តួនាទីដ៏លេច​ធ្លោរបស់ព្រះ​ករុណាព្រះបាទសម្តេចព្រះបរ​មនាថ នរោត្តម សីហមុនី​ព្រះមហាក្សត្រនៃព្រះរាជា​ណាចក្រកម្ពុជា

 ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាមានព្រះរាជឱង្ការថាតួនាទីដ៏លេចធ្លោរបស់វត្តអារាមព្រះពុទ្ធសាសនាបានក្លាយទៅជាចលករមួយដែលមិនអាចកាត់ផ្ដាច់ចេញបាន រវាងដំណើរជីវិតប្រជាពលរដ្ឋខ្មែរប្រចាំថ្ងៃ និងការអភិវឌ្ឍសង្គមជាតិ ដែលមានន័យថា វត្តអារាម និងសង្គមគឺតែមួយ។នេះបើតាមការចុះផ្សាយAKP។

ព្រះករុណា ព្រះមហាក្សត្របានមានមានព្រះរាជឱង្ការដូច្នេះក្នុងខណៈស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ក្នុងព្រះរាជពិធីសម្ពោធមហាកុដិសម្តេចព្រះសង្ឃរាជ ជួន ណាត និងវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្រ្តាស្លឹករឹតខ្មែរ ព្រមទាំងសមិទ្ធផលនានា ស្ថិតក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានការចូលរួមពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំង សម្ដេច ឯកឧត្ដម លោកជំទាវ ជាសមាជិកសមាជិកា ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលរាជវង្សានុវង្សនិងអង្គទូតនៃបណ្ដាប្រទេសជាមិត្តយ៉ាងច្រើនកុះក។ព្រះមហាក្សត្រព្រះអង្គបានមានមានព្រះរាជឱង្ការគូសបញ្ជាក់បន្តថា លើសពីនេះទៅទៀត តួនាទីដ៏ពិសិដ្ឋរបស់វត្តអារាម ព្រះពុទ្ធសាសនាខ្មែរបានរួមវិភាគទានដ៏សំខាន់ដល់សង្គម តាំងពីបុរាណកាលរហូតមកដល់បច្ចុប្ប​ន្នកាល ក្នុងតួនាទីសំខាន់បួនយ៉ាង ទីមួយៈ វត្តអារាមខ្មែរបានដើរតួនាទីជំរុញបណ្ដុះសីលធម៌ គុណធម៌ ដែលជាផ្នែកមួយនៃពុទ្ធចរិយាសាស្ត្រធ្វើឱ្យសង្គមខ្មែរមានសុខដុមបនីយកម្មទាំងសាសនា និងសង្គម។ ទីពីរៈ វត្តអារាមខ្មែរ បានក្លាយទៅជាទីកន្លែងអប់រំទាំងផ្លូវកាយផ្លូវចិត្តកសាងធនធានមនុស្សឱ្យមានចំណេះដឹងគ្រប់បែបយ៉ាង។ ទីបីៈ វត្តអារាមខ្មែរ គឺជាឃ្លាំងសម្រាប់រក្សាទុកនូវបេតិវប្បធម៌ ប្រពៃណី ចំណេះដឹង សម្បូរបែបដែលផ្ដល់គុណតម្លៃសម្រាប់ការសិក្សាស្រាវជ្រាវ មិនចេះរីងស្ងួតឡើយ។ ទីបួនៈ វត្តអារាមខ្មែរ គឺជាទីកន្លែងដ៏ទូលាយ ក្នុងការបញ្ជ្រាប និងថែរក្សាអត្តសញ្ញាណព្រលឹងជាតិដ៏សំខាន់ តាំងតែពីបុរាណមក។ តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្នកាល វត្តអារាមជួយផ្ដល់កន្លែងស្នាក់នៅ បួស រៀនសូត្រ ចំណេះដឹងទូទៅ ដល់អ្នកដែលមានការខ្វះខាត ក្នុងចំណោមនោះ មានមួយចំនួនបានក្លាយទៅជាថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ក្នុងការបម្រើរដ្ឋ។ព្រះករុណាព្រះមហាក្សត្រ ក៏បានអរគុណ និងកោតសរសើរជាទីបំផុត ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភានិងជាប្រធានក្រុមឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលជាស្ថាបនិកដ៏អស្ចារ្យ ប៉ិនប្រសព្វ និងឈ្លាសវៃ ក្នុងការធ្វើឱ្យព្រះពុទ្ធសាសនានិងវត្តអារាមខ្មែរមានព្រលឹងរស់ឡើងវិញដូចសព្វថ្ងៃ ដែលនាំឱ្យមានស្ថេរភាពសង្គម សន្តិភាព ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។ ក្នុងពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានភាពឈ្លាសវៃ មានគោលនយោបាយសមស្រប ទទួលបានការរីកចម្រើន និងស្ថេរភាពសង្គមល្អប្រសើរ។ អាស្រ័យហេតុនេះមិនអាចមានបុគ្គលណាមួយប្រមាថ ឬប្រទស្តរាយ ចំពោះព្រះពុទ្ធសាសនា នៅក្នុងសម័យកាលសន្តិភាពនេះបានឡើយ។ 

ព្រះអង្គក៏បានកោតសរសើរចំពោះសប្បុរជននានា ទាំងពុទ្ធបរិស័ទ ដែលបានជួយកសាង និងជួសជុលមហាកុដិសម្ដេចព្រះសង្ឃរាជ ជួន ណាត និងវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ ព្រមទាំងសមិទ្ធផលនានាក្នុងវត្តឧណ្ណាលោម តាំពីដំណាក់កាលដំបូង រហូតមកដល់ថ្ងៃសម្ពោធនេះ បានល្អប្រពៃ។យោងតាមព្រះសុន្ទរកថា សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះចៅអធិការវត្តឧណ្ណាលោមនិងជាព្រះសាកលវិទ្យាធិការពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជបានឱ្យដឹងថាថវិកាសរុបដែលចំណាយសម្រាប់ជួសជុលសំណង់នានា នៅក្នុងវត្តឧណ្ណាលោម និងដំណើរការវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹត មានចំនួនជាង ៤លាន ២សែន ៣ម៉ឺន ដុល្លារអាម៉េរិក។ វត្តឧណ្ណាលោម គឺជាវត្តដែលស្ថិតក្នុងចំណោមវត្តទាំង៦ ក្នុងរាជធានីភ្នំពេញ ដែលត្រូវបានសាងសង់ឡើងក្នុងរជ្ជកាល ព្រះចៅពញាយ៉ាត នៅក្នុងឆ្នាំ១៤៣៧។ ទន្ទឹមនេះ​អ្វីដែលជាកត្តាប្រវត្តិសាស្ត្រនោះ គឺមានតែវត្តឧណ្ណាលោមតែមួយគត់ ដែលមានប្រាសាទសម័យអង្គរ ដោយយោងតាមការសិក្សាបង្ហាញថា ប្រាសាទនេះសាងសង់ឡើងក្នុងចន្លោះសតវត្សរ៍ទី១១ និងទី១២ ដោយមានរចនាបថកោះកេរ។ ប្រាសាទនេះ ធ្វើពីថ្មភក់ បែរមុខទៅទិសខាងកើត។ប្រាសាទនេះបានប្រែក្លាយជាចេតិយនៅសម័យក្រោយអង្គរ សម្រាប់ការគោរពបូជាក្នុងព្រះពុទ្ធសាសនា ដែលមានឈ្មោះថា ប្រាសាទពោធិលោម ដែលគេជឿថា ចេតិយនេះជាទីបញ្ចុះនូវឧណ្ណាលោម គឺរោមចិញ្ចើមរបស់ព្រះអរហន្ត ព្រះនាមអស្សជិត្ថេរ ទើបគេហៅចេតិយនេះថា ឧណ្ណាលោម ហើយក៏ក្លាយជាឈ្មោះវត្តរហូតមកដល់បច្ចុប្បន្ននេះ។ព្រះមហាក្សត្រ ព្រះអង្គបានបន្ដែមថាវត្តនេះមានមហាកុដិមួយដែលបានផ្តើមស្ថាបនាឡើងនៅក្នុងឆ្នាំ១៩៤៩ក្រោមព្រះរាជូបត្ថម្ភរបស់ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះចៅក្រុងកម្ពុជាធិបតី និងរួមមួយអន្លើដោយសទ្ធាជ្រះថ្លា រួបរួមគ្នាពីសំណាក់ពុទ្ធបរិស័ទ ក្នុងរាជធានីភ្នំពេញ និងខេត្តផ្សេងទៀត ដរាបដល់រួចរាល់ជាស្ថាពរ ហើយបានសម្ពោធឆ្លងចាប់ពីថ្ងៃទី១០-១៣ ខែមករា ឆ្នាំ១៩៥២៕
Powered by Blogger.