IPAនិងអង្គការសមាគមចំនួន២០ប្រកាសគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម(CLV-DTA)
សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ហៅកាត់ថា IPA និងអង្គការ សមាគមចំនួន២០បានចេញសេចក្តីថ្លែងការណ៍ប្រកាសគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមគ្នារបស់សម្ព័ន្ធអង្គការ សមាគមទាំង២០ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។ក្នុងសេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំនិងសមាជិក សមាជិកានៃសម្ព័ន្ធអង្គការ សមាគម ចំនួន២០ស្ថាប័នបានតាមដានយ៉ាងចិត្តទុកដាក់ចំពោះដំណើរការ នៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បច្ចប្បន្នជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ យើងខ្ញុំសូមសម្តែងនូវការគោរពកោតសរសើរ និងស្ញប់ស្ញែងជាទីបំផុតចំពោះគំនិតប្រកបដោយឧត្តមគតិស្នេហាជាតិខ្ពស់ និងប្រកបដោយការគិតគូរយ៉ាងល្អិតល្អន់សម្រាប់ផលប្រយោជន៍សង្គមជាតិ ពិសេសខេត្តជាប់ព្រំដែនឡាវ និងវៀតណាម ក្នុងគោលដៅសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច ទេសចរណ៍ និងវិស័យ ដែលមានសក្តានុពលជាច្រើនផ្សេងទៀត ដូចជា៖ ការសម្របសម្រួលសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការធ្វើអាជីវកម្មលើសក្តានុពលកសិកម្ម ព្រៃឈើ និងទេសចរណ៍ ការកសាងធនធានមនុស្សសម្រាប់កសិកម្ម ទេសចរណ៍ ឧស្សាហកម្មពាក់ព័ន្ធ និងសិប្បកម្ម និងការសម្រួលដល់លំហូរទំនិញឆ្លងកាត់ព្រំដែន ប្រជាជន និងការវិនិយោគ រវាងប្រទេសទាំងបី “កម្ពុជា-ឡាវ-វៀតណាម” ក្នុងគោលដៅ នៃការបង្កើតនូវព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ។ សេចក្តីថ្លែងការណ៍ដដែល បានបន្តថា យើងខ្ញុំសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះដំណើរការនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម(CLV-DTA) ដើម្បីជំរុញឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។ ជាងនេះទៅទៀត តាមរយៈកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជិតខាង និងក្នុងតំបន់ ទាំងក្នុងបរិបទទ្វេភាគីនិងពហុភាគី ដោយមានការជឿជាក់ និងផ្តល់ទំនុកចិត្តបំផុតចំពោះរាជរដ្ឋាភិ- បាលបច្ចុប្បន្នដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងបរិបទនៃសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
Post a Comment