កម្ពុជាកាត់បន្ថយការចំណា​យថវិកាក្នុងឆ្នាំ២០​២៥មកត្រឹម៩,៣​ពាន់​លានដុល្លារ

រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃសុក្របានអនុម័តសេចក្តីព្រាងច្បាប់ថវិកាប្រមាណ៣៧,៩៥០ពាន់លានរៀល(៩,៣២ពាន់លានដុល្លារ)សម្រាប់ចំណាយក្នុងឆ្នាំ២០២៥ ធ្លាក់ចុះពី ៣៨,៨២៩ ពាន់លានរៀល (៩,៥៤ ពាន់លានដុល្លារ) ក្នុងឆ្នាំ ២០២៤។សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថាសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២៥ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៥ខែតុលាក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលថវិកាសម្រាប់ឆ្នាំ២០២៥ ស្មើនឹង ១៨,១៤ភាគរយនៃផលិតផលក្នុងស្រុកសរុប។សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២៥ នឹងត្រូវដាក់ជូនរដ្ឋសភាពិនិត្យ និងអនុម័ត បន្ទាប់មកដាក់ជូនព្រឹទ្ធសភា ដើម្បីពិនិត្យ និងអនុម័តជាចុងក្រោយ មុននឹងថ្វាយជូនព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ប្រភពដដែលបានអោយដឹងទៀតថា«ថវិកាឆ្នាំ២០២៥នឹងបម្រើជាឧបករណ៍គោលនយោបាយដ៏មានប្រសិទ្ធភាពសម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សា ការពារ និងពង្រឹងបន្ថែមទៀតនូវសមិទ្ធិផលធំៗដែលកម្ពុជាសម្រេចបាននាពេលកន្លងមក ក៏ដូចជាបន្តចាក់គ្រឹះសម្រាប់ការអភិវឌ្ឍបន្ថែមទៀតរបស់កម្ពុជា»។

ការចំណាយថវិកាឆ្នាំ២០២៥ត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបនឹងតម្រូវការនិងអាទិភាពរបស់ក្រសួងស្ថាប័នជាពិសេសការផ្សារភ្ជាប់ការងារប្រចាំថ្ងៃទៅនឹងគោលដៅគោលនយោបាយរបស់ក្រសួង ស្ថាប័ន ដែលនឹងចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយអាទិភាពរួមរបស់រដ្ឋាភិបាល រួមមាន ការកសាងសមត្ថភាពស្ថាប័ន ការអភិវឌ្ឍមូលធនមនុស្ស ការកសាង និងថែទាំហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងពិពិធកម្មសេដ្ឋកិច្ច។ផ្អែកលើការវាយតម្លៃរយៈពេលមធ្យមនៃក្របខណ្ឌហិរញ្ញវត្ថុសាធារណៈ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២៥ ត្រូវបានព្យាករណ៍ថានឹងកើនឡើងក្នុងអត្រា ៦,៣ ភាគរយ ដែលធ្វើអោយផលិតផលក្នុងស្រុកសរុបកើនដល់ ២០៩,១៦៣ ពាន់លានរៀល ឬស្មើប្រមាណ ៥១,៣៩ ពាន់លានដុល្លារ។ ប្រាក់ចំណូលមធ្យមសម្រាប់មនុស្សម្នាក់ត្រូវបានគេរំពឹងថានឹងឈានដល់ ២.៩២៤ដុល្លារ ក្នុងឆ្នាំ២០២៥។ការរំពឹងទុកនៃកំណើន ៦.៣ ភាគរយត្រូវបានគាំទ្រដោយវិស័យសំខាន់ៗដូចជា វិស័យឧស្សាហកម្ម ៨.៦ ភាគរយ វិស័យសេវាកម្ម ៥.៦ ភាគរយ និងកសិកម្ម ១.១ ភាគរយ ហើយអតិផរណាត្រូវបានព្យាករណ៍ថានឹងមានប្រហែល ២,៥ ភាគរយ។ថវិកាត្រូវបានរៀបចំឡើងនៅក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកស្ថិតនៅក្នុងភាពមិនច្បាស់លាស់ដោយសារការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ កំណើនសេដ្ឋកិច្ចពិភពលោកយឺត ជាពិសេសនៅក្នុងប្រទេសដែលជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា និងដើម្បីសម្រេចបាននូវរបៀបវារៈដែលបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រដ្ឋាភិបាលនីតិកាលទី៧ ។ក្នុងកិច្ចប្រជុំនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ពិនិត្យមើលការអនុវត្តគោលនយោបាយ និងនីតិវិធី ដើម្បីសម្រួលដល់ការវិនិយោគ និងទេសចរណ៍ ដោយទាក់ទាញអ្នកវិនិយោគថ្មីនិងយកចិត្តទុកដាក់ចំពោះអ្នកវិនិយោគដែលមានស្រាប់៕Khmer Times


Powered by Blogger.