គុណតម្លៃរបស់មនុស្យគឺជាក្រមសីលធម៌និងគោលការណ៍ដែលកំណត់នូវអាកប្បកិរិយានៃភាពថ្លៃថ្នូរចេះថ្លឹងថ្លែងខុសត្រូវរបស់បុគ្គលឬស្ថាប័នដែលជួយនាំឱ្យសង្គមមួយមានការរស់នៅប្រកបដោយសេចក្តីសុខរម្យនា។នៅក្នុងសារវីដេអូមួយដែលបានចែកចាយតគ្នាក្នុងបណ្ដាញសង្គមបានបង្ហាញសកម្មភាពឈ្លោះប្រកែកគ្នារវាងលោកបណ្ឌិតសុខ ទូចនិងកម្លាំងសមត្ថកិច្ចដែលក្នុងនោះលោកសុខ ទូច បានបកស្រាយថាគឺជាពេលដែលខឹងច្រលោតក្រោយពេលដែលនគរបាលប្រើសំដីអសុរោះប្រមាថលោក។លោកបានសរសេរនៅលើហ្វេសបុករបស់លោកថា៖«នេះជាសកម្មភាពដែលខ្ញុំច្រលោតហើយក្រោយពេលហៅខ្ញុំអាផងហែងផង»។ប្រសិនបើសមត្ថកិច្ចអនុវត្តច្បាប់ប្រើពាក្យពេចន៍មិនសមរម្យមែននោះទៅកាន់ប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរដូចដែលលោកសុខទូចលើកឡើងមែននោះគឺខុសនឹងក្រមសីលធម៌និងគោលការណ៍នៃគុណតម្លៃរបស់សមត្ថកិច្ចហើយ។
 |
|
តែទោះយ៉ាងណាក៏ដោយក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏បានបកស្រាយភ្លាមទៅហេតុការណ៍ឃាត់លោកបណ្ឌិតសុខ ទូច ផ្លុំជាតិអាល់កុលកាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ ថាលោក សុខ ទូច មិនព្រមសហការហើយបានប្រើប្រាស់កាយវិការពាក្យសំដីមិនសមរម្យតាំងពីពេលចុះពីលើឡានទៅលើនគរបាល។ក្នុងសេចក្ដីបំភ្លឺនៅថ្ងៃទី១៨ ខែកុម្ភៈនេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យដឹងថាហេតុការណ៍ខាងលើកើតឡើងនៅមុខសាលាបឋមសិក្សាភ្នំពេញថ្មីកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខនៅម៉ោង១១និង៥៥នាទីយប់ថ្ងៃ១៧ ខែកុម្ភ បន្ទាប់ពីឃាត់រថយន្តដែលបើកបរដោយបណ្ឌិត សុខ ទូច ដើម្បីពិនិត្យជាតិស្រវឹង។នគរបាលឱ្យដឹងថាបណ្ឌិត សុខ ទូច បានចុះពីឡានក្នុងកាយវិការនិងពាក្យសម្តីមិនសមរម្យមិនព្រមសហការផ្លុំរកជាតិអាល់កុលហើយសមត្ថកិច្ចព្យាយាមណែនាំគាត់ឱ្យសហការត្រួតពិនិត្យជាតិអាល់កុលថែមទៀត។ក្នុងសេចក្ដីបំភ្លឺនោះបន្ថែមថា៖«បន្ទាប់មកគាត់បានយល់ព្រមផ្លុំខ្យល់៤ទៅ៥ដង។ប៉ុន្តែការផ្លុំខ្យល់នោះមិនដល់កម្រិតខ្យល់ដែលម៉ាស៊ីនចេញទិន្នន័យនោះទេហើយគាត់មិនព្រមសហការផ្លុំទៀតនិងមានសកម្មភាពច្រងេងច្រងាងទាញកញ្ជក់ម៉ាស៊ីនផ្លុំខ្យល់ពីដៃសមត្ថកិច្ចដោយចោទថាដាក់បំពង់ផ្លុំខ្យល់ចាស់ឱ្យគាត់ផ្លុំ។ប៉ុន្តែសមត្ថកិច្ចបានពន្យល់ណែនាំគាត់ថាបំពង់ផ្លុំខ្យល់នេះគឺផ្លុំមួយប្តូរបំពង់មួយថ្មីមិនប្រើបំពង់ផ្លុំហើយយកប្រើប្រាស់ទៀតនោះទេរួចគាត់ក៏បែរជាចោទសមត្ថកិច្ចហៅគាត់(អា)ទៅវិញនិងចោទថាប្រើប្រាស់កាយវិកាមិនសមរម្យដាក់គាត់ទៀតផង ខណៈដែលសមត្ថកិច្ចស្នើសុំឱ្យគាត់សហការផ្លុំរកជាតិអាល់កុល»។
 |
|
ក្រោយការប្រទះគ្នានេះសមត្ថកិច្ចឱ្យដឹងថាលោកបណ្ឌិត សុខ ទូច បានរើយកអីវ៉ាន់ វ៉ាលី និងសម្ភារ ចេញពីក្នុងរថយន្ត រួចហៅផាស់អេប ជិះចេញទៅបាត់ដោយបន្សល់ទុករថយន្តនៅគោលដៅត្រួតពិនិត្យជាតិស្រវឹងបន្ទាប់សមត្ថកិច្ចយកទៅរក្សាទុកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំអ្នកបើកបរចូលមកដោះស្រាយ។ជាទីបញ្ចប់ក្នុងនាមខ្ញុំប្រជាពលរដ្ឋម្នាក់សូមអរគុណដល់លោកបណ្ឌិតសុខទូចដែលជាមន្រ្តីស្អាតស្អំម្នាក់បានចែកចាយនូវរូបភាពនៅយប់ផ្លុំជាតិអាល់កុលឲ្យប្រជាពលរដ្ឋបានដឹងគ្រប់ៗគ្នា៕ផាត់យុទ្ធ
Post a Comment