ក្នុងរយៈពេល ២សប្តាហ៍កន្លងមកនេះគិតចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ មន្ត្រីទទួលបន្ទុកការងារអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃបានបន្តផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សរុបចំនួន៩.៩១៤សន្លឹកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឱ្យដឹងនាព្រឹក១៧ ខែធ្នូ ឆ្នាំ២០២៤។
|
|
ក្នុងរយៈពេលដូចគ្នានេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឱ្យដឹងដែរថា មន្រ្តី ក៏បានបន្តផ្តល់សេវាអត្តសញ្ញាណកម្មផ្សេងទៀត សរុបជាង ២ម៉ឺនសេវាជូនដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃដែរ ក្នុងនោះរួមមាន៖ សេវាលិខិតឆ្លងដែនមានចំនួន១១.៧១៨ក្បាលលិខិតធ្វើដំណើរមានចំនួន ២.៨២៧ក្បាល សៀវភៅស្នាក់នៅ មានចំនួន ៤.២១៣ក្បាល និងសៀវភៅគ្រួសារ មានចំនួន ៣.៦៧៣ក្បាល។ បើតាមលោកបណ្ឌិត ទូច សុឃៈដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ អគ្គនាយដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានរិះរកគ្រប់មធ្យោបាយដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាឱ្យកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជំរុញឱ្យក្រសួងមហាផ្ទៃ យកចិត្តទុកដាក់ខ្ពស់ ធ្វើយ៉ាងណាឱ្យសេវាសាធារណៈ មានភាពងាយស្រួលជូនពលរដ្ឋ។ លោកបន្ថែមថា ជាក់ស្ដែងអគ្គនាយដ្ឋានអត្តសញ្ញាណកម្ម បានដាក់ចេញនូវសេវាជាច្រើនតាមប្រព័ន្ធអនឡាញ (online) ជូនប្រជាពលរដ្ឋ ព្រមទាំងបន្តផ្ដល់សេវាទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅតាមមូលដ្ឋាន និងនៅតាមផ្សារទំនើប ខណៈឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានដាក់គោលការណ៍ឱ្យបន្តសិក្សាតាមបណ្តាច្រកចេញចូលតែមួយ ដើម្បីជំរុញការផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស ប្រកបដោយគុណភាព និងប្រសិទ្ធភាព ស្របតាមទស្សនៈ “អ្វីៗធ្វើដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ”។ សូមបញ្ជាក់ថា ដើម្បីជំរុញការងារផ្ដលសេវាអត្តសញ្ញាណប័ណ្ណ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានសន្លឹកអត្តសញ្ញាណប័ណ្ណគំរូថ្មីរបកខូចសូមយកមកប្តូរនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាល ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខ័ណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានី ខេត្ត នៃទីកន្លែងដែលបងប្អូនរស់នៅ ឬនៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ដោយឡែកអ្នកមានអត្តសញ្ញាណប័ណ្ណ ជិតផុតសុពលភាព ក៏អាចស្នើសុំធ្វើឡើងវិញ ដោយឥតគិតថ្លៃនៅទីតាំងទាំងនោះបានដែរ៕ ដោយ៖សេង បូលីន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ
Post a Comment