អង់គ្លេសបារាំងនិងអាល្លឺម៉ង់បានព្រមានអ៊ីរ៉ង់ហើយហេសបូឡាបានប្រកាសបំផ្លាញឧបករណ៍ចារកម្មអ៊ីស្រាអែល
អង់គ្លេសបារាំង និងអាល្លឺម៉ង់ទើបតែបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយព្រមានអ៊ីរ៉ង់ឱ្យទទួលខុសត្រូវទាំងស្រុងចំពោះការគំរាមកំហែងសន្តិភាពនៅមជ្ឈិមបូព៌ា។ប្រសិនបើខ្លួនវាយប្រហារអ៊ីស្រាអែល។នៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេកាលពីថ្ងៃទី១១ខែសីហាមហាអំណាចទាំង៣បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងនៃភាពតានតឹងនៅក្នុងតំបន់ ហើយបានសន្យាថានឹងគាំទ្រដល់ការបន្ថយការកើនឡើង និងស្ថិរភាពក្នុងតំបន់។កាសែត The Times of Israel បានដកស្រង់សេចក្តីថ្លែងការណ៍រួមរបស់អង់គ្លេសបារាំង និងអាល្លឺម៉ង់ ដោយសង្កត់ធ្ងន់ថា៖«ក្នុងបរិបទនេះ យើងសូមអំពាវនាវដល់អ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួនជៀសវាងការវាយប្រហារដែលអាចបង្កើនភាពតានតឹងក្នុងតំបន់និងបង្កគ្រោះថ្នាក់ដល់ឱកាសនៃការយល់ព្រមលើបទឈប់បាញ់ និងដោះលែងចំណាប់ខ្មាំង។ប្រសិនបើខ្លួនធ្វើសកម្មភាព អ៊ីរ៉ង់នឹងទទួលខុសត្រូវចំពោះសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់ឱកាសសន្តិភាព និងស្ថិរភាព»។សេចក្តីថ្លែងការណ៍បានសន្និដ្ឋានថាគ្មានប្រទេស ឬប្រជាជនណាមួយអាចទទួលបានអត្ថប្រយោជន៍ពីការកើនឡើងបន្ថែមទៀតនៃភាពតានតឹងនៅមជ្ឈិមបូព៌ានោះទេ។
យោងតាមទីភ្នាក់ងារសារព័ត៌មានAljazeeraនៅក្នុងសារថ្មីមួយដែលបានបង្ហោះនៅលើបណ្តាញTelegram ក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់ ហេសបូឡានៅក្នុងប្រទេសលីបង់បានប្រកាសថាខ្លួនបានកំណត់គោលដៅឧបករណ៍ឃ្លាំមើលនៅឯមូលដ្ឋានយោធាអ៊ីស្រាអែលនៅជិតទីក្រុង Metula ភាគខាងជើង។ក្រុមហេសបូឡា បាននិយាយថា ការវាយប្រហារបានកើតឡើងនៅម៉ោង៨និង៤០ នាទីព្រឹក ម៉ោងក្នុងស្រុក (ម៉ោង១២និង៥០នាទីយប់ ម៉ោងនៅប្រទេសកម្ពុជា) នៅថ្ងៃទី ១២ ខែសីហា ហើយក្រុមនេះបានបំផ្លាញគោលដៅដោយជោគជ័យ។មន្ត្រីអ៊ីស្រាអែលមិនទាន់ធ្វើអត្ថាធិប្បាយជុំវិញព័ត៌មានខាងលើនេះនៅឡើយទេ។ទោះបីជាយ៉ាងណាក៏ដោយ កងកម្លាំងការពារអ៊ីស្រាអែល (IDF) ធ្លាប់បានរាយការណ៍ថាមីស៊ីលចំនួន៣០ត្រូវបានបាញ់ចេញពីប្រទេសលីបង់ ឆ្ពោះទៅភាគខាងជើងនៃប្រទេសពេញមួយយប់។ គ្រាប់មីស៊ីលជាច្រើនគ្រាប់នោះបានធ្លាក់ក្នុងតំបន់ហើយមិនបណ្តាលឲ្យមានអ្នករងរបួសឡើយ។ ក្រុមហេសបូឡាបានអះអាងទទួលខុសត្រូវចំពោះការបាញ់មីស៊ីលជាបន្តបន្ទាប់ហើយបានបង្ហើបថាគោលដៅនៃការវាយឆ្មក់នោះគឺជាមូលដ្ឋានយោធារបស់អ៊ីស្រាអែល។ការអភិវឌ្ឍន៍នេះបានកើតឡើងចំពេលមានការព្រួយបារម្ភអំពីហានិភ័យដែលអ៊ីរ៉ង់និងក្រុមប្រដាប់អាវុធគាំទ្រក្រុងតេអេរ៉ង់អាចវាយប្រហារអ៊ីស្រាអែល ដែលនាំឱ្យមានជម្លោះដ៏ធំនៅក្នុងតំបន់។ ទីក្រុង Tel Aviv បានបង្ហើបថាខ្លួនបានត្រៀមខ្លួនជាស្រេចសម្រាប់ហានិភ័យនៃការវាយប្រហារដោយកងកម្លាំងអ៊ីរ៉ង់។អាមេរិកបានសន្យាការពារអ៊ីស្រាអែល ហើយបានបញ្ជូននាវាចម្បាំងនិងនាវាមុជទឹកបន្ថែមទៀតទៅកាន់តំបន់នោះ៕
Post a Comment