ប្រមុខក្រសួងមហាផ្ទៃកម្ពុជា-ថៃប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើនដើម្បីផលប្រយោជន៍ជាតិនិងប្រជាជនទាំងសងខាង
ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងឯកឧត្តម អនុធីន ឆានវីរគូនឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានបង្ហាញការប្ដេជ្ញាចិត្តប្រកបដោយភាតរភាពដូចៗគ្នាក្នុងការពូនជ្រុំជំរុញនិងគាំទ្រគ្រប់បែបយ៉ាងដើម្បីឱ្យអាជ្ញាធរខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ កាន់តែមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ជាពិសេសការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀតដែលផ្ដល់បរិយាកាសអំណោយផលដល់វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃធុរជន និងប្រជាជនប្រទេសទាំងពីរ។ការប្ដេជ្ញាចិត្តជាវិជ្ជមាននេះ បានធ្វើឡើងក្នុងឱកាសប្រមុខក្រសួងមហាផ្ទៃទាំងពីរ អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែលភាគីកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នេះ។ ឯកឧត្តមអភិសន្តិបណ្ឌិត និងសមភាគីថៃ ក៏បានថ្លែងកោតសរសើរថ្នាក់ដឹកនាំខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ដែលបានខិតខំអនុវត្តស្មារតីនៃកិច្ចប្រជុំកាលពីឆ្នាំ២០២២ ធ្វើឱ្យទំនាក់ទំនងខេត្តនឹងខេត្តជារួមប្រទេសនិងប្រទេសបន្តមានភាពល្អប្រសើរ ទប់ស្កាត់បាននូវបាតុភាពអវិជ្ជមាននានាតាមរយៈការផ្លាស់ប្ដូរព័ត៌មាន ការផ្លាស់ប្ដូរទស្សនកិច្ច និងជំនួបដោះស្រាយបញ្ហាជាក់ស្ដែងនានា។
Post a Comment