លោកសោមសូរីដាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានលើកឡើងថាការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតលើកទី១ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ មានរយៈពេល៨ថ្ងៃដោយត្រូវចាប់ផ្ដើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។នេះបើតាមការចេញផ្សាយAKP។
|
|
ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការ គ.ជ.ប. ឯកឧត្ដម សោម សូរីដា បានគូសបញ្ជាក់ថា ការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោមនៃខេត្តព្រះសីហនុមានទិសដៅឱ្យគណបក្សនយោបាយនិងបេក្ខជនឈរឈ្មោះបោះឆ្នោតធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួន ជូនអ្នកបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាសង្កាត់ក្នុងមុខតំណែង ក្នុងមណ្ឌលក្រុងកំពង់សោមនៃខេត្តព្រះសីហនុ។ ឯកឧត្ដមបន្តថា ការឃោសនាបោះឆ្នោតគឺជាសកម្មភាពមួយចំនួនដែលត្រូវធ្វើជាសាធារណៈ ដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោតឱ្យបោះឆ្នោតគាំទ្របេក្ខជន ឬគណបក្សនយោបាយណាមួយ។សម្រាប់សកម្មភាពទាំងនោះមានជាអាទិ៍ ការជួបប្រជុំជាសាធារណៈរបស់គណបក្សនយោបាយ ឬបេក្ខជន។ ឯកឧត្ដមសមាជិក គ.ជ.បរូបនេះបានបន្ថែមថា ការរៀបចំក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើងឬដោយយានជំនិះគ្រប់ប្រភេទនៅក្នុងក្រុងកំពង់សោម ខណៈការជួបជុំឬការឃោសនាតាមផ្ទះរបស់អ្នកបោះឆ្នោត។ ចំពោះសកម្មភាពបិទផ្សាយបដា ពាក្យស្លោក ឬកម្មវិធីនយោបាយ ឬរូបភាពឃោសនាផ្សេងៗនិងសកម្មភាពចែកចាយខិត្តបណ្ណគណបក្សនយោបាយជាដើម។លោកសោម សូរីដា សមាជិក គ.ជ.ប. បានគូសបញ្ជាក់ទៀតថាគ្រប់សកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ត្រូវចាប់ផ្តើមពីម៉ោង ៦ព្រឹក ដល់ ម៉ោង ១០យប់ និងត្រូវឈប់សម្រាកនៅ ចន្លោះ ពីម៉ោង១០យប់ ដល់ម៉ោង ៦ ព្រឹក។ ចំពោះសកម្មភាពឃោសនាបោះឆ្នោតដោយឧបករណ៍បំពងសំឡេងត្រូវហាមឃាត់ជាទូទៅចាប់ពីម៉ោង ១២ថ្ងៃត្រង់ ដល់ ម៉ោង ២ រសៀល។ លោកអះអាងថាគ.ជ.ប.អនុញ្ញាតឱ្យគណបក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះសម្រាប់ការបោះឆ្នោតលើកទី១ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ អាចហែក្បួនព្យុហយាត្រា ក្នុងអំឡុងពេលឃោសនាបោះឆ្នោតនេះយ៉ាងច្រើន២ដង នៅក្នុងមណ្ឌលក្រុងរបស់ខ្លួន។ជាមួយគ្នានេះដែរ ការហែក្បួនព្យុហយាត្រា ត្រូវបានអនុញ្ញាតឱ្យធ្វើក្នុងក្របខ័ណ្ឌសង្កាត់ទាំង៥ នៃក្រុង- កំពង់សោម។ ទន្ទឹមនេះ គណបក្សនយោបាយសាម៉ី ត្រូវជូនដំណឹងទៅ គ.ខ.ប. ព្រះសីហនុយ៉ាងហោចណាស់ឱ្យបាន៣ថ្ងៃមុនថ្ងៃហែក្បួនឃោសនាបោះឆ្នោត។ចំណែកក្បួនឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនីមួយៗត្រូវរក្សាសុវត្ថិភាពអ្នកចូលរួម និងសណ្តាប់ធ្នាប់ល្អនៅតាមដងផ្លូវ ទីប្រជុំជនទីសាធារណៈនិងត្រូវយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍។គួរបញ្ជាក់ដែរថាការបោះឆ្នោតលើកទី១ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយនៃ ខែមករា ឆ្នាំ២០២៥៕
Post a Comment