សម្ដេចហ៊ុន សែ​នអញ្ជើញថ្វាយព្រះរាជ​ដំណើរព្រះមហាក្សត្រ​យាងបំពេញព្រះរាជ​ទស្សនកិច្ចនៅសា​ធារណរដ្ឋប្រជា​មានិតចិន

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របានអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាស្ដេចយាងទៅបំពេញព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៩-២១ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ភាគីចិន។

អញ្ជើញអមថ្វាយព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បូងនៅសាធារណរដ្ឋប្រជាមានិតចិននាពេលនេះ រួមមាន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃព្រះបរមរាជវាំងជាច្រើនទៀតផងដែរ។សូមជម្រាបថា ក្នុងព្រះរាជដំណើរទស្សនកិច្ចនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នឹងព្រះរាជទានព្រះរាជសវនាការដោយឡែកពីគ្នាជាមួយថ្នាក់ដឹកនាំខេត្តហៃណាន នៃសាសាធារណរដ្ឋប្រជាមានិតចិន និងជាមួយលោកគ្រូ អ្នកគ្រូ បុគ្គលិកព្រមទាំងសិស្សានុសិស្សកម្ពុជាដែលកំពុងសិក្សានៅសាលាពុទ្ធិកសិក្សាណានហៃផងដែរ។ព្រះរាជទស្សនកិច្ចរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងយាងទៅកាន់ខេត្តហៃណានសាធារណរដ្ឋប្រជាមានិតចិននៅពេលនេះនឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រជាជនកម្ពុជា និងប្រជាជនចិន ព្រមទាំងជាការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរផងដែរ៕

Powered by Blogger.