លោកModi​បាន​និយាយ​ថាទំ​នាក់ទំនងរុស្ស៊ី-ឥណ្ឌាតែង​តែ​មាន​ភាពកក់ក្តៅ​និងគាំទ្រកិច្ចព្រ​មព្រៀងសន្តិភា​ព​​នៅអ៊ុយក្រែន


ដោយ៖ពុតសាម៉ាត់

នាយករដ្ឋមន្ត្រីModiបានហៅរុស្ស៊ីថាជា"មិត្តពិតរបស់ឥណ្ឌា" ហើយបានអះអាងថាញូវដែលីតែងតែគាំទ្រការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាអ៊ុយក្រែន។

ប្រធានាធិបតីរុស្ស៊ី លោកVladimir Putinនិងនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi។ រូបថត៖ X
យោងតាមTASSកាលពីថ្ងៃទី៩ខែកក្កដា នាយករដ្ឋមន្ត្រីឥណ្ឌាNarendraModiបានបញ្ចប់ជាផ្លូវការនូវដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃរបស់លោកទៅកាន់ប្រទេសរុស្ស៊ី។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក Modi បាន​ជួប​ពិភាក្សា​ថ្នាក់​ខ្ពស់​ជាមួយ​លោក​ប្រធានាធិបតី Putin ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត។លោក Modi បាននិយាយថា "ចំណាប់អារម្មណ៍ដំបូងរបស់ប្រជាជនឥណ្ឌាចំពោះរុស្ស៊ីគឺជាការគាំទ្ររបស់ខ្លួនក្នុងគ្រប់ស្ថានភាពទាំងអស់។រុស្ស៊ីគឺជាមិត្តពិតរបស់ឥណ្ឌា។ ទោះបីជាពេលខ្លះសីតុណ្ហភាពនៅក្នុងប្រទេសរុស្ស៊ីធ្លាក់ចុះក្រោម 0 អង្សាសេក៏ដោយទំនាក់ទំនងរវាងទីក្រុងញូដេលីនិងម៉ូស្គូតែងតែមានភាពកក់ក្តៅ"។សេចក្តីប្រកាសជាផ្លូវការរបស់វិមានក្រឹមឡាំងបាននិយាយថា រុស្ស៊ី និងឥណ្ឌាបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន១៥ បន្ទាប់ពីជំនួបរវាងមេដឹកនាំទាំងពីរ។ក្រៅពីនេះនៅមានអនុស្សរណៈនៃការយោគយល់គ្នាជាច្រើនរវាងក្រសួងនិងសាខានៃប្រទេសទាំងពីរ។ក្នុងជំនួបជាមួយប្រធានាធិបតីPutin នាយករដ្ឋមន្ត្រីModiក៏បានអះអាងដែរថា ជម្លោះសកលទាំងអស់អាចដោះស្រាយបានតែតាមរយៈការសន្ទនា ហើយឥណ្ឌាបានត្រៀមខ្លួនរួចជាស្រេចដើម្បីរួមចំណែកដល់ដំណើរការកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន។"យើងនឹងផ្តល់ការគាំទ្រដែលអាចធ្វើទៅបានដើម្បីដោះស្រាយជម្លោះអ៊ុយក្រែន។នៅពេលដែលជម្លោះដំបូងបានផ្ទុះឡើង មាននិស្សិតឥណ្ឌាមួយចំនួនបានជាប់នៅក្នុងតំបន់ប្រយុទ្ធ ហើយរុស្ស៊ីបានជួយជម្លៀសពួកគេទៅកាន់កន្លែងមានសុវត្ថិភាពទាំងស្រុង" លោកបាននិយាយ។ខាងភាគីរុស្ស៊ី លោកប្រធានាធិបតីPutin បានថ្លែងអំណរគុណចំពោះលោកModiចំពោះការខិតខំប្រឹងប្រែងរបស់លោកក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិអ៊ុយក្រែន។ ម្ចាស់វិមានក្រឹមឡាំងក៏បានសម្តែងទំនុកចិត្តថារុស្ស៊ីនិងឥណ្ឌានឹងបន្តរក្សាភាពជាដៃគូយុទ្ធសាស្ត្រនាពេលអនាគត៕


Powered by Blogger.