ការសម្រេចបើកសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ នៅពេលនេះស្របពេលមួយដែលសភាពការណ៍សកលលោកបាននិងកំពុងវិវត្តប្រែប្រួលមិនប្រាកដប្រជាម្យ៉ាងគ្រាដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដែលដឹកនាំដោយសម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងខិតខំប្រឹងប្រែងធ្វើឲ្យសម្រេចជាបន្តបន្ទាប់នូវគោលដៅជាយុទ្ធសាស្ត្ររបស់គណបក្សតាមរយៈការអនុវត្ត“កម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៨”ដែលអនុម័តដោយមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សកាលពីថ្ងៃទី ២៨-២៩ ខែមករា ឆ្នាំ ២០២៣ ។នេះយោងតាមរបាយការណ៍បើកសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥អាណត្តិទីVនាព្រឹកថ្ងៃទី២៥ខែមករាឆ្នាំ២០២៥។
|
|
របាយការណ៍ខាងលើបានបន្តថាឈរលើមូលដ្ឋាននេះរាជរដ្ឋាភិបាលបានកំណត់ដាក់ចេញ និងអនុវត្តដោយរស់រវើកនូវកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ដោយសម្រេចបានស្នាដៃលេចធ្លោជាទីមោទនៈដូចជា ការពារបានរឹងមាំសន្តិភាព ស្ថិរភាពនយោបាយ ខឿន ឯករាជ្យ អធិបតេយ្យ និងបូរណភាពដែនដី, រក្សាបានល្អប្រសើរ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សង្គម, រក្សាបានស្ថិរភាពជីវភាពប្រជាជន និងសេដ្ឋកិច្ចជាតិមានកំណើនក្នុងរង្វង់៦%បានបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោជាប្រវត្តិសាស្ត្រ បានដោះស្រាយបញ្ហាតំបន់ត្រីកោណ CLV- DTA ដើម្បីពង្រឹងការឯកភាពផ្ទៃក្នុងនិងបន្តពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងបី កម្ពុជា-វៀតណាម -ឡាវ។ជាមួយគ្នានោះ រដ្ឋាភិបាល បានបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន និងបានធ្វើឲ្យបរាជ័យរាល់ឧបាយកលអាក្រក់របស់ក្រុមជ្រុលនិយមជាដើម។ លើសពីនេះទាំងស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិប្បញ្ញត្តិ បានរួមគ្នាពង្រឹងពង្រីកបានល្អនូវការងារទំនាក់ទំនងបរទេស ការងារការទូត និងដៃគូអភិវឌ្ឍន៍ ហើយក៏បានធ្វើជាម្ចាស់ផ្ទះ និងជាប្រធានដឹកនាំកិច្ចប្រជុំធំៗជាអន្តរជាតិចំនួន ៤ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់៕ ប្រភពSHS/AKP
Post a Comment