ម្ចាស់រថយន្តស៊ីរ៉ែនបើកផ្លូវជូនស្ដ្រីអ្នកលក់ឡេទៅស៊ីការប្រគល់អង្គភាពសាមីចាត់វិធានការអនុវត្តទណ្ឌកម្មវិន័យ
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសឧត្តមសេនីយ៍ត្រីអេង ហ៊ី បានបញ្ជាក់ជូនសាធារណជននិងអ្នកសារព័ត៌មានអំពីការស្រាវជ្រាវរបស់កងរាជអាវុធហត្ថទៅលើករណីរថយន្តស៊ីរ៉ែនពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-1871។សេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទប្រទេស នាថ្ងៃទី១៣ខែមករាឆ្នាំ២០២៥នេះអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសខាងលើបានបញ្ជាក់ថាតាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ឯករ័ត្ន ស្រាង មេបញ្ញាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញអនុវត្តតាម បទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់នាយឧត្ដមសេនីយ៍អគ្គមេបញ្ជាការរងនៃកងយោធ ពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងជំនាញបានធ្វើការស្រាវជ្រាវនិងចុះទៅដល់ទីតាំងលំនៅឋានរបស់បុគ្គលដែលពាក់ព័ន្ធនឹងរថយន្ដស៊ីរើនអូសក្បួននោះហើយបានកោះអញ្ជើញបុគ្គលពាក់ព័ន្ធមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបំភ្លឺ។
រូបភាពAKP |
អ្នកនាំពាក្យខាងលើបានបន្ថែមថាក្រោយពីបានស្តាប់ដំណើររឿងនិងអង្គហេតុរួចមកកម្លាំងជំនាញកងរាជអាវុធហត្ថបានអប់រំបុគ្គលដែលពាក់ព័ន្ធឱ្យយល់ដឹងអំពីការប្រើប្រាស់ភ្លើងសញ្ញាពិសេស សូរស័ព្ទពិសេស សិទ្ធិអាទិភាពធ្វើចរាចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា និងបានធ្វើកិច្ចសន្យា កុំឱ្យប្រព្រឹត្តទង្វើ បែបនោះតទៀត ជាពិសេសត្រូវចូលរួមគោរពច្បាប់លិខិតបទដ្ឋានគតិយុត្តនានា។ដោយឡែកចំពោះម្ចាស់រថយន្តស៊ីរ៉ែនពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-1871 បានប្រគល់ជូនអង្គភាពសាមីដើម្បីចាត់វិធានការអនុវត្តទណ្ឌកម្មវិន័យកងទ័ព។សូមជម្រាបជូនថានាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសកាលពីថ្ងៃសុក្របានបញ្ជាសមត្ថកិច្ចជំនាញសហការជាមួយអគ្គនាយករដ្ឋបច្ចេកទេសក្រសួងការពារជាតិស៊ើបអង្កេតមន្ត្រីយោធាដែលប្រើប្រាស់រថយន្តស៊ីរ៉ែនផ្លាកលេខខេមរភូមិន្ទ(ខ.ម)បើកនាំផ្លូវក្បួនរថយន្តរបស់ស្ត្រីអ្នកលក់ឡេម្នាក់ពីភ្នំពេញទៅចូលរួមពិធីមង្គលការនៅខេត្តពោធិ៍សាត់។បទបញ្ជានេះបានដាក់ចេញបន្ទាប់ពីមហាជនរិះគន់ថាស្ដ្រីលក់ឡេដ៏ស្រស់សោភាម្នាក់ធ្វើដំណើរទៅចូលរួមពិធីមង្គលការនៅខេត្តពោធិ៍សាត់មានរថយន្តស៊ីរ៉ែនពាក់ផ្លាកលេខខេមរភូមិន្ទ(ខ.ម)បើកនាំផ្លូវក្បួនរថយន្ត ដែលរូបភាពនេះបានជះឥទ្ធិពលអាក្រក់ដល់សង្គមហើយរថយន្តស៊ីវ៉ែនពាក់ផ្លាកលេខខេមរភូមិន្ទ(ខ.ម)លែងមានតម្លៃហើយប៉ះពាល់ដល់កិត្តិយសថ្លៃថ្នូររបស់ស្ថានប័នកងទ័ពជាដើម។នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាថាត្រូវស្វែងរករថយន្តស៊ីរ៉ែននិងត្រូវស្រាវជ្រាវផ្លាកលេខខេមរភូមិន្ទ(ខ.ម)ដែលបំពាក់សម្រាប់រថយន្តស៊ីវ៉ែននោះជាបន្ទាន់ដើម្បីមកអនុវត្តច្បាប់។លោកបាននិយាយថា៖«ការប្រើរថយន្តស៊ីរ៉ែនកងព័ទបើកផ្លូវពួកអ្នកផ្សព្វផ្សាយលក់ឡេនាំឱ្យកងព័ទអស់តម្លៃនិងនាំឱ្យកងទ័ពខូចឈ្មោះ»។កាលពីពេលកន្លងមកក្រសួងការពារជាតិតាមរយៈអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសកាលពីថ្ងៃចន្ទបានដាក់ចេញវិធានការកំណត់ការប្រើប្រាស់ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទ (ខ.ម) សម្រាប់កងយោធពលខេមរភូមិន្ទ ដើម្បីធានាវិន័យ សណ្ដាប់ធ្នាប់ ការគោរពច្បាប់ចរាចរណ៍ និងទប់ស្កាត់ការប្រើប្រាស់ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទខុសគោលការណ៍ដែលបង្កផលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម ដូចជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍បុគ្គលអ្នកប្រើប្រាស់មួយចំនួនមានភាពក្រអឺតក្រទមមិនស័ក្តិសមជាមន្ត្រីយោធាដែលទទួលការរិះគន់ពីសាធារណជនហើយនាំផលប៉ះពាល់ដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់កងយោធពេលខេមរភូមិន្ទ។វិធានការបានហាមនាយទាហានយកយានយន្តដែលពាក់ផ្លាកលេខខេមរភូមិន្ទជួលឱ្យបណ្តាក្រុមហ៊ុនស្ថាប័ន ឬរូបវន្តបុគ្គលនានាប្រើប្រាស់ឡើយ។ក្រសួងការពារជាតិហាមយកផ្លាកលេខខេមរភូមិន្ទទៅបំពាក់លើយានយន្តផ្សេងទៀតខុសពីប្រភេទយានយន្តដែលបានកំណត់ជាដើម៕
Post a Comment