លោកថោជេដ្ឋារដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមនិងជាប្រធានអាជ្ញាធរទន្លេសាប នៅព្រឹកថ្ងៃព្រហស្បតិ៍ត្រូវនឹងថ្ងៃទី៩ខែមករា ឆ្នាំ២០២៥ នេះ បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយពីលទ្ធផលការងាររបស់អាជ្ញាធរទន្លេសាប និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ នៅសាលប្រជុំរំដួល នៃទីស្តីការក្រសួងធនធានទឹកនិងឧតុនិយមដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកា របស់អាជ្ញាធរទន្លេសាបតំណាងក្រសួងស្ថាប័នពាក់ព័ន្ធនិងខេត្តជុំវិញតំបន់ទន្លេសាប។នេះបើតាមការចេញផ្សាយAKP។
|
|
សូមជម្រាបថា អាជ្ញាធរទន្លេសាបបានបង្កើតឡើងតាំងពីឆ្នាំ២០០៩ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលសម្រាប់សម្របសម្រួលក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ទន្លេសាប។ តំបន់ជុំវិញបឹងទន្លេសាបត្រូវបានបែងចែកជា៣គឺ៖ តំបន់១ ជាតំបន់លំនៅដ្ឋាន និងស្រែចំការរបស់ប្រជាពលរដ្ឋ តំបន់២ ជាតំបន់ប្រើប្រាស់អាស្រ័យផល និងរក្សាទុកជាតំបន់ទ្រនាប់ការពារ និង តំបន់ ៣ ជាតំបន់ដែនព្រៃលិចទឹក ហាមឃាត់ដាច់ខាត។ក្នុងឱកាសនេះ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណដ៏ស្មោះនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងមន្រ្តីក្រោមឱវាទអាជ្ញាធរទន្លេសាបទាំងអស់ដែលបានសហការយ៉ាងល្អប្រសើរនិងយកចិត្តទុកដាក់អនុវត្តការងាររយៈពេល១ឆ្នាំកន្លងទៅប្រកបដោយការទទួលខុសត្រូវខ្ពស់និងមានសុខដុមនីយកម្មការងារ។លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ជូនកិច្ចប្រជុំ អំពីសារៈសំខាន់របស់បឹងទន្លេសាបហើយដែលបាននិងកំពុងផ្តល់អត្ថប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់ដល់មនុស្សជាតិតាមរយៈការផ្តល់ធនធានត្រីដ៏សម្បូរបែបនិងផ្គត់ផ្គង់ធនធានទឹកព្រមទាំងសម្បូរទៅដោយប្រព័ន្ធអេកូឡូស៊ីនិងជាទីជម្រកនៃជីវៈចម្រុះសំខាន់ៗគ្រប់ប្រភេទដែលមាននៅតំបន់អាស៊ីទាំងមូល។ទន្ទឹមនឹងនេះលោករដ្ឋមន្ត្រីក៏បានលើកឡើងពីការតាំងចិត្ត ការប្តេជ្ញាចិត្តនិងជំហរដ៏មោះមុតក៏ដូចជាវិធានការគន្លឹះរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភាដែលបានដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ប្រកបដោយភាពម៉ឺងម៉ាត់ហ្មត់ចត់ក្នុងការចូលរួមលើកកម្ពស់ប្រសិទ្ធភាព ការអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ឱ្យសម្រេចបានជោគជ័យ ជាពិសេសក្នុងការអភិរក្ស និងការអភិវឌ្ឍបឹងទន្លេសាបដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃធំធេងសម្រាប់ប្រទេសកម្ពុជា។លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា អនុវត្តតាមការណែនាំ និងចង្អុលបង្ហាញរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី អាជ្ញាធរទន្លេសាបបានសហការជាមួយបណ្តាក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដីនៃខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ដោយបានបញ្ចប់ការធ្វើបច្ចុប្បន្នភាពផែនទីកំណត់តំបន់១ តំបន់២ និងតំបន់៣ និងបានបោះបង្គោលព្រំតំបន់៣ ជាថ្មីឡើងវិញចំនួន ១២២៤ចំណុចដើម្បីការពារដែនព្រៃលិចទឹកនៅជុំវិញតំបន់បឹងទន្លេសាប។សូមបញ្ជាក់ថាប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ថា រាជរដ្ឋាភិបាលអាណត្តិទី៧បេ្តជ្ញា បន្តការកំណត់ដែនព្រៃលិចទឹកតំបន់បឹងទន្លេសាបរហូតដល់ចប់ ប្រកបដោយប្រសិទ្ធភាព សុក្រឹតភាព និងចីរភាព ស្របតាមគោលការណ៍ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលអាណត្តិទី៦។បច្ចុប្បន្ននេះអាជ្ញាធរទន្លេសាបបាននិងកំពុងតែបន្តកិច្ចសហការជាមួយក្រសួងស្ថាប័នជំនាញបច្ចេកទេស ជាពិសេស ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ក្នុងការពិនិត្យផ្ទៀងផ្ទាត់ទំហំផ្ទៃដីតំបន់ទាំងបីឡើងវិញឱ្យបានត្រឹមត្រូវ ដើម្បីធ្វើការចុះបញ្ជីដីជាសម្បត្តិរដ្ឋ និងរៀបចំនូវបទដ្ឋានគតិយុត្ត ស្តីពីការគ្រប់គ្រង និងប្រើប្រាស់ដី និងធនធានធម្មជាតិនៅតំបន់បឹងទន្លេសាប ដើម្បីដាក់ស្នើសុំការពិនិត្យ និងសម្រេចពីរាជរដ្ឋាភិបាល សម្រាប់យកមកអនុវត្ត និងប្រើប្រាស់ជាផ្លូវការ៕
Post a Comment