សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជាបានប្រតិកម្មនឹងលោក សុខ សុគន្ធ ហៅ ជេម សុខ អ្នកអត្ថាធិប្បាយតាមបណ្តាញសង្គមពីក្រៅប្រទេសដែលបានរិះគន់រដ្ឋាភិបាលអាណត្តិថ្មីថា មិនធ្វើអ្វីទាំងអស់ ក្រៅពីសម្ពោធសមិទ្ធផលបន្តិចបន្តួច ហើយរដ្ឋមន្ត្រីតាមបណ្ដាក្រសួងមួយចំនួនគ្មានសកម្មភាពនិងគ្មានសមិទ្ធផលអ្វីឡើយក្នុងរយៈពេលបំពេញការងារជាងមួយឆ្នាំមកនេះ។សម្តេចសម្ដែងការហួសចិត្តចំពោះការរិះគន់នេះ ដែលមិនឆ្លុះបញ្ចាំងពីការពិតនិងមិនឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ព្រោះប្រសិនបើរដ្ឋាភិបាលមិនធ្វើអ្វីសោះហេតុម្ដេចក៏មានការសម្ពោធសមិទ្ធផលនានាដែលឆ្លើយតបនឹងការអភិវឌ្ឍប្រទេសនិងតម្រូវការប្រើប្រាស់របស់ប្រជាជន។
|
|
ប្រតិកម្មធ្ងន់ៗពីសំណាក់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងពិធីសម្ពោធដាក់ប្រើប្រាស់វិថីតេជោសន្តិភាពឆ្នេរអង្កោលប្រវែង១២.៦៤៥ម៉ែត្រនៅខេត្តកែបពីម្សិលមិញ។សម្តេចបានថ្លែងថា ចាប់តាំងពីរដ្ឋាភិបាលអាណត្តិថ្មីបានបង្កើតឡើង លោក ជេម សុខ បានបើកការអត្ថាធិប្បាយវាយប្រហារជាបន្តបន្ទាប់ ហើយបានរិះគន់ស្ទើរតែគ្រប់រដ្ឋមន្ត្រីទាំងអស់ដែលកន្លងរួមមានក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម និងក្រសួងសាធារណការជាដើម។សម្តេចបានចាត់ទុកការរិះគន់របស់លោក ជេម សុខ មិនត្រឹមត្រូវតាមវាយតម្លៃរបស់គាត់នោះទេ។ ដោយសារតែគាត់រស់នៅក្រៅប្រទេស ហើយទទួលព័ត៌មានពីកម្ពុជាមិនគ្រប់ជ្រុងជ្រោយ។ដូច្នេះការទាញសេចក្ដីសន្និដ្ឋានរបស់គាត់ គឺខុសពីការពិតទាំងស្រុង។សម្តេចបាននិយាយថា៖ «ខ្ញុំស្វាគមន៍ចំពោះអ្នកតាំងខ្លួនជាអ្នកវិភាគដើម្បីស្ថាបនា។ ប៉ុន្តែសូមមានភាពច្បាស់លាស់ គឺត្រូវវិភាគបែបវិទ្យាសាស្ត្រ កុំវិភាគតាមបែបស៊ីអារម្មណ៍»។សម្តេចនាយករដ្ឋមន្ត្រីប្រកាសស្វាគមន៍ប្រសិនបើលោក ជេម សុខ មកលេងស្រុកខ្មែរ ដើម្បីមើលការអភិវឌ្ឍនិងសមិទ្ធផលជាក់ស្ដែងនៅកម្ពុជានិងដើម្បីប្រមូលព័ត៌មានច្បាស់លាស់សម្រាប់ជាមូលដ្ឋានវិភាគពីកម្ពុជាឬដើម្បីជួបសួរដេញដោលរដ្ឋមន្ត្រីដែលលោក ជេម សុខ វាយប្រហារថាជារដ្ឋមន្ត្រីមិនបានការឬមានសមត្ថភាពខ្សោយជាងគេ។ថាតើរដ្ឋមន្ត្រីទាំងនោះបានធ្វើអ្វីខ្លះក្នុងរយៈពេលជាងមួយឆ្នាំមកនេះ។សម្តេចបញ្ជាក់ថា ប្រតិកម្មរបស់លោកចំពោះការរិះគន់របស់លោក ជេម សុខ ដើម្បីការពារមន្ត្រីនិងក្រសួងស្ថាប័នដែលបានខិតខំប្រឹងប្រែងអនុវត្តតាមគោលនយោបាយរបស់រដ្ឋាភិបាល។សម្តេចបានពន្យល់ថា៖ «សមិទ្ធផលដែលយើងសម្ពោធនៅថ្ងៃនេះ គឺមិនមែនជាសមិទ្ធផលតែមួយគត់នៅក្នុងវិស័យសាធារណការនិងដឹកជញ្ជូនទេ។ ក្រសួងបានរៀបចំផែនការនិងបានអនុវត្តគោលដៅច្រើនណាស់ ដែលកំពុងជំរុញការអភិវឌ្ឍបន្ថែមទៀត»។សម្តេចបន្ថែមថា ចំណែកបណ្ដាក្រសួងដទៃទៀតសុទ្ធតែបានខិតខំប្រឹងប្រែងក្នុងរយៈពេលជាងមួយឆ្នាំមកនេះ ដូចជាការចរចាពាណិជ្ជកម្ម ពង្រឹងនិងបង្កើនទីផ្សារជាដើម។សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានរំលេចថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្តេចបានប្រកាសការបូកសរុបលទ្ធផលសង្ខេបដែលរដ្ឋាភិបាលបានប្រឹងប្រែងអនុវត្តលើកគ្រប់វិស័យ ដែលក្នុងនោះរួមមានវិស័យអប់រំ កំណែទម្រង់រដ្ឋបាលសាធារណៈ ការចាត់វិធានជម្រុះមន្ត្រីអសកម្មការងារ គោលនយោបាយជួយវិស័យឯកជនជាដើម។ក្នុងខួបមួយឆ្នាំនៃការចាប់ផ្ដើមបំពេញការងាររបស់រដ្ឋាភិបាលអាណត្តិទី៧ លោក សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ធ្លាប់បានប្រាប់ខ្មែរថាមស៍ថា សមិទ្ធផលដ៏ធំបំផុតរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺការដឹកនាំរដ្ឋាភិបាលបន្តវេនពីអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកបដោយជោគជ័យនិងដោយរលូន។សម្តេចថា ការបន្តវេនដោយជោគជ័យនេះ រាប់ទាំងការបន្តអនុវត្តគោលនយោបាយ ក៏ដូចជាសមិទ្ធផលនានា ដែលផ្ដើមចេញពីរដ្ឋាភិបាលដែលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្នុងនោះរួមមានហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជាព្រលានយន្តហោះសៀមរាប ព្រលានយន្តហោះមរតតេជោ ព្រមទាំងបណ្ដាគម្រោងធំជាច្រើនទៀត។ជាពិសេសការសម្ពោធបើកការរដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ។សម្តេចបាននិយាយថា៖ «សមិទ្ធផលរបស់រដ្ឋាភិបាលថ្មីមានច្រើនទាំងរូបីនិងអរូបី។ សំណង់ហេដ្ឋារចនាសម្ព័ន្ធ ជាសមិទ្ធផលលក្ខណៈរូបី ដូចជាព្រែកជីកហ្វូណនតេជោ ស្ពាន ផ្លូវល្បឿន ព្រលានយន្តហោះជាដើម។ប៉ុន្តែក្នុងរយៈពេលមួយឆ្នាំមកនេះនៅមានសមិទ្ធផលជាច្រើនទៀត ដែលមានលក្ខណៈអរូបី ដូចជាការជំរុញការអភិវឌ្ឍប្រទេសតាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពក្នុងការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០»។សម្តេចបន្ថែមថា កិច្ចការងារអាទិភាពចំនួន៦ត្រូវបានរដ្ឋាភិបាលអនុវត្តយ៉ាងធំធេង ហើយកំពុងតែបន្តយ៉ាងសកម្មនិងខ្លាំងក្លា ដើម្បីជំរុញយុទ្ធសាស្ត្របញ្ចកោណសម្រេចតាមទិសដៅកំណត់។ ក្នុងនោះរដ្ឋាភិបាលបានសម្រេចអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ បន្ទាប់ពីបិទបញ្ចប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បីពង្រីកការគ្របដណ្ដប់ បង្កើនប្រសិទ្ធភាព និងការវិនិយោគហិរញ្ញវត្ថុជាមួយនឹងវឌ្ឍនភាពនៃការអភិវឌ្ឍកម្មវិធី។ គិតចាប់ពីដំណាច់ខែមិថុនា មានគ្រួសារ៥៧ម៉ឺនគ្រួសារក្នុងចំណោមគ្រួសារគោលដៅដែលមានបណ្ណក្រីក្រ៧០ម៉ឺនគ្រួសារឬស្មើនឹង២,៨លាននាក់បានចុះឈ្មោះចូលកម្មវិធីរួចរាល់ ដោយរដ្ឋាភិបាលបានចំណាយថវិកាប្រមាណ១៨លានដុល្លារ។ ចំណែកក្រុមគោលដៅដែលនៅសល់កំពុងជំរុញការចុះបញ្ជីពួកគេ។សម្តេចបន្ថែមថា ក្នុងអាណត្តិរដ្ឋាភិបាលថ្មីបានពង្រីកការផ្ដល់សេវាសុខភាពដល់ប្រជាពលរដ្ឋឆ្ពោះគ្របដណ្ដប់សុខភាពជាសាកលនៅកម្ពុជា។ ការដាក់ចេញកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យ១.៥លាននាក់នៅទូទាំងប្រទេស។ បន្ថែមលើសពីនេះ រដ្ឋាភិបាលបានដាក់ចេញកម្មវិធីការអភិវឌ្ឍយុទ្ធសាស្ត្រជាតិសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការដាក់ចេញយន្តការសម្របសម្រួលកម្មវិធីហិរញ្ញប្បទានជួយដល់កសិករ និងការដាក់ពង្រាយមន្ត្រីជំនាញកសិកម្មនៅតាមឃុំសង្កាត់ទូទាំងប្រទេស ព្រមទាំងបង្កើតសហគមន៍កសិកម្មទំនើបនៅទូទាំងប្រទេស៕Khmer Times
Post a Comment