កម្ពុជាឡាវវៀ​​តណាមនឹងបន្តពង្រឹង​និងពង្រីកកិ​ច្ចសហប្រ​តិបត្តិការលើវិស័យ​​ការពារជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យឯកឧត្តមនាយឧត្តមសេនីយ៍ ចាន់សាម៉ាន ចាន់យ៉ាឡាត់(Chansamone Chanyalath) ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងឯកឧត្តម នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង (PhanVanGiang)រដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាមចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្ត្រីការពារប្រទេស ឡាវ និង វៀតណាមបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ កម្ពុជា ឡាវ និង វៀតណាម  ក៏ដូចជាជោគជ័យនៃលំហាត់ហ្វឹកហ្វឺនរួមគ្នា ក្រោមប្រធានបទ «ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយបាក់រលំអគារ»ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៤ ផងដែរ។ ការណ៍នេះបានបង្ហាញពីទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការល្អរវាងក្រសួងការពារជាតិនៃប្រទេសទាំងបី។ នាខណៈស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាគណៈប្រតិភូនៃក្រសួងការពារប្រទេសឡាវ និង វៀតណាម បានធ្វើទស្សនកិច្ចទៅកាន់វិមានឈ្នះ ឈ្នះដែលជានិមិត្តរូបនៃការផ្សះផ្សាជាតិ,ការបិទបញ្ចប់នូវភ្លើងសង្គ្រាមស៊ីវិល និងការនាំមកនូវសុខសន្តិភាពពេញលេញ នៅកម្ពុជា។  ឯកឧត្តមរដ្ឋមន្ត្រីការពារប្រទេសឡាវនិងវៀតណាមបានបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាមួយក្រសួងការពារជាតិកម្ពុជា តាមរយៈ៖ ការបន្តធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាដើម្បីសង្គ្រោះគ្រោះមហន្តរាយ, ការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរវាងក្រសួងការពារជាតិ នៃប្រទេសទាំងបី, ការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់លំដាប់ថ្នាក់ រួមទាំងទស្សនកិច្ចសិក្សា ជាដើម។

ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវការរីករាយ ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិនៃប្រទេសទាំងបីនិងបានអបអរសាទរចំពោះជោគជ័យនៃការរៀបចំលំហាត់ហ្វឹកហ្វឺនរួមគ្នាដើម្បីជួយសង្គ្រោះគ្រោះមហន្តរាយ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៤។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា កម្ពុជា ឡាវ និង វៀតណាម នៅមានសក្ដានុពលជាច្រើនទៀតដែលអាចពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យវិនិយោគ និង ពាណិជ្ជកម្ម, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ,ទេសចរណ៍ និងសន្ដិសុខ ដោយផ្ដោតលើការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ដូចជាការជួញដូរមនុស្ស និង គ្រឿងញៀន ជាដើម។ សម្ដេចបវរធិបតីបានលើកទឹកចិត្តដល់ក្រសួងការពារជាតិនៃប្រទេសទាំងបី បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕ប្រភពSTPM

Powered by Blogger.