សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ ថា ពាក្យ “អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ” គឺប្រើស័ក្ដិសមបំផុតនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ដែលទីនេះបានកែប្រែពីតំបន់ព្រៃមកជាការអភិវឌ្ឍរីកចម្រើនដូចជាទីក្រុងមួយទៅហើយ។
|
|
ជាក់ស្តែង មានអតីតយុទ្ធជន ដែលកំពុងមានវត្តមាននៅទីនេះ ជាសាក្សីរស់ ហើយមានសំណាងរស់រានមានជីវិតនិងអាចបង្កើតគ្រួសារ។យោធាជាច្រើនរូប ក៏អាចត្រឡប់ទៅជួបជុំគ្រួសារ ហើយទីនេះ ដែលធ្លាប់ជាតំបន់ព្រៃ និងដាច់ស្រយាលបានក្លាយទៅជាតំបន់ពោរពេញដោយការវិវត្ត មានភូមិ សាលារៀនមន្ទីរពេទ្យនិងជីវភាពរស់នៅ។ទីនេះដែលជាកន្លែងធ្លាប់តែគ្មានមនុស្សរស់នៅ បានប្រែក្លាយទៅជាកន្លែងដែលមានមនុស្សរស់នៅជាង ៦០០គ្រួសារ ដោយបានប្រែក្លាយជីវិតថ្មី កសាងគ្រួសារថ្មី និងបង្កបង្កើនផលចិញ្ចឹមជីវិត។កន្លែងនេះនឹងក្លាយជាកន្លែងសម្រាប់បងប្អូនតជំនាន់អាចអភិវឌ្ឍទៅមុខនិងកាន់តែល្អថែមទៀតពីមួយជំនាន់ទៅមួយជំនាន់ ដែលនេះជាការអភិវឌ្ឍពិតប្រាកដ។សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថារាជរដ្ឋាភិបាលកម្ពុជាគឺមិនដែលទុកអតីតយុទ្ធជនចោលនោះទេ ដោយយកចិត្តទុកដាក់ទៅលើកិច្ចការ២ សំខាន់ គឺជីវភាព និងកិត្តិយស។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងផងដែរថា រាជរដ្ឋាភិបាល ពិតជាបានដោះស្រាយនិងជួយច្រើនចំពោះអតីតយុទ្ធជន តែនៅតែមិនទាន់បានគ្រប់ ១០០% ឬបំពេញសេចក្តីត្រូវការនោះទេ ព្រោះទំហំធំ តែយើងនឹងខិតខំបន្ត។ ក្នុងន័យនេះ រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំទាំងអស់និងក្នុងនាមនាយករដ្ឋមន្ត្រីផ្ទាល់ប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តខិតខំកសាងបន្ថែម អភិវឌ្ឍបន្ថែម អភិវឌ្ឍប្រទេស និងជួយអតីតយុទ្ធជន គឺត្រូវធ្វើជាបណ្តើរៗ សន្សឹមៗ ហើយក្នុងនាមរាជរដ្ឋាភិបាល សូមថ្លែងអំណរគុណដល់បងប្អូនអ៊ំពូមីងតាយាយដែលបន្តគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍ ក្រោមម្លប់សន្តិភាព និងការដឹកនាំប្រកបដោយភាពច្បាស់លាស់និងចក្ខុវិស័យវែងឆ្ងាយ។មុននឹងបញ្ចប់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីក៏បានឆ្លៀតឱកាសគូសបញ្ជាក់អំពីបញ្ហាកសិផល ជាពិសេសអំពីតម្លៃស្រូវប្រភេទអូអឹម (OM)។វិស័យកសិកម្ម គឺជាវិស័យអាទិភាពសំខាន់ណាស់ ក្នុងការ ធានាដល់សន្តិសុខស្បៀងរបស់យើងដែលរាជរដ្ឋាភិបាលត្រូវទទួលខុសត្រូវ ចំពោះ អ្នកផលិត និងអ្នកប្រើប្រាស់។ ចំពោះអ្នកផលិត, រាជរដ្ឋាភិបាលធានាអំពីតម្លៃ និងទីផ្សារ តាមរយៈគុណភាព និងថ្លៃដើម ឯអ្នកប្រើប្រាស់, រាជរដ្ឋាភិបាលធានាតម្លៃសមរម្យនិងមិនឱ្យឡើងថ្លៃពេក។ ក្នុងន័យនេះ,ចំពោះអ្នកផលិតកសិផលជាស្រូវ,បន្ថែមពីលើការគិតគូលើថ្លៃលក់ និង ទីផ្សារសម្រាប់លក់ យើងត្រូវគិតគូជាច្រើនដំណាក់កាល៖ ដំណាក់កាលទី១ គឺត្រូវមានដី សម្រាប់ដាំដុះ, ដំណាក់កាលទី២ គឺត្រូវមានទឹក សម្រាប់ស្រោចស្រព, ដំណាក់កាលទី៣ គឺត្រូវមានផ្លូវ ភ្លើង សម្រាប់ដឹកជញ្ជូនកសិផល ឬបូមទឹក/ប្រើប្រាស់ និងស្រោចស្រព, និង ដំណាក់កាលទី៤ គឺទីផ្សារ សម្រាប់លក់ដូរ ដោយគិតទាំងក្នុងស្រុក និងក្រៅស្រុក។សម្តេចបវធិបតីនាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់អំពីអ្វីដែលរាជរដ្ឋាភិបាលបានធ្វើនិងដាក់វិធានការចំនួន២ក្នុងការជួយដល់ការគ្រប់គ្រងតម្លៃស្រូវ៖ទី១/ វិធានការផ្ទាល់ គឺបញ្ចេញថវិកា ៤០លានដុល្លារបញ្ជូនទៅរោងម៉ាស៊ីនកិនស្រូវសម្រាប់ទទួលទិញស្រូវ, សម្រាប់បង្វិលប្រមូលទិញកសិផល, និង គ្រោងថវិកាបន្ថែម ៣០លានដុល្លារ សម្រាប់ទិញ និងបង្វិលប្រមូលទិញស្រូវ ព្រមទាំង យន្តការធានាឥណទានសម្រាប់ធានាទិញស្រូវ ក្នុងទំហំថវិកា ១០០លានដុល្លារបន្ថែមទៀត និង ទី២/ វិធានការប្រយោល គឺគោលដៅសំខាន់ក្នុងការកាត់បន្ថយថ្លៃដើមនៃការផលិត តាមរយៈការមិនយកពន្ធលើដីកសិកម្មរបស់ប្រជាកសិករ, ការមិនយកពន្ធអាករលើឧបករណ៍ សម្ភារៈកសិកម្ម វត្ថុធាតុដើម ពូជដំណាំ និងជី,កាត់បន្ថយថ្លៃអគ្គិសនីនិងការចងក្រងបង្កើតសហគមន៍កសិកម្មទំនើប៕ប្រភពSTPM
Post a Comment