ឯកឧត្តមអភិ​សន្តិបណ្ឌិតស សុខាចេញ​សារច្រានចោលព័ត៌​មានក្លែងក្លាយ​និងប្រឆាំងដាច់ខា​តរាល់ការប៉ុនប៉ងបំ​ផ្លាញសុខ​សន្តិភាព

នាយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញសារច្រានចោលព័ត៌មានក្លែងក្លាយ និងប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងបំផ្លាញសុខសន្តិភាព ដែលមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖ ថ្មីៗនេះ មានជនមួយចំនួនតូច ដែលកំពុងជ្រុលខ្លួនប៉ុនប៉ងបំផ្លាញជាតិឯងបានព្យាយាមបង្កើតព័ត៌មានក្លែងក្លាយជាបន្តបន្ទាប់ដើម្បីឈានទៅសម្រេចផែនការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយក្នុងនោះ ក៏មានអ្នកយកសារសំឡេងខ្ញុំទៅបម្លែង និងផ្សព្វផ្សាយខុសពីការពិតថាខ្ញុំជាអ្នកគាំទ្រទង្វើប្រាសចាកពីច្បាប់របស់ពួកគេ។

នេះជាអំពើទុច្ចរិតថ្មីមួយទៀតដែលពួកគេបន្តប្រព្រឹត្តដោយមិនអៀនខ្មាស់និងដោយគ្មានគិតពីសេចក្ដីសុខរបស់ប្រជាជនជាង១៧លាននាក់នៅមាតុប្រទេស។ទន្ទឹមនឹងច្រានចោលព័ត៌មានក្លែងក្លាយដូចបានបញ្ជាក់មកនេះ ខ្ញុំក៏សូមផ្ញើសារដាស់តឿនទៅកាន់ជនរួមជាតិមួយចំនួនតូច ដែលកំពុងងប់ជ្រុលខ្លួនលុះដោយមនោគមវិជ្ជាបំផ្លាញជាតិសូមមានការភ្ញាក់រលឹកនិងដកខ្លួនចេញជាបន្ទាន់ពីក្រុមអគតិមួយក្ដាប់តូចដែលកំពុងអុចអាលបងប្អូនពីក្រៅប្រទេសដែលទីបំផុតគឺបងប្អូនទៅវិញទេ ដែលជាអ្នកប្រឈមនឹងចំណាត់ការច្បាប់។ប្រសិនបើជ្រុលខ្លួនប្រព្រឹត្តតាមការបំពងសំឡេងរបស់ជនទាំងនោះ។ខ្ញុំសូមបញ្ជាក់ថាជូនថា ថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ រួមទាំងរូបខ្ញុំ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ គឺពួកយើងប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងណាមួយដើម្បីបំផ្លាញសុខសន្តិភាព។យើងគ្មានជម្រើសអ្វីក្រៅពីការអនុវត្តច្បាប់ ដោយស្រាវជ្រាវ ចាប់ខ្លួន និងបញ្ជូនរាល់ជនល្មើសទៅកាន់ស្ថាប័នតុលាការដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់នោះឡើយ៕






Powered by Blogger.