កម្ពុជា-ប៉ាគីស្ថានវា​យតម្លៃខ្ពស់ចំពោះ​ភាពរីកចម្រើននៃទំនាក់​ទំនងរវាងប្រទេសទាំងពីរ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥បានអនុញ្ញាតឱ្យ ឯកឧត្តម ចាំ កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្ដិភាព។ 

ក្នុងឱកាសនៃជំនួប,ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនូវការពេញចិត្តចំពោះភាពល្អប្រសើរនៃទំនាក់ទំនង ប៉ាគីស្ថាន និងកម្ពុជា ហើយឯកឧត្តមបានលើកឡើងថាវឌ្ឍនភាពនេះរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូនៅកម្ពុជានាពេលនេះ បានផ្ដល់នូវបទពិសោធន៍ល្អៗជាច្រើនហើយឯកឧត្តមបានសង្កេតឃើញពីភាពប្រហាក់ប្រហែលគ្នានៃវិស័យជាច្រើនរបស់ប៉ាគីស្ថាន និងកម្ពុជា។ ឯកឧត្តមបានបន្ថែមទៀតថាគោលបំណងនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម គឺដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា -ប៉ាគីស្ថានលើកទី១នៅកម្ពុជាដែលកិច្ចប្រជុំនេះនឹងមានជំនួបរវាងសហគមន៍ធុរកិច្ចប៉ាគីស្ថាននិងកម្ពុជាដែលនឹងចូលរួមចំណែកបង្កើតជាកាលានុវត្តភាពវិនិយោគបន្ថែមទៀតសម្រាប់ធុរជនប្រទេសទាំងពីរ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ និងពេញចិត្តចំពោះទំនាក់ទំនងប្រទេសទាំងពីរ ហើយតាមរយៈកុច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា -ប៉ាគីស្ថានលើកទី១បានឆ្លុះបញ្ចាំងពីការរីកចម្រើននៃទំនាក់ទំនងកម្ពុជា-ប៉ាគីស្ថាន។ ទន្ទឹមនឹងនោះ សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា កិច្ចប្រជុំនេះមិនត្រឹមតែជួយពង្រីកកាលានុវត្តភាពវិនិយោគប៉ុណ្ណោះទេ ថែមទាំងជួយពង្រីកកិច្ចសហប្រតិបត្តិលើវិស័យសក្ដានុពលផ្សេងៗទៀត រវាងកម្ពុជានិងប៉ាគីស្ថាន។សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីការគាំទ្រនិងវិធានការនានាដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាលដើម្បីធានាដល់ភាពជោគជ័យរបស់វិស័យឯកជននៅកម្ពុជាដោយសម្ដេចបវរធិបតីបានលើកឡើងថាវិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ដល់ការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា ដែល​លើកកម្ពស់​ជីវភាព​រស់​នៅរបស់​ប្រជាពលរដ្ឋ។ 

សម្ដេចបវរធិបតី និងឯកឧត្តមរដ្ឋមន្ត្រីក៏បានពិភាក្សាពីការជំរុញ ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ជាច្រើនរួមមាន​ ជាអាទិ៍​៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សុខាភិបាល​ អប់រំ កសិកម្ម បច្ចេកវិទ្យា កម្មន្តសាល ទេសចរណ៍ និងការតភភ្ជាប់រវាងប្រជាជននិងប្រជាជន៕
Powered by Blogger.