ព្រះមហាក្សត្រប្រទានអំណោយឲ្យសិល្បករចាស់ជរា
នាព្រឹកថ្ងៃទី២ខែសីហាឆ្នាំ២០២៤នេះព្រះមហាក្សត្រនរោត្តម សីហមុនី បានយាងប្រោសប្រទានព្រះរាជអំណោយជូនព្រឹទ្ធាចារ្យមរតកមនុស្សរស់ វីរសិល្បករ សិល្បករ និងសិប្បករ សរុបចំនួន ៥០៥នាក់ ដែលមានជីវភាពខ្វះខាតក្រីក្រនិងចាស់ជរា។
ព្រះរាជពិធីប្រោសប្រទានព្រះរាជអំណោយដល់សិល្បករ សិល្បការិនី និងសិប្បករ រៀបចំធ្វើឡើងនៅកោះនរា ក្រោមកិច្ចសហការរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សមាគមសិល្បករខ្មែរ និងក្រុមហ៊ុនឯកជនមួយ។នាឱកាសនោះ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្តែងនូវអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតចំពោះទឹកព្រះទ័យដ៏ថ្លៃថ្លា និងការយកព្រះទ័យទុកដាក់ចំពោះសិល្បៈវប្បធម៌ ជាពិសេសពីជីវភាពសិល្បករ សិល្បការិនី និងសិប្បករ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។លោកស្រីបន្តថា ព្រះរាជសកម្មភាពដ៏ឧត្តុងឧត្តម របស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង គឺជាការលើកទឹកចិត្ត និងជាកម្លាំងចិត្តដ៏ធំធេងសម្រាប់សិល្បករ សិល្បការិនី ក៏ដូចជាមន្រ្តីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងការបន្តជំរុញការថែរក្សាការពារ និងបណ្តុះបណ្តាលសិល្បៈវប្បធម៌ដល់យុវជនជំនាន់ក្រោយ៕
Post a Comment