបញ្ជាក់ថា ការយកវិធីសាស្ត្រលេងសើច (Prank) មកផលិតមាតិការបស់ខ្លួននេះមិនមែនជាភាពស្មោះត្រង់ក្នុងការផលិតមាតិតាទេ។ប៉ុន្តែជាការបង្កើតមាតិកាដោយខ្វះក្រមសីលធម៌និងការទទួលខុសត្រូវព្រមទាំងបានបង្កើតឱ្យមានការយល់ច្រឡំនិងប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល។សូមបញ្ជាក់ជូនថា ការចេញសាររបស់របស់លោករដ្ឋមន្ត្រី បានធ្វើឡើង ក្រោយពីពេលថ្មីៗនេះ ក្រសួងព័ត៌មាន បានកត់សម្គាល់ឃើញថា មានអ្នកផលិតមាតិកាផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម និងអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនបានផលិតខ្លឹមសារដោយបំពានលើក្រមសីលធម៌និងផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមដោយប្រើប្រាស់វិធីសាស្ត្រមិនស្មោះត្រង់ និងបំពានលើសិទ្ធិ សេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ ឬប្រើប្រាស់ពាក្យពេចន៍អសុរោះ ដើម្បីទាក់ទាញការចាប់អារម្មណ៍ និងលក់ផលិតផលរបស់ខ្លួនដាច់ ដោយមិនមានការគិតគូរដល់សីលធម៌សង្គម។ជាមួយគ្នានោះ តាមរយៈសេចក្ដីណែនាំនាថ្ងៃនេះ ក្រសួងព័ត៌មាន បានលើកឡើងថា ការផលិតមាតិកាបែបលេងសើច (Prank)ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសអ្នក ដទៃ មិនត្រូវបានលើកទឹកចិត្តឡើយ។ ការប៉ះពាល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់អ្នកដទៃជាការបំពានច្បាប់និងអាចជាកម្មវត្ថុនៃបណ្ដឹងរបស់អ្នក ដែលទទួលរងផលប៉ះពាល់។ក្រសួងព័ត៌មាន បានអំពាវនាវ ដល់សាធារណជន កុំចែករំលែកបន្តនូវខ្លឹមសារ ដែលមិនមានក្រមសីលធម៌ និងបំពានដល់សេចក្ដី ថ្លៃថ្នូរ និងកិត្តិយសរបស់អ្នកដទៃ និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងមាតិកាបែបបំពុលសង្គមទាំងអស់គ្នា។ទន្ទឹមនេះក្រសួងនឹងមានវិធានការផ្លូវច្បាប់ចំពោះអ្នក ដែលផលិតមាតិកាមិនសមរម្យ ប្រាស់ចាកក្រមសីលធម៌ និងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ជាតិ និងប៉ះពាល់ដល់សីលធម៌សង្គម។ក្រសួងព័ត៌មាន លើកទឹកចិត្ត និងកោតសរសើរចំពោះអ្នកផលិតមាតិកាតាមបណ្តាញទំនាក់ទំនងសង្គមភាគច្រើន ដែលបានគោរពក្រមសីលធម៌ រក្សាបាននូវសេចក្តីថ្លៃថ្នូរ និងគោរព សិទ្ធិអ្នកដទៃ និងផ្ដល់ព័ត៌មានពិត និងត្រឹមត្រូវជូនដល់សាធារណជន៕
 |
|
Post a Comment