ព្រះម​ហាក្សត្រ​តែង​តាំ​ង​រដ្ឋមន្ត្រីក្រសួង​ព្រះប​រមរាជ​វាំង​ថ្មី​

ព្រះមហាក្សត្រនរោត្តម សីហមុនី បានចេញ​ព្រះរាជក្រឹត្យ​តែងតាំង​លោក គុយ សុផល ជា​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង​ជំនួស​ពី​លោក គង់ សំអុល ដែល​បានទទួល​មរណភាព​ពី​ម្សិលមិញ។

សហការី
តាម​ព្រះរាជក្រឹត្យ​ពី​ម្សិលមិញ​បាន​បញ្ជាក់ថាការ​តែងតាំង​នេះ​ធ្វើ​ឡើង​តាម​សេចក្ដីស្នើ​បង្គំ​ថ្វាយ​របស់​សម្តេចហ៊ុន សែន ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ។ ជាមួយគ្នា​នោះ​ព្រះមហាក្សត្រ​ក៏បាន​ប្រោស​ព្រះរាជទាន​គោរមងារ “សម្ដេច​មហា​មន្ត្រី” ដល់​លោក គុយ សុផល ផងដែរ។ការ​តែងតាំង​និង​ប្រោស​ព្រះរាជទាន​គោរមងារ​នេះ បន្ទាប់​ពី​លោក​ឧបនាយក​រដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង គង់ សំអុល បានទទួល​មរណភាព​ក្នុង​អាយុ៩៤ឆ្នាំ​ដោយសារ​ជរាពាធ​នៅ​ថ្ងៃទី២ ខែកញ្ញា។ក្រសួងព្រះបរមរាជវាំង​បាន​ជូនដំណឹង​ពី​ម្សិលមិញ​ថា សព​របស់លោក​បាន​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​សាសនា​នៅ​គេហដ្ឋាន​ស្ថិតក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ៧មករា រាជធា​នី​ភ្នំ​ពេញ។តាម​ក្រសួងព្រះបរមរាជវាំង លោក គង់ សំអុល មាន​គោរមងារ​ជា “សម្តេចចៅហ្វា​វាំង វរ​រៀង​ជ័យ អធិបតី​ស្រឹង្គារ អធិបតី​ស្រឹង្គារ” និង​មាន​តួនាទី​ជា​សមាជិក​រដ្ឋសភា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ-អន្តរជាតិ និង​ជា​អនុប្រធាន​កាកបាទក្រហមកម្ពុជា។លោក ឡា​ច សុភាព រដ្ឋលេខាធិការ​ក្រសួង​ព្រះបរមរាជវាំង​បាន​បញ្ជាក់ថា ពិធី​បូជាសព​លោក គង់ សំអុល នឹង​រៀបចំ​ធ្វើ​នៅ​វត្ត​ជម្ពូ​វ័ន​ស្ថិតនៅ​សង្កាត់​ចោមចៅ៣ ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៦ ខែកញ្ញា។លោក គង់ សំអុល ជា​អ្នកនយោបាយ​ខ្មែរ​មួយរូប​ដែល​បាន​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ព្រះបរមរាជវាំង​ពី​ឆ្នាំ១៩៩៨ ​រហូត​ដល់​ឆ្នាំ២០២៤ ។ លោក​ធ្លាប់​ធ្វើជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ពី​ឆ្នាំ១៩៨៦ ដល់​ឆ្នាំ១៩៨៩។ លោក​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​បាន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​ខេត្តកំពង់ឆ្នាំង​ក្នុង​ឆ្នាំ២០០៣ ។ជាមួយនឹង​គ្នា​នេះ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា លោកស្រី ឃួន សុដា​រី ប្រធានរដ្ឋសភា និង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ព្រមទាំង​ក្រសួង​ស្ថាប័ន​ជាតិ​បាន​ផ្ញើ​សារ​ចូលរួម​រំលែក​មរណទុក្ខ​ជាមួយ​គ្រួសារ​សព​ដោយ​អាឡោះអាល័យ។សារ​ចូលរួម​រំលែក​មរណទុក្ខ​របស់សម្តេចហ៊ុន សែន បាន​សម្ដែង​សេចក្ដី​តក់ស្លុត​និង​រន្ធ​ចិត្តជា​ខ្លាំង​ពេល​បានទទួល​ដំណឹង​ថា លោក​ឧបនាយក​រដ្ឋ​និង​រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង គង់ សំអុល បានទទួល​មរណភាព។លោក​បាន​សម្ដែង​ការសោកស្ដាយ​ប្រកបដោយ​ក្ដី​សង្វេគ​ចំពោះ​មរណភាព​របស់លោក គង់ សំអុល ដែល​ជា​បុគ្គល​មាន​ព្រហ្ម​វិហារធម៌​ចំពោះ​គ្រួសារ ដែល​កន្លង​មក​លោក​បាន​ចិញ្ចឹម​បីបាច់​កូនចៅ​បាន​ក្លាយជា​បញ្ញវន្ត​និង​ធនធានមនុស្ស​ដ៏​មានតម្លៃ​សម្រាប់​សង្គមជាតិ។សម្តេច​បន្ថែមថា៖ «មរណភាព​របស់​ចៅ​ហ្វា​វាំង​ជា​ការបាត់បង់​ឥស្សរជន​និង​ថ្នាក់ដឹកនាំ​គំរូ​ដ៏​ឆ្នើម​មួយរូប​ដែល​ប្រ​កបដោយ​បញ្ញាញាណ ឆន្ទៈ មនសិការ​ជាតិ គតិបណ្ឌិត និង​បទពិសោធ​ខ្ពស់ ដែល​ក្នុង​មួយជីវិត​សម្ដេច​បាន​ពុះពារ​បាន​តស៊ូ​ពុះពារ​គ្រប់​ឧបសគ្គ ដើម្បី​ជាតិ និង​ប្រជាជន ពិសេស​ក្នុង​ការបម្រើ​ជាតិ សាសនា ព្រះមហាក្សត្រ»។សម្តេច​បន្ថែមថា លោក​តែងតែ​ដង្ហែ​តាម​ព្រះមហាក្សត្រ​និង​សម្ដេចម៉ែ​បានទទួល​ជោគជ័យ​ជាច្រើន​លើ​កិច្ចការ​ជាតិ​និង​អន្តរជាតិ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ ប្រជាជន និង​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង​និង​យ៉ាង​សកម្ម​ក្នុង​កិច្ចការ​មនុស្សធម៌​តាមរយៈ​ការបំពេញ​បេសកកម្ម​ជាមួយ​កាកបាទក្រហមកម្ពុជា។សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​សម្ដែង​សេចក្ដី​ក្ដុកក្ដួល​និង​សោកស្ដាយ​ឥតឧបមា​ពេល​បាន​ទទួល​ដំណឹង​ថា លោក គង់ សំអុល ឧបនាយក​រដ្ឋ​និង​រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង​បានទទួល​មរណភាព។សម្តេច​បាន​និយាយថា មរណភាព​របស់លោក គង់ សំអុល មិន​ត្រឹមតែ​ជាការ​បាត់បង់​ស្វាមី​ចំពោះ​ភរិយា​និង​ចំពោះ​កូនចៅ​ប៉ុណ្ណោះ​ទេ តែ​ជាការ​បាត់បង់​ឥស្សរជន​កម្ពុជា​ដ៏​ឆ្នើម​មួយរូប​ដែល​គួរ​គោរព​ស្ញប់ស្ញែង​ជាទីបំផុត។សម្តេច​បន្ថែមថា តាំងពីដើម​រៀងមក លោក​តែង​បាន​បូជា​កម្លាំង​កាយ កម្លាំង​ប្រាជ្ញា​ស្មារតី និង​ធ្វើ​ពលី​កម្ម​គ្រប់បែប​យ៉ាង ដើម្បី​បន្ត​ធានា​ការពារ​ឯករាជ្យ​ជាតិ អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី។សម្តេចបន្ថែមថា៖ «ការពារ​ដាច់ខាត​នូវ​រាជបល្ល័ង្ក​និង​របប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​នៅ​កម្ពុជា​ក្នុង​បុព្វហេតុ​ជាតិ សាសនា ព្រះមហាក្សត្រ និង​លើកស្ទួយ​កិត្តិយស​កិត្យានុភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ»៕Khmer Times

Powered by Blogger.