ឯកអគ្គរដ្ឋទូតឡាវជឿជាក់ថាក្រសួងមហាផ្ទៃកម្ពុជានឹងបន្តជំរុញអាជ្ញាធរតាមបណ្តោយព្រំដែនរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមជូនប្រជាជននៃប្រទេសទាំងពីរ
ឯកឧត្ដម បួរកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋទូតឡាវ ប្រចាំកម្ពុជា បានថ្លែងអបអរសាទរចំពោះកិច្ចសហប្រតិបត្ដិការល្អរវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ និងបានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្រសួងមហាផ្ទៃកម្ពុជានឹងបន្តជំរុញគាំទ្រដល់អាជ្ញាធរពាក់ព័ន្ធនៅតាមបណ្ដាព្រំដែន ជួបប្រជុំគ្នាជាប្រចាំដើម្បីរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជននៃប្រទេសទាំងពីរ។ជាមួយគ្នានោះ ឯកឧត្ដមឯកអគ្គរដ្ឋទូតឡាវ ក៏បានបង្ហាញភាពជឿជាក់ខ្ពស់ថា ឯកឧត្ដមអភិសន្ដិបណ្ឌិតសសុខានឹងបន្ដចូលរួមគាំទ្រដល់កិច្ចសហប្រតិបត្ដិការទ្វេភាគីរវាងប្រទេសទាំងពីរ លើវិស័យពាណិជ្ជកម្ម ទេសចរណ៍ ឧក្រិដ្ឋកម្មឆ្លងដែនការជួញដូរមនុស្សនិងការជួញដូរគ្រឿងញៀនតាមបណ្ដាខេត្ដជាប់ព្រំដែន ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដាព្រំដែននៃប្រទេសទាំងពីរ។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី ទទួលបានការអនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។ជាការឆ្លើយតប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អ និងកិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងការជួយគាំទ្រគ្នាទៅវិញទៅមក ដោយឈរលើស្មារតីមិត្តភាព សាមគ្គីភាពដើម្បីបុព្វហេតុរួមនិងផលប្រយោជន៍ទៅវិញទៅមកសម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្តថា ភាពរឹងមាំនៃទំនាក់ទំនងទ្វេភាគីនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈការជួបប្រាស្រ័យនិងការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ រួមទាំងដំណើរទស្សនកិច្ចដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី២៥-២៦ ខែមីនា កន្លងទៅនៅរដ្ឋធានីវៀងចន្ទន៍ដែលបានឆ្លុះបញ្ចាំងពីស្មារតីនៃភាពជាអ្នកជិតខាងល្អព្រមទាំងពង្រឹងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងដើម្បីវឌ្ឍនភាព និងវិបុលភាព សម្រាប់ផលប្រយោជន៍របស់ប្រទេស និងប្រជាជនទាំងពីរ។
Post a Comment