នាយក​រដ្ឋមន្ត្រី៖រាជរដ្ឋាភិបាលតែងតែ​យក​ចិត្តទុកដាក់​ក្នុងការលើក​តម្កើងសិទ្ធិសេរីភា​ពសារព័ត៌មាន

ប្រមុខរដ្ឋាភិបាកម្ពុជាសម្ដេចធិបតីហ៊ុន ម៉ាណែតបានលើកឡើងថា ក្នុងដំណាក់កាលណាក៏ដោយ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ ក្នុងការលើកតម្កើងសិទ្ធិសេរីភាពសារព័ត៌មាននិងសេរីភាពខាងការបញ្ចេញមតិ ស្របតាមរដ្ឋធម្មនុញ្ញនៃកម្ពុជា និងច្បាប់ស្តីពីរបបសារព័ត៌មាន។

យោងតាមសារលិខិតជូនពរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២១ សម្ដេចមហាបវរធិបតី បានបញ្ជាក់រាជរដ្ឋាភិបាលកម្ពុជា ត្រូវការសារព័ត៌មានដែលមានថាមពលប្រកបដោយការទទួលខុសត្រូវ និងមានភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈ និងអ្នកសារព័ត៌មាន ដែលហ៊ាននិយាយការពិតនិងហ៊ានរិះគន់ក្នុងន័យស្ថាបនាដើម្បីឆ្លុះបញ្ចាំងឱ្យឃើញនូវគ្រប់តថភាពសង្គមដើម្បីជៀសវាងការផ្សព្វផ្សាយព័ត៌មានតែមួយជ្រុងឬព័ត៌មានក្លែងក្លាយ។សម្ដេចបានបន្តថា៖«យើងត្រូវការនូវការរួមចំណែកដើម្បីប្រឆាំងអំពើពុករលួយការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌សង្គម ការកែទម្រង់រដ្ឋបាលសាធារណៈ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការកសាងសង្គមមួយប្រកបដោយភាពយុត្តិធម៌ សុខសន្តិភាព និងការអភិវឌ្ឍយូរអង្វែងដែលជាបំណងប្រាថ្នា និងជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា»។ឆ្លៀតក្នុងឱកាសនោះ សម្ដេចធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ឆ្នាំ២០២៤ ដែលបានលើកយកប្រធានបទស្តីពី«វិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ» ខណៈដែលការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ របស់អ្នកសារព័ត៌មានមួយចំនួននៅមានកម្រិត។ជាពិសេសអ្នកសារព័ត៌មានតាមប្រព័ន្ធអនឡាញដែលករណីនេះទាមទារឱ្យមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធដើម្បីលើកកម្ពស់ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈដោយត្រូវជំរុញការបណ្តុះបណ្តាលបង្កើនសមត្ថភាពជំនាញដល់អ្នកសារព័ត៌មាននិងបង្កើននូវទំនុកចិត្តដល់សាធារណជន។សម្ដេចបានកត់សម្គាល់ឃើញថា ការប្រើប្រាស់សិទ្ធិនៃការបញ្ចេញមតិហួសព្រំដែនច្បាប់នៅតែកើតមានដែលបញ្ហានេះបានបង្កនូវផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមនិងជះឥទ្ធិពលអវិជ្ជមានដល់ប្រជាពលរដ្ឋ។សម្តេចធិបតី បានបញ្ជាក់ថា សមិទ្ធផលដ៏ធំធេងនិងជោគជ័យយ៉ាងត្រចះត្រចង់ដែលរាជរដ្ឋាភិបាលកម្ពុជាទទួលបាននាពេលកន្លងមកគឺមានការចូលរួមយ៉ាងសកម្មនិងមិនអាចកាត់ផ្តាច់បានពីស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មាន។ នេះគឺភាពជាដៃគូ ដែលមិនអាចខ្វះ បានរវាង រាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នសារព័ត៌មាន។សម្តេចធិបតីអះអាងថា«ក្នុងដំណាក់កាលណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ក្នុងការលើកតម្កើងសិទ្ធិសេរីភាពសារព័ត៌មាននិងសេរីភាពខាងការបញ្ចេញមតិស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានិងច្បាប់ស្តីពីរបបសារព័ត៌មាន»៕ 

Powered by Blogger.