ស្ថានទោសរប​ស់សកម្មភាពបាតុកម្មបះ​បោរផ្តួលរំលំរា​ជរដ្ឋាភិបាល

ដោយសង្កេតឃើញថាផែនការអូសទាញប្រមូលប្រជាជនក្នុងស្រុកដើម្បីធ្វើបាតុកម្មប្រឆាំងនឹងគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាមពុំមែនធ្វើឡើងដើម្បីជាការសម្តែងមតិតាមច្បាប់នោះទេ។ប៉ុន្តែគឺជាផែនការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈការប្រើប្រាស់នូវវិធីញុះញង់អុជអាល បំផុសបំផុល និងការប្រើឧបាយកលនយោបាយបោកបញ្ឆោតអូសទាញប្រមូលកម្លាំងប្រជាជនស្លូតត្រង់ឱ្យធ្វើបាតុកម្មបះបោរផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។បើតាមសេចក្តីថ្លែងការរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌កាលពីថ្ងៃទី១៣សីហាឆ្នាំ ២០២៤ បានបង្ហាញអំពីទិដ្ឋភាពច្បាប់ ដែលត្រូវអនុវត្តចំពោះករណីផែនការបដិវត្តន៍ពណ៌ខាងលើ ជាពិសេស ចំពោះមេខ្លោងដឹកនាំ អនុវត្តផែនការនេះ ដូចតទៅ ៖

ទី១-ផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ដើម្បីដណ្តើមអំណាច តាមមធ្យោបាយក្រៅពីការបោះឆ្នោត តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ ជាតិ និងច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា គឺជាបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសក្រោម "បទល្មើសឧបឃាត" តាមបញ្ញត្តិមាត្រា ៤៥១ និងមាត្រា ៤៥២ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ ហើយប្រសិនបើជនល្មើសជាអ្នករាជការសាធារណៈ ទោសសម្រាប់ "បទល្មើសឧបឃាត" នេះ ត្រូវ ដាក់ពន្ធនាគារអស់មួយជីវិត។២- ចំពោះរាល់បុគ្គលទាំងឡាយដែលចូលរួមនៅក្នុងគម្រោងនេះ ត្រូវជាប់ទោសពី "បទល្មើស រួមគំនិតក្បត់" ដែលជាបទឧក្រិដ្ឋមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ហើយទោសនេះ ត្រូវបន្ថែមស្ថានទម្ងន់ទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ ២០ឆ្នាំ ប្រសិនបើជនល្មើស គឺជាអ្នករាជការសាធារណៈ។ ដោយឡែក ចំពោះបុគ្គលណាដែលបានចូលរួមក្នុងអំពើ រួមគំនិតក្បត់ខាងលើ បង្ក្រាបបទល្មើសនេះ ហើយបុគ្គលនោះបានសារភាពចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច និងសហការឈានទៅ នឹងត្រូវទទួលបានការលើកលែងឱ្យរួចផុតពីការទទួលទោស ដោយអនុលោមតាមបញ្ញត្តិ មាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ទី៣- ផែនការនៃការប្រឆាំងនឹងសន្តិសុខជាតិខាងលើ មិនត្រឹមតែខុសទៅនឹងក្រមព្រហ្មទណ្ឌនៃ ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ ក៏អាចខុសផងដែរ ទៅនឹងច្បាប់ស្តីពីការប្រឆាំងនឹងភេរវកម្ម និង បទប្បញ្ញត្តិជាធរមាន អាស្រ័យទៅតាមករណីប្រព្រឹត្តជាក់ស្តែងនីមួយៗ។ការបង្ហាញ២ស្ថានទោសរបស់សកម្មភាពបាតុកម្មបះបោរផ្តួលរំលំរាជរដ្ឋាភិបាលនេះ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំង បានអូសទាញយុវជននៅក្រៅប្រទេសអោយធ្វើបាតុកម្ម និងកំពុងអូសទាញប្រជាជនក្នុងស្រុកអោយគាំទ្រចលនាបដិវត្តន៍ពណ៌ដែលធ្វើឡើងដើម្បីបំផ្លាញសន្តិភាពរបស់ប្រទេសជាតិ ៕

Powered by Blogger.