ព្រះរា​ជ​ពិធីបុណ្យ​សម្រាប់​ខួប២​០ឆ្នាំ​នៃព្រះមហាក្សត្រ​គ្រង​​រាជសម្បត្តិ

 នៅ​ថ្ងៃទី២៩ ខែតុលាឆ្នាំនេះ ជា​ខួប២០ឆ្នាំ​ព្រះមហាក្សត្រ នរោត្តម សីហមុនីឡើង​គ្រង​រាជសម្បត្តិ។រដ្ឋាភិបាល​បានប្រកាស​ប្រារព្ធ​រាជពិធី​បុណ្យ​អបអរសាទរ​ក្នុង​ទ្រង់ទ្រាយ​ធំ​ជាង​រាល់​ឆ្នាំ​នៅ​ទូទាំងប្រទេស​រយៈពេល៣ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី២៨ ដល់​ថ្ងៃទី៣០ ខែតុលា។

ព្រះមហាក្សត្រ ន​រោ​ត្ដម សីហមុនី ត្រូវ​ក្រុមប្រឹក្សា​រាជ​ស​ម្ប​តិ្ត​បោះឆ្នោត​ជ្រើសរើស​ជា​ឯកច្ឆន្ទ ជា​ព្រះមហាក្សត្រ​នៅ​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ហើយ​សម្រេចយក​ថ្ងៃទី២៩ ខែតុលា ជា​ទិវា​ប្រវត្តិសាស្ត្រ​នៃ​ការ​គ្រង​រាជសម្បត្តិ​របស់​ព្រះអង្គ។តាម​ប្រ​ទិ​តិ​ន​ប្រចាំឆ្នាំ២០២៤ រដ្ឋាភិបាល​អនុញ្ញាត​ម​ន្ត្រី​រាជការ បុគ្គលិក កម្មករ និយោជិត សិស្សានុសិស្ស​ទូទាំង​ប្រទេស​ឈប់សម្រាក​មួយថ្ងៃដើម្បី​ចូលរួម​អបអរ​ព្រះ​រាជពិធី​បុណ្យខួប២០ឆ្នាំ​ព្រះមហាក្សត្រ​ឡើង​គ្រង​រាជសម្បត្តិ​នៅ​ថ្ងៃទី២៩ ខែតុលា។គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ-អន្តរជាតិ​បាន​ប្រកាស​ពីថ្ងៃ​សៅរ៍​ថា ឆ្នាំនេះ​រដ្ឋាភិបាល​នឹង​រៀបចំ​ព្រះរាជ​ពិធី​ប​ណ្យ​ខួប២០ឆ្នាំ​នៃ​ការ​គ្រង​រាជសម្បត្តិ​ថ្វាយ​ព្រះអង្គ​ក្នុង​ទ្រង់ទ្រាយ​ធំ​ជាង​រាល់​ឆ្នាំ​តាម​ប្រពៃណី​ទំនៀមទម្លាប់​ជាតិ​និង​ប្រពៃណី​សាសនា។ព្រះ​រាជពិធី​បុណ្យខួប២០ឆ្នាំ​នៃ​ការ​គ្រង​រាជ​សម្បត្តិ ជា​ថ្ងៃ​ដែល​ប្រជារាស្ត្រ​ខ្មែរ​គ្រប់រូប​បាន​សម្ដែង​ឆន្ទៈ​និង​មនោសញ្ចេតនា​យ៉ាង​រូ​ករាយ​របស់ខ្លួន​ចំពោះ​ព្រះមហាក្សត្រ​ដែល​សព្វព្រះទ័យ​គ្រង​រាជសម្បត្តិ ដើម្បី​មាតុភូមិ​និង​ប្រជារាស្ត្រ។លោក ឈិន កេ​ត​នា អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ-អន្តរជាតិ បាន​ថ្លែងថា ព្រះ​រាជពិធី​បុណ្យខួប២០ឆ្នាំ​នៃ​ការ​គ្រង​រាជសម្បត្តិ​រយៈពេល​បី​ថ្ងៃ គឺមាន​ប្រារព្ធ​ព្រះរាជ​ពិធី​សាសនា​តាម​ព្រះ​រាជប្បវេណី​និង​ព្រះរាជ​ពី​ធី​ថ្វាយព្រះពរ​នៅ​ព្រះបរមរាជវាំង និង​ថ្ងៃ​ចុងក្រោយ​មាន​ពិធី​មិ​ទ្ទី​ញ​ពេល​ព្រឹក​នៅមុខ​ព្រះបរមរាជវាំង​ក្រោម​ព្រះរាជាធិបតី​របស់​ព្រះមហាក្សត្រ នរោត្តម សីហមុនី។លោក​បាន​និយាយថា ព្រះ​រាជពិធី​បុណ្យខួប​គ្រង​រាជសម្បត្តិ​ថ្វាយ​ព្រះមហាក្សត្រ​ឆ្នាំនេះ​មានការ​ចាត់​តាំង​អុជ​កាំជ្រួច​រយៈពេល៣យប់​នៅ​ម៉ោង​៩យប់ ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​ឱ្យ​ប្រព្រឹត្ត​ទៅ​ក្នុង​ទម្រង់​ជា​មហោឡារិក​ជាង​រាល់​ឆ្នាំ។ជាមួយគ្នា​នោះ គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ-អន្តរជាតិ​ណែនាំ​ដល់​ក្រសួង ស្ថាប័ន ក្រុមហ៊ុន សហគ្រាស និង​គ្រឹះស្ថាន​នានា​នៅ​ទូទាំងប្រទេស​រៀបចំ​តាំង​ព្រះឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​ដោយ​តុបតែង​លម្អ​បំភ្លឺ​ភ្លើងពណ៌ ពាក្យស្លោក​ថ្វាយព្រះពរ លិខិត​ថ្វាយព្រះពរ ព្រមទាំង​លើក​ទង​ជាតិ ទង់​សាសនា ទង់​ព្រះមហាក្សត្រ​នៅតាម​ក្រសួង​ស្ថាប័ន​ទាំងអស់។លោក វង់ សុធា​រ៉ា អ្នក​ជំនាញ​ប្រវត្តិសាស្ត្រ​ខ្មែរ បាន​មាន​ប្រសាសន៍ថា ព្រះមហាក្សត្រ គឺជា​ព្រះប្រមុខ​រដ្ឋ​ដែល​មាន​តួនាទី​ទទួល​ខុស​ត្រូវ​ច្រើន​ណាស់​ចំពោះ​ប្រទេសជាតិ។ ក្នុងនាម​ជា​ព្រះមហាក្សត្រ ព្រះអង្គ​ធានា​រាប់​ចាប់ពី​បញ្ហា​សង្គ្រាម សន្តិភាព លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស យុត្តិធម៌​សង្គម និង​អធិបតេយ្យភាព​ដែនដី​ជាដើម។លោក​បាន​មាន​ប្រសាសន៍​ថា៖ «រឿង​ធំជាង​គេ​របស់​ព្រះអង្គ គឺ​ធានា​ការឯកភាព​ជាតិ ព្រោះ​ព្រះមហាក្សត្រ​ជា​ឥស្សរជន​កំពូល​របស់​ជាតិ»។ព្រះរាជ​សកម្មភាព​ផ្សេងទៀត​របស់​ព្រះមហាក្សត្រ​ដែល​លោក​កត់សម្គាល់ឃើញ​ក្នុង​កិច្ចការ​មនុស្ស​ធម៌ ការ​ចុះ​សួរសុខទុក្ខ​ប្រជារាស្ត្រ និង​ការប​រិច្ចាគ​ថវិកា​ផ្ទាល់​របស់​ព្រះអង្គ​ក្នុង​វិស័យ​លុបបំបាត់​មីន​ពី​កម្ពុជា។លោក​បញ្ជាក់ថា៖ «ចំពោះ​កិច្ចការងារ​ខាង​មនុស្សធម៌​របស់​ព្រះមហាក្សត្រ​បច្ចុប្បន្ន គឺ​ដូចគ្នា​នឹង​តួនាទី​របស់​ព្រះមហាក្សត្រ​ពី​បុរាណ ដែល​យើង​តែងតែ​និយាយថា​ព្រះមហាក្សត្រ​ប្រកាន់ខ្ជាប់​ទសពិធរាជធម៌ ហើយ​នៅក្នុង​មាន​ទាំង​ការបរិច្ចាគ​ធនធាន​ផ្ទាល់​របស់​ព្រះអង្គ»។លោកថា ការប្រទាន​ព្រះរាជ​អំណោយ​ដែលជា​ព្រះរាជ​ទ្រព្យ​បន្តិចបន្តួច​របស់​ព្រះមហាក្សត្រ គឺជា​ព្រះរាជ​កាយវិកា​យ​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះអង្គ​ណាស់​ទៅហើយ។ ដ្បិតថា​ព្រះមហាក្សត្រ​បច្ចុប្បន្ន​មិនមាន​ព្រះរាជ​ទ្រព្យ​ស្ដុកស្ដម្ភ​ដូច​ព្រះមហាក្សត្រ​ដទៃ​នៅលើ​ពិភពលោក​ទេ ព្រោះ​មុន​ការជ្រើសតាំង​ជា​ព្រះមហាក្សត្រ​បន្ត​ពី​ព្រះបិតា ព្រះអង្គ​ក៏​ដូចនឹង​ប្រជា​រាស្ត្រសាមញ្ញ​ដែល​ធ្វើការ​ធម្មតា​ដើម្បី​ចិញ្ចឹម​ជីវភាព​របស់​ព្រះអង្គ​ដែរ៕​Khmer Times


Powered by Blogger.