សម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រធានគណបក្សប្រជាជនកម្ពុជា កាលពីម្សិលមិញ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធលោក ង្វៀន ហ្វូជុង (Nguyen Phu Trong) អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម ដែលបានទទួលមរណភាពក្នុងជន្មាយុ៨០ឆ្នាំ កាលពីថ្ងៃទី១៩ ខែកក្កដា នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ក្នុងពិធីគោរពវិញ្ញាណក្ខន្ធជាតិសម្តេចហ៊ុន សែន បានដាក់កម្រងផ្កានិងអុជធូបសម្រាប់ពិធីចុងក្រោយ និងគោរពវិញ្ញាណក្ខន្ធលោក ង្វៀន ហ្វូជុង ដែលនឹងត្រូវបញ្ចុះនៅទីបញ្ចុះសពជាតិ។ក្នុងដំណើរទស្សនកិច្ចនេះសម្តេចហ៊ុន សែន បានជួបពិភាក្សាជាមួយលោក តូ ឡាំ ប្រធានាធិបតីវៀតណាម ដោយ លោក តូ ឡាំ បានថ្លែងអំណរគុណដល់សម្តេចហ៊ុន សែន ដែលបានចំណាយពេលវេលាអញ្ជើញគោរពវិញ្ញាណក្ខន្ធលោក ង្វៀន ហ្វូជុង។
|
|
លោក តូ ឡាំ សន្យាបន្តការងាររបស់អគ្គលេខាធិការក្នុងការកសាងប្រទេសជាតិក៏ដូចជាការកសាងទំនាក់ទំនងមិត្តភាពជាអ្នកជិតខាងល្អរវាងកម្ពុជានិងវៀតណាម និងពង្រឹងទំនាក់ទំនងបន្ថែមទៀតសម្រាប់មនុស្សជំនាន់ថ្មី។លោកបានថ្លែងអំណរព្រះគុណដល់ព្រះមហាក្សត្រ នរោត្តម សីហមុនី អរគុណដល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំគ្រប់ស្ថាប័ននៃប្រទេសកម្ពុជា ដែលបានផ្ញើសាររំលែកទុក្ខដល់ថ្នាក់ដឹកនាំវៀតណាម។ក្នុងនាមជាប្រធានរដ្ឋថ្មីនៃប្រទេសវៀតណាម លោកបានមានប្រសាសន៍ថា លោកនឹងបន្តធ្វើឱ្យការងាររបស់បក្សនិងរដ្ឋនៃប្រទេសទាំងពីរកាន់តែរឹងមាំក្នុងរយៈពេលវែង។លោកបន្តថា តាមរយៈនោះ ភាគីទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទាំងពីរ និងអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់អនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបន្សល់ទុកដោយមេដឹកនាំជំនាន់មុនៗ។មេដឹកនាំជាន់ខ្ពស់នៃបណ្តាប្រទេសអាស៊ានបានចេញសាររំលែកទុក្ខចំពោះមរណភាពរបស់លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមកាលពីថ្ងៃពុធ។សាររំលែកទុក្ខនោះមានខ្លឹមសារថា “យើងមានក្តីសោកស្ដាយយ៉ាងក្រៃលែង ដែលបានទទួលដំណឹងពីមរណភាពរបស់ ឯកឧត្តម Nguyen Phu Trong ក្នុងឱកាសកាន់ទុក្ខនៅទូទាំងប្រទេស យើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងអស់ពីដួងចិត្តបំផុតចំពោះក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់របស់ លោក Trong ក៏ដូចជារដ្ឋាភិបាល និងប្រជាជនវៀតណាម”។“ការដឹកនាំ និងការបម្រើពេញមួយជីវិតរបស់លោក Trong ចំពោះប្រជាជន និងប្រទេសវៀតណាម នឹងត្រូវបានចងចាំយ៉ាងជ្រាលជ្រៅ ហើយការរួមចំណែករបស់លោកចំពោះសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ នឹងក្លាយជាមរតកដែលមិនអាចកាត់ថ្លៃបាន និងយូរអង្វែង”។យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) លោក Trong គឺជាអ្នកនយោបាយវៀតណាម និងជាអ្នកទ្រឹស្តីកុម្មុយនិស្ត ដែលបានបម្រើការជាអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមពីឆ្នាំ២០១១ រហូតដល់គាត់បានទទួលមរណភាពនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ក្នុងនាមជាប្រធានលេខាធិការដ្ឋាន ការិយាល័យនយោបាយ និងគណៈកម្មាធិការយោធាមជ្ឈិមបក្ស លោក Trong គឺជាមេដឹកនាំដ៏សំខាន់របស់វៀតណាម។ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ លោកក៏បានបម្រើការក្នុងពេលដំណាលគ្នាជាប្រធានរដ្ឋវៀតណាមផងដែរ។ជាអ្នកអភិរក្សនិយមលទ្ធិម៉ាក្ស-លេនីននិយម លោក Trong បានចូលរួមជាមួយបក្សកុម្មុយនិស្តវៀតណាមក្នុងឆ្នាំ១៩៦៨ ហើយបានឡើងឋានៈតាមរយៈការលះបង់របស់លោកចំពោះការងារនយោបាយ។ក្រោយមកលោកបានចូលជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សក្នុងឆ្នាំ១៩៩៤ ការិយាល័យនយោបាយនៅឆ្នាំ១៩៩៧ និងរដ្ឋសភាវៀតណាមក្នុងឆ្នាំ២០០២។ចន្លោះឆ្នាំ ២០០០ ដល់ ឆ្នាំ២០០៦ លោកគឺជាលេខាបក្សប្រចាំទីក្រុងហាណូយ ដែលជាតំណែងដែលមានឥទ្ធិពលបំផុតក្នុងទីក្រុង។ លោកបានធ្វើជាប្រធានរដ្ឋសភាពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០១១។លោក Trong បានឡើងកាន់តំណែងជាអគ្គលេខាធិការនៅក្នុងសមាជជាតិលើកទី១១ របស់គណបក្សក្នុងឆ្នាំ២០១១ ហើយត្រូវបានជាប់ឆ្នោតម្តងទៀតនៅក្នុងសមាជជាតិលើកទី១២ ក្នុងឆ្នាំ២០១៦។លោកបានក្លាយជាប្រធានរដ្ឋក្នុងឆ្នាំ២០១៨ បន្ទាប់ពីមរណភាពរបស់ប្រធានរដ្ឋ Tran Dai Quang ដោយបានក្លាយជាបុគ្គលទី៣ដែលដឹកនាំបក្ស និងរដ្ឋក្នុងពេលដំណាលគ្នា បន្ទាប់ពីលោក ហូជីមិញ និង លោក Truong Chinh។នៅមហាសន្និបាតជាតិលើកទី១៣ ក្នុងឆ្នាំ២០២១ លោកបានជាប់ឆ្នោតជាអគ្គលេខាធិការសារជាថ្មី ក្លាយជាមេដឹកនាំទីបីរបស់វៀតណាម ដើម្បីបំពេញការងារអាណត្តិទី៣ (បន្ទាប់ពីលោក ហូជីមិញ និងលោក Le Duan) ហើយត្រូវបានបន្តដោយលោក Nguyen Xuan Phuc ជាប្រធាន។ក្នុងអំឡុងពេលកាន់តំណែងរបស់គាត់ លោក Trong បានបន្តយុទ្ធនាការប្រឆាំងអំពើពុករលួយយ៉ាងទូលំទូលាយ ដែលជាប់ពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់ជាច្រើនដល់កម្រិតដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រនយោបាយវៀតណាម។គោលនយោបាយការបរទេសរបស់លោក ដែលត្រូវបានគេស្គាល់ថាជា “ការទូតឫស្សី” បានព្យាយាមធ្វើឱ្យទំនាក់ទំនងរបស់វៀតណាមមានតុល្យភាពជាមួយសហរដ្ឋអាមេរិក និងចិន។ ក្នុងអាណត្តិរបស់លោក គេឃើញមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។ លោក Trong ត្រូវបានគេចាត់ទុកថាជាមេដឹកនាំវៀតណាមម្នាក់ដែលមានឥទ្ធិពលបំផុតបន្ទាប់ពីលោក ហូជីមិញ៕
Post a Comment