អ្នកនាំ​ពាក្យក្រសួងព័ត៌មាន​លើ​កឡើងករណីបាត់​ប​ង់ជីវិតរបស់អ្នកសារព័ត៌មា​ន​លោកឈឿងឈឹង

 លោកទេព អស្នារិទ្ធអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថាគេមិនត្រូវយកករណីបាត់បង់ជីវិតរបស់អ្នកសារព័ត៌មានអនឡាញនៅខេត្តសៀមរាបលោកឈឿងឈឹងមកប្រើប្រាស់ដើម្បីកេងចំណេញផ្នែកនយោបាយរបស់ក្រុមណាមួយឡើយដោយទុកភារកិច្ចអនុវត្តច្បាប់ជូនតុលាការក្នុងការអនុវត្តទៅតាមនីតិវិធីក្នុងក្របខណ្ឌច្បាប់ជាធរមាន។នេះបើតាមការចេញផ្សាយAKP។

រូបហ្វេសប៊ុក
ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងព័ត៌មាននេះបានធ្វើឡើងបន្ទាប់ពីមានក្រុមមួយចំនួនបានចេញសេចក្តីថ្លែងការណ៍រួមដែលបានលើកឡើងប្រាស់ចាកពីការពិតដែលនាំឲ្យមានការភាន់ច្រឡំដល់សាធារណជន។យ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងព័ត៌មានបានថ្លែងអំណអរគុណដល់អង្គការសង្គមស៊ីវិលដែលបានយកចិត្តទុកដាក់ចំពោះករណីឃាតកម្មដោយការលបលួចបាញ់លើអ្នកកាសែតរបស់យើង។សូមជម្រាបជូនថាកាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តសៀមរាបបានធ្វើសន្និសីទសារព័ត៌មានមួយនៅសាលាដំបូងខេត្តសៀមរាបដោយលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបបានប្រកាសជាសាធារណៈថា អ្នកសារព័ត៌មានឈ្មោះឈឿងឈឹងត្រូវបានគេសម្លាប់ក្រោមហេតុផលនៃទំនាស់រវាងបុគ្គលផ្ទាល់ពាក់ព័ន្ធទៅនឹងទារប្រាក់ជាថ្នូរនិងការមិនចុះផ្សាយនិងការមិនរាយការណ៍ទៅកាន់មន្ត្រីបរិស្ថាន។លោកព្រះរាជអាជ្ញា បានបញ្ជាក់ថាយុត្តិធម៌សម្រាប់ជនរងគ្រោះមានជាបណ្ដើរៗហើយដោយជនល្មើសត្រូវបានចាប់ខ្លួននិងកំពុងឃុំឃាំង។ទន្ទឹមនេះអយ្យការនឹងបន្តជំហរក្នុងការអនុវត្តច្បាប់មិនត្រឹមតែក្នុងដំណាក់កាលចោទប្រកាន់ ដំណាក់កាលស៊ើបសួរតែនឹងបន្តឃ្លាំមើលលើការអនុវត្តច្បាប់ដល់ដំណាក់កាលជម្រះក្តីដើម្បីធានាថាជនត្រូវចោទឈ្មោះស៊ីលឿយត្រូវទទួលខុសត្រូវនូវអំពើប្រព្រឹត្តរបស់ខ្លួនចំពោះមុខច្បាប់ហើយផ្តល់យុត្តិធម៌ដល់ក្រុមគ្រួសារជនរងគ្រោះ។នៅក្នុងសន្និសីទសារព័ត៌មាននេះដែរ លោកព្រះរាជអាជ្ញា បានបង្ហាញចម្លើយសាក្សី៣នាក់ថា មានភាពស៊ីសង្វាក់គ្នាទៅនឹងចម្លើយសារភាពរបស់ជនជាប់ចោទដែលថា ឃាតកម្មនេះបានកើតឡើងដោយសារគំនុំទាក់ទងផលប្រយោជន៍ផ្ទាល់ខ្លួន។លោកព្រះរាជអាជ្ញាបានបញ្ជាក់ថា មុននេះជនជាប់ចោទរងបទចោទ ប៉ុនប៉ងឃាតកម្ម។ប៉ុន្តែនៅពេលរងគ្រោះបានស្លាប់កាលពី៧ធ្នូ ដូចនេះតំណាងអយ្យការនឹងសុំទៅចៅក្រមអោយប្តូរទៅជាបទចោទ ឃាតកម្មវិញ។ប៉ុន្តែក្របខណ្ឌទណ្ឌកម្មមិនខុសគ្នាទេគឺត្រូវជាប់ពន្ធនាគារចន្លោះពី១០ទៅ១៥ឆ្នាំ។លោកព្រះរាជអាជ្ញាបានបំភ្លឺអង្គធាតុថា កាលពីថ្ងៃទី៤ធ្នូជនជាប់ចោទឈ្មោះស៊ីលឿយជាកសិករបានយកកាំភ្លើងកែច្នៃសម្រាប់បាញ់សត្វទៅស្ទាក់លបលួចបាញ់នៅក្នុងព្រៃឆ្ងាយពីភូមិ បណ្តាលអោយជនរងគ្រោះឈ្មោះឈឿង ឈឹង ជាអ្នកសារព័ត៌មានអនឡាញមកពីអង្គភាពសារព័ត៌មានកម្ពុជាអភិវឌ្ឍន៍ ក្នុងខេត្តសៀមរាបត្រូវត្រង់ពោះដែល៣ថ្ងៃក្រោយមកជនរងគ្រោះបានស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។គួររំលឹកឲ្យដឹងដែរថាអ្នកកាសែត ឈឿង ឈឹង អាយុ ៦៣ឆ្នាំដែលបម្រើការឲ្យវិស័យព័ត៌មានឈ្មោះកម្ពុជាអភិវឌ្ឍន៍ នៅខេត្តសៀមរាបបានបាត់បង់ជីវិតនៅថ្ងៃទី៧ធ្នូក្រោយពីខ្មាន់កាំភ្លើងបាញ់ឲ្យរបួសធ្ងន់កាលពីថ្ងៃទី៤ធ្នូក្នុងអំឡុងពេលចុះយកព័ត៌មានស្តីពីការកាប់ទន្ទ្រានដីព្រៃអភិរក្សក្នុងស្រុកជីក្រែង ខេត្តសៀមរាប។ភ្លាមៗក្នុងថ្ងៃទី៥ធ្នូ និងបន្ទាប់ពីបានស្រាវជ្រាវកំណត់មុខសញ្ញាអាជ្ញាធរខេត្តសៀមរាបបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះស៊ី លឿយមកសាកសួរ ពីករណីប៉ុនប៉ងមនុស្សឃាតដោយចេតនា។នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលណោះអាជ្ញាធរខេត្តសៀមរាបបានអះអាងថាការបាញ់អ្នកកាសែតឈឿងឈឹងជាទំនាស់បុគ្គល។ករណីបាញ់សម្លាប់អ្នកកាសែត ឈឿន ឈឹងបានបណ្តាលឲ្យមានការថ្កោលទោសប្រតិកម្មៗពីអង្គការអ្នកកាសែតគ្មានព្រំដែននៅប្រទេសបារាំងនិងអង្គការយូណេស្កូកាលពីថ្ងៃទី១១ធ្នូសប្តាហ៍នេះ។ នៅលើគេហទំព័ររបស់យូណេស្កូ កាលពីថ្ងៃទី ១១ធ្នូ អគ្គនាយិកាអង្គការយូណេស្កូ (UNESCO) លោកស្រី អូដ្រេ អាហ្សូឡេ (AudreyAzoulay)ថ្កោលទោសករណីឃាតកម្មលើអ្នកសារព័ត៌មានកម្ពុជា លោកឈឿង ឈឹង។ លោកស្រីបានអំពាវនាវឱ្យមានការស៊ើបអង្កេតដោយហ្មត់ចត់អំពីរឿងនេះ ដើម្បីធានាថាជនល្មើសត្រូវបាននាំខ្លួនមកផ្ដន្ទាទោសតាមច្បាប់៕ផាត់យុទ្ធ

Powered by Blogger.