កម្ពុជា​ទាត់ចោ​លការលើក​ឡើងនូវវិបត្តិថវិកាសម្រាប់​សា​ងសង់ព្រែកជីកហ្វូណន​តេជោ

 សម្តេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតកាលពីថ្ងៃសៅរ៍បានច្រានចោលការលើកឡើងរបស់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិដែលបានអះអាងថាដំណើរការសាងសង់ព្រែកជីកហ្វូណនតេជោកំពុងជួបប្រទះបញ្ហាពាក់ព័ន្ធនឹងការខ្វះខាតមូលនិធិក្នុងការអនុវត្ដគម្រោង។សម្តេចបានបញ្ជាក់ថាមិនមានការរាំងស្ទះដល់ការអនុវត្តគម្រោងនោះទេ។កម្ពុជាមានផែនការមេច្បាស់លាស់ជាមួយដៃគូអភិវឌ្ឍន៍បម្រុងមួយចំនួនដែលត្រៀមខ្លួនជាស្រេចក្នុងការគ្រប់គ្រងគម្រោងនេះ។អញ្ជើញជាអធិបតីក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ នៅរាជធានីភ្នំពេញសម្តេចនាយករដ្ឋមន្រ្តី ហ៊ុនម៉ាណែតបានមានប្រសាសន៍ថារាជរដ្ឋាភិបាលកំពុងអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោដោយយកចិត្តទុកដាក់ខ្ពស់ចំពោះកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយបានដោះស្រាយផលប៉ះពាល់នានា ដើម្បីធានាបាននូវនីតិវិធីប្រកបដោយតម្លាភាព និងការទទួលខុសត្រូវ។

សហការី
សម្តេចបានបន្តថាគម្រោងព្រែកជីកហ្វូណនតេជោទាមទារឱ្យមាននីតិវិធីអនុវត្តត្រឹមត្រូវហើយគ្មានអ្វីដែលហាក់ដូចជារារាំងដល់ដំណើរការអនុវត្តគម្រោងនេះទេ។សម្តេចបានបញ្ជាក់យ៉ាងច្បាស់ថាក្រុមការងារកំពុងអនុវត្តគម្រោងនេះដោយយកចិត្តទុកដាក់តាមការណែនាំច្បាស់លាស់ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន។សម្តេចបានលើកឡើងចំពោះអ្នករិះគន់លើគម្រោងនេះថា«តើអ្នកចង់ឲ្យយើងបញ្ចប់ការសាងសង់ព្រែកជីកក្នុងរយៈពេលបីខែមែនទេ?អ្នកមិនអាចទៅសម្ពោធគម្រោងនៅថ្ងៃនេះហើយអនុវត្តវានៅថ្ងៃបន្ទាប់បាននោះទេ»។សម្តេចបន្តថា “រាជរដ្ឋាភិបាលត្រូវកំណត់នីតិវិធីឲ្យបានច្បាស់លាស់ ពិនិត្យទីតាំង និងដោះស្រាយផលប៉ះពាល់ដល់ប្រជាពលរដ្ឋមុននឹងអនុញ្ញាតឲ្យជីកព្រែកជីក”ដោយសម្តេចបន្ថែមថានេះជារដូវវស្សាហើយកម្ពស់ទឹកកំពុងកើនឡើងដែលបង្កការលំបាកដល់ការស្តារព្រែកនៅតំបន់ខ្លះ។កាលពីថ្ងៃទី២២ ខែវិច្ឆិកាក្រសួងសាធារណការនិងដឹកជញ្ជូនបានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបដិសេធការចោទប្រកាន់របស់កាសែតបាងកកប៉ុស្តិ៍ និងរ៉យទ័រដែលបានរាយការណ៍ថាគម្រោងព្រែកជីកហ្វូណនតេជោប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ។ក្រសួងបានបញ្ជាក់យ៉ាងច្បាស់ថារដ្ឋាភិបាលបាននិងកំពុងអនុវត្តគម្រោងព្រែកជីកយ៉ាងសកម្មហើយក្រុមបច្ចេកទេសបានបញ្ចប់ការស្រាវជ្រាវលម្អិតដោយធ្វើការវាយតម្លៃស៊ីជម្រៅផ្អែកលើផលប៉ះពាល់ជាក់ស្តែងលើប្រជាពលរដ្ឋ ផ្លូវទឹក និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។យោងតាមប្រភពដដែលបានអោយដឹងថាក្រុមការងារបច្ចេកទេសបាននឹងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់លើគម្រោងនេះដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងអន្តរជាតិ។សេចក្តីប្រកាសព័ត៌មានបានបន្ថែមថាប្រព័ន្ធផ្សព្វផ្សាយកំពុងផ្សព្វផ្សាយព័ត៌មានមិនពិតនិងគ្មានមូលដ្ឋានក្នុងគោលបំណងធ្វើឱ្យប៉ះពាល់ដល់ដំណើរការសាងសង់នៃគម្រោងព្រែកជីក។គួររំលឹកផងដែរថានៅថ្ងៃទី២១ ខែវិច្ឆិកាកាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថាមនុស្ស ៤នាក់ដែលពាក់ព័ន្ធដោយផ្ទាល់ជាមួយគម្រោងនេះបានប្រាប់កាសែតរ៉យទ័រថាទីក្រុងប៉េកាំងបានសម្តែងនូវមន្ទិលចំពោះគម្រោងនេះហើយមិនបានប្តេជ្ញាច្បាស់លាស់លើការផ្តល់មូលនិធិរបស់ខ្លួននោះទេ។ថ្លែងប្រាប់កាសែតខ្មែរថាមស៍ លោក ស៊ឺន សម អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជាមានប្រសាសន៍ថា “ខ្ញុំបានតាមដានគម្រោងនេះយ៉ាងដិតដល់យូរមកហើយហើយខ្ញុំជឿជាក់ថារដ្ឋាភិបាលមានសមត្ថភាពសាងសង់ និងបញ្ចប់គម្រោងនេះ ពីព្រោះវាមានសារៈសំខាន់ខ្លាំង។វាជានិមិត្តរូបប្រវត្តិសាស្ត្រសម្រាប់ប្រទេសនិងជាកេរដំណែលសម្រាប់មេដឹកនាំ»។ដោយបង្ហាញពីសុទិដ្ឋិនិយមលើសមត្ថភាពរបស់រដ្ឋាភិបាលលោកបានបន្តថា“ខ្ញុំមានទំនុកចិត្តថារដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់សម្រាប់ផ្តល់មូលនិធិដល់គម្រោងក្រោមទំហំវិនិយោគចំនួន១.៧ពាន់លានដុល្លារនេះទោះបីជាមិនមានអ្នកវិនិយោគបរទេសក៏ដោយ។កម្ពុជាមានយន្តការជាតិផ្សេងៗដែលអាចសម្រួលដល់ការសាងសង់និងបញ្ចប់គម្រោងនេះ»។រដ្ឋាភិបាលក៏អាចទាក់ទាញអ្នកវិនិយោគក្នុងស្រុក ឬបែងចែកផ្នែកមួយនៃថវិកាជាតិតាមពេលវេលា ជាជាងទាំងអស់ក្នុងពេលតែមួយ។ លោកបានបន្ថែមថា វិធីសាស្រ្តនេះនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលប្រើប្រាស់ថវិកាជាតិជាដំណាក់កាលៗទៅតាមដំណាក់កាលអភិវឌ្ឍរបស់គម្រោង។លោកបានចង្អុលបង្ហាញថាយោងតាមជំហររបស់រដ្ឋាភិបាលគម្រោងព្រែកជីកមានការចូលរួមទាំងពីរវិនិយោគិនបរទេស និងចិន។“ខ្ញុំជឿថាគម្រោងនេះមានសារសំខាន់ខ្លាំងសម្រាប់រដ្ឋាភិបាល ដូចដែលបានឃើញនៅក្នុងពិធីបើកដំណើរការសាងសង់បានធ្វើឡើង ហើយរាជរដ្ឋាភិបាលនឹងមិនបោះបង់ចោលគំនិតផ្តួចផ្តើមនេះនៅពាក់កណ្តាលផ្លូវនោះទេ”។ឆ្លើយតបទៅនឹងរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមួយចំនួនលោកបញ្ជាក់ថាទាំងនេះគ្រាន់តែជាការប៉ុនប៉ងបង្ខូចកិត្តិយសរដ្ឋាភិបាលកម្ពុជា។«វាច្បាស់ណាស់ថា ប្រទេសមួយចំនួនប្រហែលជាមិនពេញចិត្តនឹងវឌ្ឍនភាពនៃគម្រោងនេះទេ»៕Khmer Times

Powered by Blogger.