ក្រសួងព័ត៌មានលើកទឹកចិត្តដល់សមាគមសារព័ត៌មានឱ្យបន្តបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពវិជ្ជាជីវៈដល់អ្នកសារព័ត៌មាន ដើម្បីឱ្យវិស័យសារព័ត៌មានកាន់តែមានគុណភាពខ្ពស់ហើយតាមរយៈការបណ្ដុះបណ្ដាលនេះអ្នកសារព័ត៌មានត្រូវអនុវត្តន៍នូវគោលការណ៍ ៣ជាសំខាន់ គោរពក្រមសីលធម៌ សរសេរព័ត៌មានពិតឈរលើប្រភព និងប្រកាន់គោលការណ៍បី ខ្លី ខ្លឹម ខ្លាំង។នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
|
|
ការបញ្ជាក់របស់លោកបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលពិសេស លើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះ គ្រប់គ្រងព័ត៌មានបែបឌីជីថល” រៀបចំឡើងដោយសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា សហការជាមួយសមាគមសារព័ត៌មានចំនួន៤ ដោយមានអ្នកសារព័ត៌មានចូលរួមសិក្សាចំនួន ៦៨៤នាក់ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ អគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា។លោក នេត្រ ភក្ដ្រា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមអ្នកសារព័ត៌មានដែលបានរួមកម្លាំងគ្នាក្នុងការបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្កើនសមត្ថភាពដល់អ្នកសារព័ត៌មានជិត ៧០០នាក់ តាមរយៈវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី «មូលដ្ឋានគ្រឹះ គ្រប់គ្រងព័ត៌មានបែបឌីជីថល»។លោកក៏បានរម្លឹកសូមឱ្យអ្នកសារព័ត៌មានយកចិត្តទុកដាក់ក្នុងការសរសេរអត្ថបទព័ត៌មានជាអក្សរខ្មែរឱ្យបានត្រឹមត្រូវតាម អក្ខរាវិរុទ្ធ ព្រោះថាបើសរសេរអក្សរខ្មែរមិនបានត្រឹមត្រូវហើយ ធ្វើឱ្យប៉ះពាល់ដល់អក្សរសាស្ត្រជាតិ ។លោកបានបញ្ជាក់ថា៖ «នៅពេលដែលយើងផ្សព្វផ្សាយចេញទៅដោយមិនពិនិត្យអក្ខរាវិរុទ្ធត្រឹមត្រូវ ក្មេងៗ និងអ្នកផ្សេងទៀតបើកមើលអត្ថបទនោះ ដែលបានរក្សាទុកនៅក្នុងទិន្នន័យរបស់Google នឹងធ្វើឱ្យមានការភ័ន្តច្រឡំជាក់ជាមិនខាន»។លោករដ្ឋមន្ដ្រីក៏បានរម្លឹកផងដែរពីប្រវត្តិសាស្ត្រទាក់ទងអ្វីទៅជាសង្គ្រាមឆ័ត្រ ដោយលោកបានបញ្ជាក់បន្ថែមថា៖ «បើគ្មានសង្គ្រាមឆ័ត្រទេពេលនេះប្រហែលជាយើងគ្មានថ្ងៃស្គាល់អក្សរខ្លួនឯងឡើយ»។ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែប ឌីជីថល” លោក ម៉េង សុភណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិកត្រូនិច MSJ បានធ្វើរបាយការណ៍បូកសរុបពីលទ្ធផលដែលសិក្ខាកាមទទួលបាននូវមេរៀន មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថលដែលជាការឆ្លើយតបយ៉ាងសំខាន់លើវិស័យព័ត៌មាន និងព័ត៌មានវិទ្យា លើការគ្រប់គ្រងសណ្តាប់ធ្នាប់ព័ត៌មាន និងបង្ហាញឱ្យឃើញពីទិដ្ឋភាពនៃការបញ្ចេញមតិ សិទ្ធិក្នុងការទទួលយកព័ត៌មាន ក្របខ័ណ្ឌច្បាប់ និងការផ្សព្វផ្សាយព័ត៌មានលើបណ្តាញឌីជីថល ។អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធប្រមាណជិត ៧០០នាក់ទទួលបានការបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែប ឌីជីថល” រយៈពេល២ថ្ងៃ ដោយបានយល់នូវដឹងពីមេរៀនទាក់ទងសណ្តាប់ធ្នាប់ព័ត៌មាន បែបឌីជីថល របៀបគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថល របៀបសរសេរអត្ថបទព័ត៌មាន និងមាតិកា ស្វែងយល់ពីពាក្យគន្លឹះក្នុងវិស័យបរិស្ថាន ពីក្របខ័ណ្ឌច្បាប់លើវិស័យព័ត៌មាន និងតុលាការ៕KhmerTimes
Post a Comment