ពីម្សិលមិញនេះរដ្ឋាភិបាលបានអំពានាវប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋានចូលរួមប្រឆាំងជាដាច់ខាតចំពោះចេតនាបង្កចលាចលក្នុងសង្គមតាមរយៈព័ត៌មានប្រតិដ្ឋ ក្លែងបន្លំ និងញុះញង់ពលរដ្ឋឱ្យធ្វើសកម្មភាពបង្កអសន្ដិសុខបំផ្លាញសន្តិភាពនិងស្ថេរភាពសង្គម។
|
|
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពីម្សិលមិញបានចេញសារលិខិតសម្រាប់ទិវាសន្តិភាពអន្តរជាតិដែលប្រារព្ធធ្វើនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីបង្ហាញការប្ដេជ្ញារួមគ្នាទប់ស្កាត់និងបញ្ឈប់ជម្លោះប្រដាប់អាវុធ ព្រមទាំងការលើកគុណតម្លៃសន្តិភាព និងរំលឹកការប្រឹងប្រែងនានារហូតបានសម្រេចសន្ដិភាពនៅលើពិភពលោក។ទិវាសន្តិភាពអន្តរជាតិឆ្នាំនេះរៀបចំក្រោមប្រធានបទ «ការបណ្ដុះវប្បធម៌សន្តិភាព» ដែលឆ្លុះបញ្ចាំងពីសារៈសំខាន់ការបណ្ដុះស្មារតីនិងវប្បធម៌សន្តិភាពទៅកាន់សហគមន៍គ្រប់ជំនាន់តាមរយៈយន្តការអប់រំផ្លូវការនិងក្រៅផ្លូវការនានានៅក្នុងប្រទេសនីមួយៗលើពិភពលោក។សម្តេចហ៊ុន ម៉ាណែត បានបានរំលឹកពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រកម្ពុជាថា ប្រជាជាតិកម្ពុជាបានទទួលឯករាជ្យទាំងស្រុងពីអាណានិគមន៍បារាំងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ ក្រោយស្គាល់សន្តិភាពក្នុងរយៈពេលដ៏ខ្លី ប្រទេសកម្ពុជាបានធ្លាក់ភ្លើងសង្គ្រាមអំពើប្រល័យពូជសាសន៍ សោកនាដកម្ម និងការបែកបាក់គ្រួសារ ហើយរងទុក្ខវេទនារកទីបំផុតគ្មាន។ ជាភព្វសំណាងអតីតកាលដ៏លំបាករបស់ប្រជាជាតិបានបញ្ចប់ទាំងស្រុងនៅឆ្នាំ១៩៩៨ បន្ទាប់ពីការអនុវត្តជោគជ័យនូវគោលនយោបាយឈ្នះឈ្នះរបស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនាំមកវិញនូវសន្តិភាព ស្ថេរភាព ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង។សម្តេចបានថ្លែងថា ក្នុងនាមប្រទេសដែលធ្លាប់ឆ្លងកាត់សង្គ្រាមជាច្រើនទសវត្សរ៍ កម្ពុជាបានទទួលស្គាល់ពីសារៈសំខាន់សន្តិភាពនិងស្ថេរភាពដែលមិនអាចកាត់ថ្លៃបាន ព្រោះវាជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសនីមួយៗ ក៏ដូចជាសហគមន៍អន្តរជាតិជាតិ។សម្តេចបន្ថែមថា៖«បើគ្មានសន្តិភាពនិងស្ថេរភាពទេយើងក៏ពុំអាចសម្រេចនូវការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពដែរ»។សម្តេចបានគាំទ្រចំពោះការលើកឡើងរបស់លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិដែលបាននិយាយថា ពិភពលោកមួយដែលជាប់គាំងដោយជម្លោះ វិសមភាព និងការរើសអើង យើងត្រូវខិតខំបន្ថែមទៀត ដើម្បីលើកកម្ពស់ការសន្ទនា ការយោគយល់គ្នាទៅវិញទៅមក និងសិទ្ធិមនុស្សសម្រាប់ទាំងអស់គ្នា។ ស្ថិតក្នុងស្មារតីនេះ រដ្ឋាភិបាលនិងពលរដ្ឋកម្ពុជាមានឆន្ទៈមោះមុត ដើម្បីការពារនិងចូលរួមកសាងសន្តិភាពនិងស្ថេរភាពនៅក្នុងប្រទេស តំបន់ និងសាកលលោកគង់វង្សស្ថិតស្ថេរ។សម្តេចហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដើម្បីធានាសន្តិភាព រដ្ឋាភិបាលបានគិតគូរសុខមាលភាពប្រជាជនយ៉ាងហ្មត់ចត់។ បន្ថែមលើសពីនេះកម្ពុជាចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការរក្សាសន្តិភាពពិភពលោកក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ដើម្បីទប់ស្កាត់ជម្លោះប្រដាប់អាវុធនិងសង្គ្រាមនៅលើពិភពលោក។ចាប់តាំងពីឆ្នាំ២០០៦ដល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពចំនួន៩.៨១៩នាក់ទៅបំពេញបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងប្រទេសចំនួន១។សម្តេចសង្កត់ធ្ងន់ថា ដើម្បីបណ្ដុះវប្បធម៌សន្តិភាព រដ្ឋាភិបាលប្រឹងប្រែងដាក់ចេញគោលនយោបាយទទួលយកនិងដោះស្រាយរាល់សំណូមពររបស់ប្រជាជនដោយមិនប្រកាននិន្នាការនយោបាយ។ជាមួយនឹងគ្នានោះសម្តេចបានអំពាវនាវពលរដ្ឋចូលរួមប្រឆាំងព័ត៌មានមិនពិត ព័ត៌មានក្លែងបន្លំ និងព័ត៌មានញុះញង់ពលរដ្ឋបង្កអសន្តិភាព បំផ្លាញសន្តិភាព និងស្ថេរភាពសង្គម ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់ការបណ្ដុះវប្បធម៌សន្តិភាពនិងការអភិវឌ្ឍសង្គមជាតិ។សម្តេចបាននិយាយថា៖ «ផ្ទុយពីរាជរដ្ឋាភិបាល ក្រុមប្រឆាំងជ្រុលនិយមមួយចំនួនបានប្រតិដ្ឋព័ត៌មានក្នុងគោលបំណងញុះញង់ប្រជាពលរដ្ឋបង្កអសន្តិសុខនិងបំផ្លាញសន្តិភាពដែលប៉ះពាល់ដល់ការបណ្ដុះវប្បធម៌សន្តិភាពនិងសន្តិសុខរបស់ប្រទេស»។លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាយល់ថា ព័ត៌មានប្រតិដ្ឋពិតជាបានបំផ្លាញ់សន្តិភាព ស្ថេរភាព និងសណ្ដាប់ធ្នាប់សង្គមប្រាកដមែន ប្រសិនបើការទប់ស្កាត់គ្មានប្រសិទ្ធភាព។ វាមិនមែនតែកម្ពុជាទេ សូម្បីបដិវត្តពណ៌មួយចំនួននៅពិភពអារ៉ាប់ក៏ផ្ដើមចេញពីព័ត៌មានប្រតិដ្ឋដែរ។លោកកត់សម្គល់ថា ព័ត៌មានប្រតិដ្ឋខ្លះមានលក្ខណៈដូចព័ត៌មានពិត ហើយវាអាចបំផ្លាញប្រទេសមួយបានតាមរយៈការប្រតិដ្ឋព័ត៌មានដែលអ្នកនយោបាយមួយចំនួនលាក់របៀបវារៈនយោបាយច្បាស់លាស់របស់គេនៅពីក្រោយព័ត៌មានប្រតិដ្ឋទាំងអស់នោះ។ ការប្រតិដ្ឋព័ត៌មានបែបនេះក្នុងគោលបំណងបំផ្លាញស្ថេរភាព ហើយឆ្លៀតឱកាសដណ្ដើមអំណាចគ្រប់គ្រងប្រទេស។លោកបានមានប្រសាសន៍ថា៖ «ព័ត៌មានប្រតិដ្ឋមានច្រើនសណ្ឋានណាស់។ ព័ត៌មានប្រតិដ្ឋខ្លះ ពលរដ្ឋយើងពិបាកនឹងវែកញែកថាជាព័ត៌មានពិតឬមិនពិតណាស់។ ប៉ុន្តែការអំពាវនាវរបស់រាជរដ្ឋាភិបាលក្នុងឱកាសនេះដោយសារតែសង្គមយើងនាពេលបច្ចុប្បន្ននេះលង់ក្នុងព័ត៌មានមិនពិតរាប់ចាប់ពីរឿងតូចតាចរហូតដល់រឿងនយោបាយធំ»។លោកបានឧទាហរណ៍ថា ថ្មីៗនេះមានការប្រើប្រាស់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម ភ្ជាប់ជាមួយនឹងការកាត់ទឹកដីកម្ពុជាឱ្យវៀតណាម ដែលបង្កចលនាជាតិនិយមជ្រុលដែលនាំដល់ការបះបោល ប្រសិនបើរដ្ឋាភិបាលគ្មានវិធានការទប់ស្កាត់៕ Khmer Times
Post a Comment