សម្ដេចធិបតី៖ត្រូវយក​ចិត្តទុកដាក់​ពង្រឹងគុណ​ភាពពង្រីកវិសាលភាព​នៃសេវាទូរស័ព្ទនិងអ៊ី​នធឺណិត

សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរ​ឆ្ពោះទៅបរិវត្ត​កម្ម​ឌីជីថល និងទិសដៅការងារបន្តរបស់ក្រសួងប្រៃសណីយ៍និងទូរគមនា​គមន៍ នៅរសៀលថ្ងៃទី៦ ខែ​កុម្ភៈ ឆ្នាំ២០២៥ បានផ្តល់​អនុសាសន៍​ដល់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ថាត្រូវយកចិត្តទុកដាក់​ពង្រឹងគុណភាពសេវាពង្រីកវិសាលភាពនៃសេវាទូរស័ព្ទនិងអ៊ីនធឺណិត​តាមរយៈការសាងសង់ស្ថានីយអង់តែនទូរស័ព្ទចល័តការស្ថាបនា​បណ្តាញ​ខ្សែកាបលើអាកាសនិង​ក្រោមដីការបញ្ចប់គម្រោងបណ្តាញខ្សែ​កាបអុបទិកក្រោមបាតសមុទ្រឱ្យបានឆាប់ និងការស្ថាបនាបណ្តាញខ្សែ​កាបអុបទិក​ទៅដល់គ្រប់លំនៅដ្ឋានប្រជាពលរដ្ឋដែលមានតម្រូវការ។

សម្ដេចបវរធិបតី ក៏ណែនាំឱ្យក្រសួងរៀបចំផែនការដាក់ឱ្យដំណើរការសេវាទូរស័ព្ទចល័តជំនាន់៥(៥G)ដើម្បីឱ្យរាជរដ្ឋាភិបាលកំណត់ពេលសមរម្យមួយក្នុងការដាក់ឱ្យ​ដំណើរការ​សេវានេះ។ទន្ទឹមនេះសម្ដេចធិបតី ក៏ណែនាំឱ្យក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់​ក្រោមជាតិ ចូលរួមផ្តល់កិច្ចសហការឱ្យបាន​ពេញ​លេញ ក្នុងការជួយសម្រួល និងពន្លឿននីតិវិធីផ្តល់ការអនុញ្ញាតក្នុងការកសាង​ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល ដោយ​ត្រូវចាត់ទុកថា សេវាទូរស័ព្ទ និងអីនធឺណិត គឺជាសេវាសារវន្ត ដូចសេវាអគ្គិសនី និង ទឹកស្អាត ផងដែរ ។ឆ្លៀតក្នុងឱកាសនេះសម្ដេចបវរធិបតីអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់កុំមានការបារម្ភអំពីផលប៉ះពាល់សុខភាពបង្កមកពីស្ថានីយ៍អង់តែនទូរសព្ទចល័តពីព្រោះ តាមការសិក្សារបស់អង្គការសុខភាពពិភព​លោក គឺពុំមានភស្តុតាង​​វិទ្យាសាស្ត្រណាដែលបង្ហាញថាស្ថានីយ៍អង់តែន​ទូរសព្ទចល័ត អាចបង្កផលប៉ះពាល់ដល់សុខភាពរបស់​ប្រជាពលរដ្ឋ​ហើយ​ប្រសិនបើមានការប៉ះពាល់ដល់សុខភាពពិតមែនប្រទេសទាំងអស់ ជាពិសេសប្រទេសអភិវឌ្ឍ​មិនប្រើប្រាស់សេវាទូរស័ព្ទទៀតទេ។ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ក្រសួងពាណិជ្ជកម្ម និង ធនាគារជាតិនៃកម្ពុជា ដែលជាតួអង្គសំខាន់​នៅក្នុងពាណិជ្ជកម្ម​តាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំង ក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវ​សហការដើម្បីជំរុញសកម្ម​ភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិច​ត្រូនិកឱ្យដំណើរការបានល្អ ដោយលុបបំបាត់ការលក់ទំនិញក្លែង​ក្លាយនិងការបោកបញ្ឆោតតាមប្រព័ន្ធអនឡាញ៕ប្រភពSPTM

Powered by Blogger.