ចិនចា​​ត់ទុកកម្ពុជាជាអាទិ​ភាព​ខ្ពស់ក្នុងវិស័យ​ការទូ​តរប​ស់ខ្លួន

 លោកXiJinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានាធិបតីចិន បានជួបពិភាក្សាការងារជាមួយសម្តេចហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភានៅទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារដោយលើកឡើងឱ្យមានការគាំទ្រគ្នាទៅវិញទៅមកដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។លោក Xi Jinping បានមានប្រសាសន៍ថាប្រទេសចិនតែងតែចាត់ទុកកម្ពុជាជាអាទិភាពខ្ពស់ក្នុងវិស័យការទូតរបស់ខ្លួនហើយមានឆន្ទៈក្នុងការសហការជាមួយកម្ពុជាដើម្បីកសាងសហគមន៍ចិន-កម្ពុជាដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី។

លោកបានស្នើឱ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរនិងការរៀនសូត្រគ្នាទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅដើម្បីធ្វើការអភិវឌ្ឍន៍រួមគ្នា។លោកបានមានប្រសាសន៍ថា គណបក្សកុម្មុយនីស្តចិនមានឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្សជាមួយគណបក្សប្រជាជននិងជួយដល់កម្ពុជាក្នុងការស្វែងរកមាគ៌ាអភិវឌ្ឍន៍ដែលស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន។លោកបានបន្តថាភាគីទាំងពីរគួរតែចាប់យកឱកាសដើម្បីធ្វើវឌ្ឍនភាពថ្មីក្នុងកិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ ដោយលោកបានបន្ថែមថាប្រទេសចិនត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយកម្ពុជាដើម្បីបន្តពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រ” និងជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃគម្រោងសហប្រតិបត្តិការសំខាន់ៗ។លោកបានលើកឡើងទៀតថាខណៈដែលពិភពលោកមានការផ្លាស់ប្តូរនិងមានបញ្ហាប្រឈមជាសាកលផ្សេងៗប្រទេសចិននឹងបន្តគាំទ្រកម្ពុជាក្នុងការដើរតួនាទីកាន់តែខ្លាំងក្នុងកិច្ចការអន្តរជាតិតំបន់និងជួយជំរុញភាពរឹងមាំនៃប្រទេសលោកខាងត្បូង។លោកបានសម្តែងការគាំទ្ររបស់ប្រទេសចិនសម្រាប់អាស៊ានក្នុងការប្រកាន់ខ្ជាប់នូវស្វ័យភាពជាយុទ្ធសាស្រ្ត និងការទប់ទល់ចំពោះកម្លាំងខាងក្រៅដែលនាំអោយមានចិត្តគំនិតសង្រ្គាមត្រជាក់ចូលទៅក្នុងតំបន់។លោកបានបន្ថែមថាប្រទេសចិនបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយកម្ពុជាជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងការសម្របសម្រួលនិងរួមគ្នាដោះស្រាយបញ្ហាផ្សេងៗ។ដោយកត់សម្គាល់នូវមិត្តភាពកម្ពុជា-ចិនដែលបានឆ្លងកាត់ការសាកល្បងនៃប្រវត្តិសាស្ត្រនិងពេលវេលានោះសម្តេចហ៊ុនសែនបានថ្លែងអំណរគុណចំពោះប្រទេសចិនសម្រាប់ការគាំទ្រនិងជំនួយដ៏មានតម្លៃក្នុងការអភិវឌ្ឍន៍នយោបាយសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។សម្តេចបានបន្តថា ចិនជាមិត្តដ៏គួរឲ្យទុកចិត្តបំផុតរបស់កម្ពុជា។ សម្តេចបានបន្ថែមថាមិត្តភាពជាមួយប្រទេសចិនគឺមានតម្លៃខ្ពស់នឹងមិនផ្លាស់ប្តូរទោះបីជាកម្ពុជាមានអ្នកដឹកនាំថ្មីក៏ដោយ។សម្តេចបានកត់សម្គាល់ថា កម្ពុជាមានឆន្ទៈពង្រឹងការផ្លាស់ប្តូរជាមួយប្រទេសចិនពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យផ្សេងៗ លើកកម្ពស់ការផ្លាស់ប្តូរយុវជន និងវប្បធម៌ ព្រមទាំងពង្រឹងការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនលើកិច្ចការអន្តរជាតិនិងតំបន់៕Xinhua

Powered by Blogger.