ឯកឧត្តមអភិសន្តិបណ្ឌិតស សុខាជំរុញឱ្យបង្កើនការអប់រំផ្សព្វផ្សាយនិងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍!
ក្នុងនាមជាប្រធានគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានខ្វាយខ្វល់ចំពោះសេចក្តីសុខ និងអាយុជីវិតរបស់ប្រជាពលរដ្ឋដែលបានរងរបួសនិងបាត់បង់អាយុជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ជាប្រចាំ។ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក រយៈពេល៩ខែ ឆ្នាំ២០២៤ របស់ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃឯកឧត្តមអភិសន្តិបណ្ឌិត បានកត់សម្គាល់កត្តាចម្បងដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ចំនួន ២ គឺកត្តាមនុស្សនិងកត្តាយានយន្ត។ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត សសុខាបានណែនាំនិងជំរុញឱ្យថ្នាក់ដឹកនាំអាជ្ញាធរមានសមត្ថកិច្ចទូទាំងប្រទេសបង្កើនការអប់រំផ្សព្វផ្សាយការត្រួតពិនិត្យគុណភាពបច្ចេកទេសយានយន្ត និងរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះជនបង្កគ្រោះថ្នាក់ចរាចរណ៍គ្រប់ករណី ដោយមិនអនុញ្ញាតឱ្យរួចផុតពីសំណាញ់ច្បាប់នោះឡើយ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចណ៍និងបន្តជំរុញអនុវត្តឱ្យបានសម្រេចតាមផែនការសកម្មភាពឆ្នាំ២០២៤របស់ គ.ស.ច.គ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
Post a Comment