កម្ពុជា-ឡាវបង្កើនទំនាក់ទំនងពាណិជ្ជកម្ម
នាពេលថ្មីៗនេះបន្ទាប់ពីការដកខ្លួនចេញពីកតិកាសញ្ញាអភិវឌ្ឍន៍ដែលគេស្គាល់ថាជាតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) រាជរដ្ឋាភិបាលកម្ពុជាបានបង្វែរជំហររបស់ខ្លួនក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រួមទាំង ការដកយកពន្ធត្រួតគ្នាវិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ និងវិស័យថាមពល។នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្រោមមូលបទ អាស៊ាន៖ ការបង្កើនការតភ្ជាប់និងភាពធន់ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រីឡាវបានពិភាក្សាអំពីវិធីដើម្បីបង្កើនភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង នៅទីក្រុងវៀងចន្ទន៍ នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីថ្ងៃទី៨ ខែតុលា។លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (MAFIC) និងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏មានវត្តមានក្នុងឱកាសនោះដែរ។ក្នុងឱកាសជំនួបនេះ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា និងឡាវ បានពិនិត្យលទ្ធភាពនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យអាទិភាព រួមមាន ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ហិរញ្ញវត្ថុ ថាមពល ការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ នយោបាយ ការពារជាតិ និងសន្តិសុខ។លោកនាយករដ្ឋមន្ត្រី ស៊ីផាន់ដន បានសាទរចំពោះសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជានិងលើកកម្ពស់កិត្យានុភាពរបស់ខ្លួនលើឆាកតំបន់និងអន្តរជាតិ។សម្តេចហ៊ុនម៉ាណែតបានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងបានគូសបញ្ជាក់ពីការគាំទ្រចំពោះយន្តការ និងយុទ្ធសាស្ត្ររបស់អាស៊ាន ក្រោមការដឹកនាំជាប្រធានរបស់ឡាវ។
Post a Comment