កម្ពុជាឡាវនិង​វៀតណាមជំរុញដោះស្រា​យបញ្ហាព្រំដែនដែលនៅ​សេសសល់ឱ្យបានឆាប់រ​ហ័ស

 ក្នុងកិច្ចប្រជុំរវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគណបក្សប្រជាជនបដិវត្តន៍ឡាវ និងគណបក្សបក្សកុម្មុយនីស្តវៀតណាមនៅប្រទេសវៀតណាម កាលពីថ្ងៃសៅរ៍ដែលមានការចូលរួមពីនាយករដ្ឋមន្ត្រីទាំងបីប្រទេស បានជំរុញដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ឱ្យបានឆាប់រហ័ស ដើម្បីប្រែក្លាយតំបន់ព្រំដែនទៅជាព្រំដែនសន្តិភាព។ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា ក្នុងកិច្ចប្រជុំកំពូល​រវាង​គណបក្សក្នុងរដ្ឋាភិបាលទាំងបីប្រទេសនេះបានពិភាក្សាអំពីទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហ​ប្រតិ​បត្តិការរវាងគណបក្សត្រីភាគីក្នុងស្មារតីគោរពគ្នាទៅ​វិញ​ទៅ​មក ដើម្បីឯករាជ្យភាព អធិបតេយ្យភាព សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ជាប្រយោជន៍ប្រជាជននៃប្រទេសទាំងបី។ភាគីទាំងបីបានពិភាក្សាអំពីការជំរុញការដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ឱ្យបានឆាប់រហ័សម្បីប្រែក្លាយតំបន់ព្រំដែនទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ច​សហ​ប្រតិបត្តិការ និងការអភិវឌ្ឍ​។

ភាគីទាំងបីបានប្តេជ្ញាចិត្តចូលរួមជំរុញនិងពង្រឹងសហ​គមន៍អា​ស៊ាន ដើម្បីការពារសាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ាន នៅក្នុងនិម្មាបនកម្មសេដ្ឋ​កិច្ច និង​សន្តិ​សុខតំបន់និងពិភពលោក ជាពិសេសនៅក្នុងបរិបទនៃសភាពការណ៍អន្តរជាតិ និង​ភូមិសាស្ត្រនយោបាយ បន្តប្រែប្រួលយ៉ាងឆាប់រហ័ស ពិបាកប៉ាន់ស្មាន ស្មុគស្មាញ និង​ផុយ​ស្រួយ។ភាគីទាំងបីបន្តពង្រឹងនិងពង្រីកប្រកបដោយប្រសិទ្ធភាពរាល់យន្តការ​សហប្រតិ​បត្តិការ​ ដែលមានស្រាប់ ស្រាវជ្រាវបង្កើតយន្តការសហប្រតិបត្តិការថ្មី ក្នុងនោះរួមមានការផ្សព្វ​ផ្សាយ និងការតភ្ជាប់បណ្តាញសន្តិភាពសកល គំនិតផ្ដួចផ្ដើមតំបន់នានា សំដៅលើក​កម្ពស់ប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកដល់ការកសាង និងការពារ​សន្តិ​ភាព វិបុលភាពតំបន់ និងពិភពលោក។ក្នុងសេចក្ដីប្រកាសព័ត៌មានបន្ថែមថា សម្រាប់កិច្ចប្រជុំទ្វេភាគីរវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនិស្តវៀតណាម ដែលដឹកនាំដោយលោក ហ៊ុន សែន ប្រធានគណបក្ស និងលោក តូ ឡឹម អគ្គលេខាធិការមជ្ឈិមបក្សកម្មុយនីស្តវៀតណាម បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនឥតឈប់ឈរនៃចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី ទំនាក់​ទំនងជាប្រវត្តិសាស្ត្រ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ​លើ​គ្រប់​វិស័យ។ក្នុងនោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម ផ្ដោតសំខាន់ទៅលើនយោបាយ សន្តិសុខ ការពារជាតិ ការទូត សេដ្ឋកិច្ច ពាណិជ្ជ​កម្ម វប្បធម៌ អប់រំ និងទេសចរណ៍ ស្របតាមទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាព​ជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។ភាគីទាំងពីរបានផ្ដល់ព័ត៌មានគ្នាទៅវិញទៅមកអំពីសភាពការណ៍ជាតិ តំបន់ និងអន្តរជាតិ ព្រមទាំងចែករំលែកអំពីបទពិសោធ និងសភាពការណ៍លេចធ្លោនៃគណបក្ស និង​ប្រទេសនីមួយៗ ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌតំបន់ និង​អន្តរជាតិព្រមទាំងដាក់ទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ​ក្នុង​ឆ្នាំបន្តបន្ទាប់។ភាគីវៀតណាម បានអបអរសាទរកម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះ និងជាប្រធានដឹកនាំ​ប្រកបដោយភាពជោគជ័យចំពោះកិច្ចប្រជុំអន្តរជាតិសំខាន់ៗក្នុងឆ្នាំ២០២៤ ទាំងក្នុងក្របខណ្ឌ​គណបក្ស សភា និងរាជរដ្ឋាភិបាល ជាពិសេសការអនុម័តធម្មនុញ្ញសន្តិភាពសកល និង​ការ​លើកកម្ពស់ពិភពលោកមួយដែលគ្មានមីន។ ភាគីកម្ពុជា ក៏បានអបអរសាទរចំពោះសមិទ្ធផលរបស់វៀតណាមក្នុងការកសាង និង​អភិ​វឌ្ឍ​ប្រទេស​។ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការចាត់តាំង​អនុវត្តស្មារតី​កុងសង់ស៊ីសរវាងថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងពីរក្នុងកិច្ចប្រជុំកន្លងមក ដើម្បី​លើក​កម្ពស់ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណីល្អ និងកិច្ចសហប្រតិបត្តិការ និងការជួយ​គាំទ្រគ្នាទៅវិញទៅមក ដើម្បីដោះស្រាយបញ្ហានានាក្នុងទំនាក់ទំនងរវាងប្រទេស​ទាំងពីរ​ឱ្យ​បានទាន់ពេល និងមានប្រសិទ្ធភាព ដោយបានបង្កើនជំនឿទុកចិត្តគ្នាទៅ​វិញ​ទៅមក​ក្នុងភាពជាមិត្តជិតខាងល្អ។ភាគីទាំងពីរនឹងបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការរវាងយុវជននៃគណបក្ស និងប្រទេស​ទាំងពីរ ដើម្បីជាស្ពានតភ្ជាប់បន្ថែមទៀត ដល់ការលើកកម្ពស់ទំនាក់ទំនងមិត្តភាពកម្ពុជា-​វៀតណាម ក្នុងស្មារតី «តភ្ជាប់ យុវជន តភ្ជាប់ជំនាន់ និងតភ្ជាប់ភាពជាអ្នកដឹកនាំ»។ភាគីទាំងពីរបន្តគាំទ្រគ្នាទៅវិញទៅមក និងជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌ​គណបក្ស សភា រាជរដ្ឋាភិបាល និងអង្គការមហាជនរវាងប្រទេសទាំងពីរ ដើម្បីចូលរួម​ក្នុង​ការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍតំបន់ និងពិភពលោក។ក្នុងស្មារតីសាមគ្គីភាព មិត្តភាព ជឿទុកចិត្តគ្នាទៅវិញទៅមក ទាំងកិច្ចប្រជុំកំពូលទ្វេភាគី​កម្ពុជា​-វៀតណាម ព្រមទាំងកិច្ចប្រជុំកំពូលគណបក្សកម្ពុជា-ឡាវ-វៀតណាម ទទួលបាន​លទ្ធផលល្អប្រសើរ ដែលជាគុណប្រយោជន៍​ដល់ការពង្រឹងពង្រីកចំណង​មិត្ត​ភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងគណបក្ស និងប្រទេស​ទាំង​ពីរកម្ពុជា-វៀតណាម និងរវាងប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាម។ក្នុងសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថាថ្នាក់ដឹកនាំនៃគណបក្សទាំងបីបានឯកភាពគ្នាជួបប្រជុំកំពូលនៅ​កម្ពុជា នាឆ្នាំ២០២៦ ខាងមុខ។​លោក តឹក ម៉េង អ្នកជំនាញប្រវត្តិសាស្ត្រនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ការដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់រវាងកម្ពុជា-ឡាវ-វៀតណាមដោយសន្តិវិធីបានផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រទេសនីមួយៗ ជាពិសេសរវាងប្រជាជននិងប្រជាជន។លោកបញ្ជាក់ថា គ្មានផលប្រយោជន៍ណាមួយដែលកើតឡើងដោយសារសង្គ្រាមឡើយនោះទេដូច្នេះផលប្រយោជន៍តែងកើតឡើងដោយដោះស្រាយតាមសន្តិវិធី ដើម្បីស្វែងរកចំណុចរួម និងការឯកភាពទ្វេភាគីផ្អែកលើច្បាប់ជាតិ និងអន្តរជាតិដើម្បីឈានទៅបោះបង្គោលព្រំដែនដែលនៅសេសសល់ដោយសុវត្ថិភាព សន្តិភាព គ្មានសង្គ្រាម ដែលនាំឱ្យប្រជាជនក្នុងប្រទេសមានទំនាក់ទំនងកាន់តែល្អ ហើយទទួលប្រយោជន៍ទៅវិញទៅមកតាមរយៈព្រំដែនមានសន្តិភាព។លោកអះអាងថា៖ «ការដោះស្រាយដោយសន្តិវិធី វាមិនមែនងាយស្រួលដូចដោះស្រាយតាមប្រដាប់អាវុធនោះទេ តែក្រោយសង្គ្រាមលោកលើកទី២ និន្នាការពិភពលោក អង្គការសហប្រជាជាតិតម្រូវឱ្យគ្រប់ភាគីដោះស្រាយតាមសន្តិវិធីដោយផ្អែកតាមច្បាប់ជាតិ អន្តរជាតិ ជាពិសេសបង្គោលព្រំដែនដែលបន្សល់ពីបារាំង ដូច្នេះការដោះស្រាយដោយសន្តិវិធីតាមរយៈការចរចាគ្នានេះ មតិនីមួយៗតែងចង់បានផលចំណេញរៀងៗខ្លួន ដែលនាំឱ្យការឯកភាពរវាងគ្នាមានការលំបាកនិងត្រូវការពេលវេលាយូរ»។គួររម្លឹកថា កម្ពុជា-វៀតណាម មានព្រំដែនគោកប្រមាណ ១,២៧០គីឡូម៉ែត្រ ដែលបច្ចុប្បន្នបានបោះបង្គោលព្រំដែនសម្រេចបាន ៨៤% នៅសល់១៦%។ចំណែកព្រំដែនកម្ពុជា-ឡាវ មានប្រមាណ ៥៤០គីឡូម៉ែត្រ ក្នុងនោះការងារបោះបង្គោលព្រំដែនសម្រេចបាន៨៦% នៅសល់១៤%៕KhmerTimes

Powered by Blogger.